Breaking News
Loading...
Monday, December 16, 2013

ឃុំខ្លួនជន សង្ស័យ៥នាក់ ដាក់ពន្ធនាគារ ជាប់ពាក់ព័ន្ធ ការលួចកោដ្ឋមាស សារីរិកធាតុ នៅលើភ្នំ ព្រះរាជទ្រព្យ (UPDATE)


កណ្តាល ៖ ក្រោយធ្វើការសាកសួរ និងតាមរយៈភស្តុតាង ជាច្រើននោះ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ តុលាការខេត្តកណ្តាល បានសម្រេចចេញដីកា សម្រេចឃុំខ្លួន ជនសង្ស័យ៥នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធ និងសកម្មភាព លួច កោដ្ឋមាស សារីរិកធាតុ និងវត្ថុមានតម្លៃ នៅក្នុងសក្យមុនីចេតីយ លើភ្នំព្រះរាជទ្រព្យ ។

មន្រ្តីសាលាដំបូង ខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់ ខាងលើនេះ រួមមាន ទី១-ឈ្មោះ ផា សុខែម ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ អតីតប្រធានការិយាល័យវប្បធម៌ ស្រុកពញាឮ ទី២-ឈ្មោះ សៀង សារិន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិស្រះពោធិ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ទី៣-ឈ្មោះ ចោម ថៃ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិភ្នំ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ទី៤-ឈ្មោះ កា សាត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិស្រះពោធិ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល និងទី៥-ឈ្មោះកាន់ សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រះពោធិ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ជនសង្ស័យ៥នាក់ ដែលជាឆ្មាំយាម កោដ្ឋមាស ដាក់សារីរិកធាតុ និងវត្ថុបុរាណ មានតម្លៃ នៅលើភ្នំព្រះរាជទ្រព្យ ហៅភ្នំឧដុង្គ ត្រូវបានកម្លាំង នគរបាលក្រសួង មហាផ្ទៃ និងនគរបាលខេត្តកណ្តាល បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ដោយជាប់ពាក់ព័ន្ធនិងករណី លួចកោដ្ឋដាក់សារីរិកធាតុ ដែលបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ។

ឆ្មាំយាមនៅទីនោះ គឺជាជនសង្ស័យដំបូង ដែលកម្លាំង សមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ បន្ទាប់ពីបានឆែកឆេររកឃើញ ភស្តុតាងមួយចំនួន នៅផ្ទះ អតីតប្រធានការិយាល័យវប្បធម៌ស្រុក និងជាប្រធានឃ្មាំ និង អ្នកកាន់សោរកន្លែងទុកសារិរិកធាតុ លោក ផា សុខែម ដូចជា រូបបដិមាករជាច្រើន និងការស្កេនស្នាមក្រយៅដៃ នៅកន្លែងទុកដាក់សារិរិកធាតុជាដើម និងភស្តុតាងផ្សេងៗជាច្រើន ទើបឈានទៅឃាត់ខ្លួនអ្នកទាំងនោះ ។

ពាក់ព័ន្ធនឹងករណីខាងលើលួចនេះ សមត្ថកិច្ចខេត្តកណ្តាល បានតានដានយ៉ាងយកចិត្តទុកជាទីបំផុត នឹងមានការប្រជុំពិភាក្សា យ៉ាងល្អិតល្អន់ជាមួយ ថ្នាក់ដឹកនាំ ដែលជាសមត្ថកិច្ចនៅក្រសួងមហាផ្ទៃ ដើម្បីឈានទៅរកការចាប់ខ្លួនជនពាក់ព័ន្ធបន្ថែមទៀត ។ ពាក់ព័ន្ធនឹងការចាប់ឃាត់ខ្លួនជនទាំងនេះ កម្លាំងនគរបាល ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចខេត្តកណ្តាល ដឹកនាំដោយលោកស្នងការ អ៊ាវ ចំរើន បានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីវែកមុខរកជនសង្ស័យទាំងនោះ និងបន្តស្វែងរកកោដ្ឋដាក់សារិរិកធាតុ។

យ៉ាងណាក៏ដោយ មិនទាន់មានប្រភព ព័ត៌មានផ្លូវការ ត្រូវបានបញ្ជាក់ចេញពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងវប្បធម៌នោះ ឡើយ ចំពោះព័ត៌មានលំអិត នៃករណីចោរលួចកោដ្ឋមាស ដាក់សារីរិកធាតុ និងវត្ថុមានតម្លៃ ពោល តាំងពីថ្ងៃកើតហេតុមក កម្លាំងនគរបាលបច្ចេកទេស ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្ដកណ្ដាល បានបើក ការស្រាវជ្រាវទាំងថ្ងៃទាំងយប់ ស្ងៀមស្ងាត់ បំផុត រហូតដល់ឃាត់ខ្លួនឆ្មាំទាំង៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្ដង។

សូមជំរាបថា បន្ទាប់មកមន្ទីរវប្បធម៌ខេត្តកណ្តាល បានប្រគល់ភារកិច្ចបន្តទៅការិយាល័យវប្បធម៌ស្រុក ដោយឲ្យលោក ផា សុខែម ជាអ្នកមើលការខុសត្រូវ និងថែរក្សាព្រះសក្យមុនីចេតិយនេះ តែបច្ចុប្បន្ន លោក ផា សុខែម បានចូលនិវត្តទៅហើយ។ ដោយឡែកឆ្មាំថែរក្សា និងការពារនៅតំបន់នោះចំនួន២៣ នាក់ ត្រូវបានលោក ផា សុខែម ជាអ្នករើសមកការពារ និងមើលថែទាំនៅតំបន់នោះ។

សព្វថ្ងៃមានឆ្មាំតែ ៩នាក់ប៉ុណ្ណោះ បន្តមកធ្វើការការពារ និងមើលថែ ដោយឡែក១៤នាក់ផ្សេងទៀត មិនដែលមាន វត្តមាននោះទេ។ ការអវត្តមានរបស់មន្រ្តីឆ្មាំទាំង ១១នាក់នោះ ត្រូវបានគេសង្ស័យថា ព្រោះតែមិនទទួលបានប្រាកខែ។ យ៉ាងណាក៏ដោយ អ្វីដែលគេរង់ចាំមើលនោះ គឺតើសារីរិកធាតុ និងវត្ថុបូរាណ ដែលបាត់នោះ រកឃើញវិញហើយឫនៅ?

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved