គិត​ត្រឹម​ពេល​នេះ​ក្រុម​កីឡា​ចំបាប់​កម្ពុជា ដែល​ជា​អ្នក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​ប្រចាំ​ស៊ីហ្គេម​ឆ្នាំ​២០១៣ នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ត្រឡប់​មក​ដល់​​មាតុភូមិ​វិញ​ហើយ កាល​ពី​ម៉ោង ៩ យប់ ថ្ងៃ​ទី ១៥ ធ្នូ ម្សិលមិញ អម​ដោយ​មេដាយ ចំនួន ១០ គ្រឿង ក្រោយ​កម្មវិធី​ប្រកួត​របស់​កីឡា​មួយ​​នេះ​ចប់​រួច​រាល់​តាំង​ពី​ថ្ងៃ​ទី ១៣ ធ្នូ មក​ម៉្លះ។

នៅ​ព្រឹក​នេះយើងខ្ញុំបាន​​ជួប​សម្ភាសន៍​ជាមួយ​លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់ ដើម្បី​ដេញដោល​​រឿង​ហេតុ​ដែល​កើត​ឡើង​ក្នុង​​យុទ្ធនាការ​ជោគជ័យ​មួយ​នេះ​​៖

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា (បន្ទាប់​អ្នក​កាន់​ទង់ជាតិ)

Sabay៖ តើ​កត្តា​អ្វី​ជំរុញ​ឱ្យ​ចំបាប់​ ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​បែប​នេះ?

ធិន វិចិត្រ៖ ដោយ​សារ​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់ និង ស្គាល់​​ពី​គូ​ប្រកួត​បាន​ច្បាស់ តាម​រយៈ​ការ​ប្រកួត Per-Sea game កាល​ពី​ប៉ុន្មាន​ខែ​មុន បូក​បន្ថែម​ទាំង​កីឡាករ កីឡា​ការិនី​មាន​ឆន្ទៈ។

Sabay៖ អំឡុង​ពេល​ប្រកួត​ល្បី​ថា​​មាន​រឿង​ប្រទាំង​ប្រទើស​ មួយ​ចំនួន តើ​បញ្ហា​អ្វី​ឱ្យ​ប្រាកដ?

ធិន វិចិត្រ៖ តាម​ពិត​យើង​មាន​បញ្ហា​បច្ចេកទេស​មួយ ដោយ​សារ​ដំបូង​ឡើយ​​ទាំង​ម្ចាស់​ផ្ទះ និង គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​អនុញ្ញាត​ឱ្យ​យើង​​អាច​ដាក់​កីឡាករ​ប្រកួត​បាន​ចំនួន ៦ នាក់​លើ​ប្រភេទ​វិញ្ញាសា​​នីមួយៗ ព្រោះ​គេ​យល់​ថា​កម្រិត​របស់​ចំបាប់​យើង​​សមត្ថភាព​នៅ​មាន​កម្រិត ខណៈ​លក្ខន្តិក​នៃ​ការ​ប្រកួត​អាច​ដាក់​កីឡាករ​ប្រកួត​បាន​តែ ៤ នាក់​ប៉ុណ្ណោះ។

ប៉ុន្តែ​ដោយ​សារ​ថ្ងៃ​ប្រកួត​ដំបូង​យើង​ឈ្នះ​មេដាយ​ប្រាក់ ២ ហើយ​ថ្ងៃ​បន្ទាប់​យើង​ឈ្នះ​មេដាយ​មាស ២ និង ប្រាក់​ បន្ថែម​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ស្រងាក​ចិត្ត ទើប​តវ៉ា​មិន​ឱ្យ​​កីឡាករ​យើង​ ៣​នាក់​មិន​បាន​ប្រកួត។

ក្រុម​ចំបាប់កម្ពុជា​ថតរូបជុំ​គ្នា​នៅ​ថ្ងៃ​ប្រកួត​ចុង​ក្រោយ(រូបថត៖សហព័ន្ធចំបាប់)

Sabay៖ ចុះ​កីឡាករ កីឡា​ការិនី​ណា​ខ្លះ​មិន​បាន​ប្រកួត?

ធិន វិចិត្រ៖ យើង​បញ្ជូន​កីឡាករ កីឡា​ការិនី​ទៅ​ប្រកួត​ចំនួន ១៤ នាក់ ហើយ មាន​កីឡា ៣ នាក់​មិន​បាន​ប្រកួត​រួម​មាន ​កីឡាករ ងួន មករា វិញ្ញាសា​ចំបាប់​សេរី ទម្ងន់ ៥៥ គីឡូក្រាម កីឡាករ​ នុត សុផល ប្រកួត​ចំបាប់​ក្រិចកូរ៉ូម៉ាំង​(លេង​ត្រឹម​ចង្កេះ​ឡើង​លើ)​ទម្ងន់​៥៥​ គ.ក្រ និង កីឡាករ ម៉ុល រស្មី ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម។

Sabay៖ តើ​កីឡាករ កីឡា​ការិនី​របស់​លោក​ណា​ខ្លះ​​ដណ្ដើម​បាន​មេដាយ?

ធិន វិចិត្រ៖ យើង​ដណ្ដើម​បាន​មេដាយ​​រហូត​ដល់ ១០ គ្រឿង ក្នុង​នោះ​មាស ៤ ប្រាក់ ២ និង សំរឹទ្ធ៤។

បញ្ជី​​កីឡាករ​ចំបាប់​ដែល​​ឈ្នះ​មេដាយ​
ឈ្មោះ​កីឡាករ​ មេដាយ​ ទម្ងន់​
កីឡាករ ឌន សៅ​ មាស​ ១២០ គីឡូក្រាម​
កីឡាករ កៅ ឆេងហុង​ មាស​ ៨៤ គីឡូក្រាម​
កីឡា​ការិនី នី សំណាង​​ មាស​ ៦៣ គីឡូក្រាម​
កីឡា​ការិនី ចូវ សុធារ៉ា មាស​ ៤៤ គីឡូក្រាម​
កីឡាករ ជា ស្រីមាស​ ប្រាក់ ៦៧ គីឡូក្រាម​
កីឡាករ ឌន សៅ ប្រាក់ ១២០ គីឡូក្រាម​
កីឡា​ការិនី ជ័យ ចាន់រស្មី សំរឹទ្ធ​ ៥១ គីឡូក្រាម​
កីឡាករ កាង ដែនពិសិដ្ឋ សំរឹទ្ធ ៦០ គីឡូក្រាម​
កីឡាករ ងួន គឹមហេង សំរឹទ្ធ​ ៩៦ គីឡូក្រាម​
កីឡាករ ស៊ូ ចូសូ (ខ្មែរ-អាមេរិក​) សំរឹទ្ធ​ ៦៦ គីឡូក្រាម​

Sabay៖ គិត​ត្រឹម​ពេល​នេះ​ចំបាប់​ឈ្នះ​​មេដាយ​ច្រើន​ជាង​គេ​បណ្ដោះអាសន្ន តើ​លោក​មាន​ចំណាប់​អារម្មណ៍​បែប​ណា?

ធិន វិចិត្រ​៖ នេះ​ជា​លើក​ទី១ ហើយ​ដែល​ចំបាប់​របស់​យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​បែប​នេះ ពោល​គឺ​ជាប់​ចំណាត់​ថ្នាក់​​លេខ ២ បន្ទាប់​ពី​ប្រទេស​វៀតណាម ជាប់​លេខ ១ ជា​អ្នក​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ១ នៅ​កីឡា​ចំបាប់ ដោយ​ដណ្ដើម​បាន​មេដាយ​មាស ១០​គ្រឿង។ យើង​សង្ឃឹម​ថា​កីឡា​​របស់​កម្ពុជា​​ដែល​មិន​ទាន់​ប្រកួត​​ នឹង​ខិតខំ​ដណ្ដើម​បាន​មេដាយ​មាស​ជា​បន្តបន្ទាប់​ដើម្បី​ឱ្យ​គ្រប់​តាម​ការ​គម្រោង​​គឺ មេដាយ​មាស ២ ខ្ទង់ សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០១៣​នេះ។

អត្ថបទ​ពាក់ព័ន្ធ៖ ស៊ីហ្គេម៖ ចំបាប់​រក​​បាន​មេដាយ​មាស​ទី៤ ឱ្យ​កម្ពុជា

Sabay៖ ជា​ចុង​ក្រោយ តើ​លោក​មាន​ពាក្យ​ពេជន៍​អ្វី​បន្ថែម​ទេ ជុំ​វិញ​ជោគជ័យ​របស់​ក្រុម​ក្នុង​យុទ្ធនាការ​ស៊ីហ្គេម?​

ធិន វិចិត្រ៖ ខ្ញុំ​សូម​អរគុណ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​ចំបាប់​យើង​ខ្ញុំ ដោយ​​ឱ្យ​ចេញ​ដំណើរ​ទៅ​ស៊ីហ្គេម​​មុន​ការ​ប្រកួត​មួយ​សប្ដាហ៍​ ដើម្បី​ឱ្យ​សាំ​នឹង​បរិយាកាស ទីលាន​ប្រកួត ចំណី​អាហារ៕

អត្ថបទ៖ ម៉ឺន រស្មី

បញ្ជី​​កីឡាករ​ចំបាប់​ដែល​​ឈ្នះ​មេដាយ​
ឈ្មោះ​កីឡាករ​ មេដាយ​ ទម្ងន់​
កីឡាករ ឌន សៅ​ មាស​ ១២០ គីឡូក្រាម​
កីឡាករ កៅ ឆេងហុង​ មាស​ ៨៤ គីឡូក្រាម​
កីឡា​ការិនី នី សំណាង​​ មាស​ ៦៣ គីឡូក្រាម​
កីឡា​ការិនី ចូវ សុធារ៉ា មាស​ ៤៤ គីឡូក្រាម​
កីឡាករ ជា ស្រី​មាស​ ប្រាក់​ ៦៧ គីឡូក្រាម​
កីឡាករ ឌន សៅ​ ប្រាក់​ ១២០ គីឡូក្រាម​
កីឡា​ការិនី ជ័យ ចាន់រស្មី សំរឹទ្ធ​ ៥១ គីឡូក្រាម​
កីឡាករ កាង ដែនពិសិដ្ឋ សំរឹទ្ធ ៦០ គីឡូក្រាម​
កីឡាករ ងួន គឹមហេង​ សំរឹទ្ធ​ ៩៦ គីឡូក្រាម​
កីឡាករ ស៊ូ ចូសូ (ខ្មែរ-អាមេរិក​) សំរឹទ្ធ​ ៦៦ គីឡូក្រាម​