​សិក្សា​បាន​​​​បាក់ឌុប​​ទៅ​ហើយ​ មិន​ចាប់​យក​ថ្នាក់​បរិញ្ញាបត្រ​បន្ត​​ ​បែរ​ជា​​ស្រវា​យក​​ជំនាញ​ជាង​កាត់​ដេរ​សំលៀកបំពាក់ ​តែ​បច្ចុប្បន្ន​​ យុវជន​ដែល​​មាន​​អាយុ​ទើប​​១៩​ឆ្នាំ​​រូប​នេះ​ រក​ប្រាក់​​​ចំណេញ​បាន​៧០០​ដុល្លារមួយ​ខែ​​ឯណោះ​​ ព្រម​ទាំង​​​​មាន​មហិច្ឆតា​ចង់​ពង្រីក​ហាង​ឲ្យ​បាន​កាន់​តែ​ធំ​។

កំពុង​​បញ្ជា​​ម៉ាស៊ីន​ដេរ​​​យ៉ាង​ញាប់ដៃញាប់ជើង​ ក្នុង​​តូប​កាត់​ដេរ​មួយ​ ទល់​មុខ​ផ្លូវភ្លោះ​អូរឬស្សី យុវជន​ គង់ សុធារិទ្ធ អាយុ​១៩​ឆ្នាំ​ ដែល​បាន​បញ្ចប់​សញ្ញាប័ត្រ​បាក់ឌុប​នៅ​វិទ្យាល័យ​សន្ធរម៉ុក ​បាន​ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​ខ្លួន​ចាប់​អាជីព​ជា​​ជាង​កាត់​ដេរ តែ​មិន​ចាប់​យក​ការ​សិក្សា​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ថា ដោយសារ​ខ្លួន​​គិត​ឃើញ​ថា ​ពេល​រៀន​បរិញ្ញាបត្រ​ចប់​ ក៏​មិន​ដឹង​ថា​អាច​រក​ការងារ​ធ្វើ​បាន ​ឬ​អត់ ព្រោះ​​កន្លង​មក​ ធ្លាប់​ឃើញ​​យុវជន​មួយ​ចំនួន​​នៅ​ជិត​ខាង​ រៀន​ចប់​ហើយ​អត់​មាន​ការងារ​ធ្វើ​​​ទេ។ ម្យ៉ាង​ទៀត ដោយសារ​ខ្លួន​មាន​ឌុង​ខាង​​ហ្នឹង​​ស្រាប់​ ក៏​រៀន​កាត់​ដេរ​តែ​ម្ដង​ទៅ​។

ធារិទ្ធ​ បាន​បន្ថែម​ថា ​ខ្លួន​រៀន​កាត់​ដេរ​បាន​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ ​ក៏​​​អាច​ធ្វើ​ជា​មេ​ជាង​ដោយ​ខ្លួន​ឯងបាន​ ដោយសារ​ខ្លួន​ហ៊ាន​​ប្រថុយ​ច្នៃប្រឌិតម៉ូដ​ផ្សេង​ៗ​​ លើស​ពី​អ្វី​ដែល​គ្រូ​បាន​បង្រៀន​ ​ទើប​​រហ័ស​ចេះ​​ដូច្នេះ​។ មក​ដល់​បច្ចុប្បន្ន​នេះ​ ធារិទ្ធ​ បាន​ទទួល​កូន​ជាង​ចំនួន​៤​នាក់​ហើយ ​ដែល​បាន​មក​រៀន​កាត់​ដេរ​ជាមួយ​ខ្លួន​។

ធារិទ្ធ​បាន​រៀបរាប់​ពី​ចំណូល​កម្រៃ​របស់​ខ្លួន​ថា ក្នុង​អាវ ​ឬ​ខោ​​មួយ​ ទទួល​បាន​​ថ្លៃ​ឈ្នួល​៤ដុល្លារ ប៉ុន្តែ​តម្លៃ​នេះ​ត្រូវ​កាត់​​ទៅ​លើ​ឈ្នួល​ជាង​តម្លៃ​២​ដុល្លារ និង​ចែក​ជាមួយ​ម្ចាស់​តូប​មួយ​អាវ​២៥០០​រៀល​ ដូច្នេះ​ក្នុង​អាវ​១​ សល់​តែ​១​ដុល្លារ​​កន្លះ​ប៉ុណ្ណោះ ប៉ុន្តែ​ខែ​បុណ្យ​ទាន​ដាច់​ខ្លាំង​ខោ​អាវ​ដែល​​យក​មក​​កាត់​នៅ​តូប​របស់​ធារិទ្ធ​ អាច​ឈាន​ដល់​ខ្ទង់​ពាន់​កំផ្លេ​រ​ ដូច្នេះ​​យុវជន​រូប​នេះ​អាច​សល់​ពី​ការ​ចំណាយ​ផ្សេង​​ៗ​ជា​លុយ​សុទ្ធ​ ៧០០​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ។

យ៉ាង​ណា​មិញ​ យុវជន​រូប​នេះ​បាន​​ត្អូញត្អែរ​ថា អ្វី​ដែល​ជា​បញ្ហា​ គឺ​មាន​ភ្ញៀវ​ខ្លះ​មក​កាត់​ដេរ​​និយាយ​សំដី​ដូចជា​ពិបាក​ស្ដាប់​ណាស់ បើ​ទោះ​បី​ជា​ជាង​កាត់​ខុស​ ហើយ​​សុំ​ទោស​ ក៏​មិន​អនុគ្រោះ​ដែរ គឺ​​ស្ដី​​ឲ្យ​បំបាក់​មុខ​តែ​ម្ដង​។

គេ​ថា​ ការ​រកស៊ី​មាន​ឡើង​មាន​ចុះ។ ដូច​គ្នា​ដែរ​ ធារិទ្ធ​ ក៏​ប្រទះ​នឹង​បញ្ហា​នេះ​តែ​ញយ​​​។ ​​យុវជន​រូប​នេះ​​បញ្ជាក់​​ថា៖ “ខែភ្លៀង​មិន​សូវ​មាន​បុណ្យ​ទាន ស្ងាត់​រក​ចំណូល​មិន​សូវ​បាន​នោះ​ទេ ដូច្នេះ​ទាំង​ថ្លៃ​បាយ​ ទឹក​ ភ្លើង​ និង​ការ​ស្នាក់​នៅ​​ នោះ​គឺ​ត្រូវ​ចំណាយ​ទៅ​វិញ​​ក្នុង​មួយ​ខែ​រាប់​រយ​ដុល្លារ​​​ ដែល​ខែ​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ដើម​ខ្លះ​ក៏​មាន​ដែរ”។

សម្រាប់​ថ្ងៃ​អនាគត យុវជន​រូបនេះ​​មិន​ប្រាថ្នា​រៀន​ថ្នាក់​បរិញ្ញាបត្រ​នោះ​ទេ។ ធារិទ្ធ បាន​និយាយ​ពី​បំណង​ប្រាថ្នា​របស់​គេ​ថា៖ “២​ទៅ​៣​ឆ្នាំ​ទៀត ​ខ្ញុំ​នឹង​ពង្រីក​ហាង​កាត់ដេរ​ឲ្យ​ធំ ហើយ​មាន​កូន​ជាង​ច្រើន​ជាង​នេះ ព្រោះ​គេ​ធ្វើ​បាន​ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដែរ”៕