តារា​សម្ដែង​ចិន Zhang Ziyi ដែល​ទើប​តែ​បាន​ឈ្នះ​ពាន​រង្វាន់​តារា​ស្រី​ឆ្នើម​​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​ប៉ាស៊ីហ្វិក កន្លង​ទៅ​នេះ បាន​ឈ្នះ​ក្ដី​ជាមួយ​គេហទំព័រ​ព័ត៌មាន​អាមេរិក​មួយ បន្ទាប់​ពី​គេហទំព័រ​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា​ នាង​ធ្លាប់​លក់​ខ្លួន​ឲ្យ​មន្ត្រី​ធំ​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ចិន។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ គេហទំព័រ​ព័ត៌មាន Boxun ដែល​ជា​គេហទំព័រ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​បាន​ចេញ​ផ្សាយ​ការ​សុំ​អភ័យទោស​ចំពោះ​របាយការណ៍​មិន​ពិត​ និង​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង Zhang Ziyi ដែល​បាន​ចាប់​ផ្ដើម​នៅ ខែ​ឧសភា ឆ្នាំ​២០១២ ថា “យើង​មិន​គួរ​ណា ចុះ​ផ្សាយ​របាយការណ៍​មិន​ពិត​ពាក់ព័ន្ធ​នឹង​តារា​សម្ដែង Zhang Ziyi ទាល់​តែ​សោះ។ សារព័ត៌មាន Boxun សូម​អភ័យ​ទោស​ ចំពោះ​តារា​សម្ដែង Zhang Ziyi ហើយ​យើង​បាន​លុប​អត្ថបទ​ទាំង​អស់​អំពី Zhang Ziyi ពី​គេហទំព័រ Boxun ហើយ។

យោង​តាម​ឯកសារ​ពី​តុលាការ តារា​សម្ដែងZhang បាន​នាំ​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ក្រុង​ Los Angeles ប្រឆាំង​នឹង សារព័ត៌មាន Boxun ដោយ​អះអាង​ថា​ នេះ​ជា​ការ​បំផ្លាញ​ដល់​កេរ្តិ៍​ឈ្មោះ និង​អាជីព​របស់​នាង។

តារា​សម្ដែង​រូប​នេះ​បាន​ត្អូញត្អែរ​ថា សារព័ត៌មាន Boxun បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ម្ដង​ហើយ​ម្ដង​ទៀត ថា​នាង​គឺ​ជា​ស្រី​ពេស្យា ដែល​រក​ចំណូល​បាន​ច្រើន​ជាង ១០០លាន​ដុល្លារ ដោយ​ធ្លាប់​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ ពួក​មន្ត្រី​នៅ​រដ្ឋាភិបាល​ចិន និង​ប្រុស​ៗ​ជា​ច្រើន​ទៀត។ អត្ថបទ​ទាំង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត ដោយ​សារព័ត៌មាន​ជា​ច្រើន​ទៀត​ក្នុង​ពិភពលោក៕