Breaking News
Loading...
Monday, December 16, 2013

វ៉ូវីណាម និង តេក្វាន់ដូ ជាក្ដី​សង្ឃឹមថ្មី​មួយ​ទៀត​របស់​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍ ​SEA Games


ប្រភព៖ lookingtoday

ភ្នំពេញៈ ក្រុមកីឡាជម្រើសជាតិកម្ពុជា ដែលត្រូវចេញដំណើរឆ្ពោះ ទៅចូលរួម ប្រកួតកីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ ២០១៣ ស្អែកនេះ រួមមានកីឡា វ៉ូវីណាម និងកីឡាតេក្វាន់ដូ ។ កីឡាទាំង ២ប្រភេទនេះ សុទ្ធតែមានសក្ដានុពល និងជាក្ដីសង្ឃឹមធំ មួយទៀត សម្រាប់ការដណ្ដើម មេដាយមាស ឲ្យកម្ពុជាបន្ថែម នៅក្នុងព្រឹត្តិការណ៍ ថ្នាក់តំបន់ អាស៊ីអាគ្នេយ៍នេះ ។

កាលចូលរួម ប្រកួតកីឡា SEA Games លើកទី២៦ នៅឥណ្ឌូនេស៊ី ប្រភេទកីឡា វ៉ូវីណាម្នាក់ឯង បានរក មេដាយចំនួន ១២គ្រឿងឲ្យកម្ពុជា ដោយមាន មេដាយមាស២, ប្រាក់៥ និងសំរិទ្ធ ៥គ្រឿង ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបង្កើនមេដាយ ឲ្យបានកាន់តែច្រើន ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម ចំនួន ១៧នាក់ ដែលត្រូវចូលរួម SEA Games លើកទី២៧នេះ បានចេញទៅ ហ្វឹកហាត់ នៅវៀតណាម ក៏ដូចជាធ្វើការប្រកួត ដណ្ដើម ពានរង្វាន់ អន្ដរជាតិផងដែរ ។

ឆ្លងកាត់ការហ្វឹកហាត់ និងការប្រកួតដកស្រង់ បទពិសោធន៍-បច្ចេកទេស អស់រយៈជា យូរទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះកន្លងមកនោះ ក្រុមកីឡាវ៉ូវីណាម សង្ឃឹមថា នឹងដណ្ដើមមេដាយមាស, ប្រាក់ និងសំរិទ្ធ បានកាន់តែច្រើន សម្រាប់ការប្រកួត SEA Games លើកនេះ ។
រីឯក្រុមកីឡាតេក្វាន់ដូវិញ ក៏បានធ្វើការប្ដេជ្ញាចិត្ត ប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយឲ្យ កម្ពុជាផងដែរ ។ កាលពីឆ្នាំ២០១១ សម្រាប់ SEA Games លើកទី២៦ ក្រុមកីឡាតេក្វាន់ដូកម្ពុជា រកបាន មេដាយចំនួន ៤គ្រឿងឲ្យ កម្ពុជា(ប្រាក់១ និងសំរិទ្ធ៣) ។

លោក Choi Yong Sok គ្រូបង្វឹកក្រុមកីឡា ជម្រើសជាតិ តេក្វាន់ដូកម្ពុជា ធ្លាប់ថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា “តេក្វាន់ដូ ចេញទៅ SEA Games លើកនេះ ខ្ញុំសង្ឃឹមកូនសិស្សខ្ញុំ អាចនឹងបង្កើនមេដាយ ពីមេដាយប្រាក់ ទៅមេដាយមាស ព្រោះឆ្លងការហ្វឹតហាត់ នៅកូរ៉េ និងកម្ពុជា កីឡាករ-កីឡាការិនីទាំង ១២នាក់ ដែលត្រៀម SEA Games មានការរីកចម្រើន ច្រើនណាស់។ មិនត្រឹមតែប៉ុណ្ណោះថែមទាំង ទទួលបានការគាំទ្រ និងផ្ដល់កម្លាំងចិត្ត ពីប្រជាជនកូរ៉េ ខាងត្បូងទៀតផង” ។

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៣នេះ ក្រុមកីឡាជម្រើសជាតិកម្ពុជា ដណ្ដើមបាន មេដាយសរុប ២១គ្រឿងហើយ ក្នុងនោះមាន មេដាយមាស៤, ប្រាក់៦ និងសំរិទ្ធ១១ ៕

v_0498

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved