ភ្នំពេញៈ ជនសង្ស័យពីរនាក់ ត្រូវបាននគរបាល ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង របស់ជនរងគ្រោះ ដោយ ចោទប្រកាន់ថា បានលួចម៉ូតូរបស់គេ ហើយត្រូវគេដើរតាមស្វែងរកឃើញ កំពុងជិះដើរលេង ការឃាត់ខ្លួននេះ ធ្វើឡើង កាលពីម៉ោង ២០និង១៥នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មានបក្ខពួកចំនួន២នាក់ ទី១ ឈ្មោះ ឆឹង សុខា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួលភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងទី២ ឈ្មោះ ឃុំ វៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួលម្តុំផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្ចាស់ម៉ូតូវិញ មានឈ្មោះ ហេង សុខផែល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លក់អង្ករ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងកហរសាំង ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូដែលជនសង្ស័យលួច ហើយយកបានមកវិញនោះ ម៉ាកហ្សុយហ្ស៊ុយគី ស្តេបពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Z.2049។បើយោងតាម សម្តីម្ចាស់ម៉ូតូវិញ បានប្រាប់នគរបាលថា ម៉ូតូរបស់គាត់បានបាត់ តាំងពីរសៀលថ្ងៃកើតហេតុមកម្ល៉េះ ហើយគាត់ បានដើរស្វែងរក គ្រប់ច្រកល្ហក លុះ ដល់ម៉ោង២០និង១៥ ទើបគាត់ប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងតែជិះដើរលេង ទើបប្តឹងនគរបាលឲ្យឃាត់ខ្លួន បានទាំងពីរនាក់តែម្តងទៅ។ ហើយចំពោះករណីខាងលើនេះ រូបគាត់សុំឲ្យនគរបាលចាត់ការ ទៅតាមនីតិវិធីច្បាប់ ដើម្បីឲ្យរៀងចាល។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment