លទ្ធផល​កាល​ពី​យប់​មិញ បាន​បង្ហាញ​ច្បាស់​ហើយ​ថា​ក្រុម​ណា​ខ្លះ​​ឡើង​ទៅ​លេង​វគ្គ​១៦ក្រុម​ចុង​ក្រោយ Champions League ​និង​ក្រុម​ណា​ខ្លះ​ដែល​​ធ្លាក់។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ក្នុង​ចំណោម​ក្រុម​ជាប់​ទាំង​១៦ មាន​ក្រុម​មក​ពី​អង់គ្លេស អាល្លឺម៉ង់​​៤ដូច​គ្នា អេស្ប៉ាញ​មាន​៣ ខណៈ​អ៊ីតាលី​សល់​តែ​មួយ​ក្រុម​ប៉ុណ្ណោះ។

កីឡាករ​ក្រុម Dortmund អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី

គូ​ដំបូង​ដែល​ធ្វើ​ការ​ប្រកួត​ឡើង​វិញ​ក្រោយ​ផ្អាក​ដោយ​សារ​ព្រិល​ធ្លាក់​ខ្លាំង​កាល​ពី​យប់​ម្សិលមិញ គឺ Galatasaray បាន​ទម្លាក់​ក្រុម​យក្ស​អ៊ីតាលី Juventus ក្រោយ​យក​ឈ្នះ​ ១-០។ លទ្ធផល​នេះ​គឺ​ជួយ​ឲ្យ​ក្រុម​ជើង​ឯក​ទួរគី​មួយ​នេះ ឈរ​នៅ​លេខ​២​ក្នុង​ពូល B បន្ទាប់​ពី Real Madrid ខណៈ​សេះ​បង្កង់​បាន​ត្រឹម​លេខ​៣។

Napoli ស៊ី​ Arsenal តែ​ធ្លាក់

ចំណែក​ពូល E វិញ ក្រុម Schalke បាន​ឡើង​ទៅ​ជាមួយ​តោ​ខៀវ​ Chelsea ក្រោយ​ស៊ី Basel ២-០។ ចំណែក​ Chelsea ដែល​ជាប់​ស្រាប់​តាំង​ពី​សប្ដាហ៍​មុន​នោះ ក៏​បាន​យក​ឈ្នះ Steaua Bucuresti ១-០ ដើម្បី​ឈរ​នៅ​លេខ​១​ក្នុង​ពូល ដោយ​មាន​១២ពិន្ទុ​ ខណៈ Schalke មាន​១០ពិន្ទុ។

ងាក​ទៅ​មើល​ពូល​តានតឹង​ជាង​គេ គឺ​ពូល F ឯណោះ​វិញ ក្រុម Dortmund បាន​ជាប់​ទាំង​ត្រដាបត្រដួស ក្រោយ​ស៊ី​ក្រុម​មិន​ដែល​ឈ្នះ Marseille ២-១ នៅ​ចុង​ម៉ោង។ លទ្ធផល​ឈ្នះ​របស់ Dortmund បាន​ធ្វើ​ឲ្យ​ Napoli បាន​ត្រឹម​ឈឺចាប់​ ទោះ​ឈ្នះ Arsenal ២-០ ក៏​ដោយ។ ​ក្រុម​ទាំង​៣​មាន​១២ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​ក្រុម​ Napoli ​របស់​លោក Rafael Benitez មាន​សំណល់​គ្រាប់​បាល់​តិច​ជាង​គេ។

AC Milan និង Ajax បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​បាល់

រី​ឯ​ពូល G ដែល​មាន​ការ​ប្រជែង​គ្នា​​យក​​កៅអី​លេខ​២​​រវាង​ក្រុម Porto និង Zenit Petersberg នោះ​ ទី​បំផុត​បាន​ទៅ​ Zenit ទោះ​ក្រុម​មក​ពី​រុស្សី​មួយ​នេះ​ចាញ់ Austria Wien ដល់​ទៅ​ ៤-១ ក៏​ដោយ។ ការ​ជាប់​​នេះ គឺ​ដោយ​សារ​ Porto ក៏​ចាញ់​ដែរ​ គឺ​ចាញ់​ក្រុម​កំពូល​តារាងដែល​​ជាប់​ស្រាប់ Atletico Madrid ២-០។

ឯ​ពូល​ H វិញ ក្រុម​ជាប់​ស្វ័យ​ប្រវត្តិ Barcelona បាន​លត់​ក្រុម​ធ្លាក់​ស្វ័យប្រវត្តិ Celtic ៦-១ ខណៈ​ក្រុម​​២​ដែល​ត្រូវ​ប្រជែង​គ្នា​យក​លេខ​២​ គឺ AC Milan និង Ajax បាន​បញ្ចប់​ទៅ​ត្រឹម​ស្មើ ០-០។ លទ្ធផល​ស្មើ​នេះ គឺ​ជួយ AC Milan ​​​នៅ​តែ​ឈរ​លេខ​២​ក្នុង​ពូល​ដើម្បី​បន្ត​ជីវិត​ក្រុម​មក​ពី​អ៊ីតាលី​ឲ្យ​​នៅ​មាន​មុខ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Neymar ធ្វើ​បាន​ហ៊ែតទ្រីក​ឲ្យ Barcelona

លទ្ធផល​ទាំង​អស់​កាល​ពី​យប់​មិញ៖

សរុប​មក​វិញ ក្រុម​ដែល​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួម​មានក្រុម​មក​ពី​អេស្ប៉ាញ​៣ អង់គ្លេស​៤ អាល្លឺម៉ង់៤ បារាំង១ ទួរគី១ ក្រិក១ រុស្សី១ និង​អ៊ីតាលី១។ ក្រុម​ទាំង​១៦​នោះ​ មាន​ដូច​ខាង​ក្រោម៖

ក្រុម​លេខ​១​ក្នុង​ពូល៖ Manchester United (អង់គ្លេស), Real Madrid (អេស្ប៉ាញ), Paris Saint-Germain (បារាំង), Bayern Munich (អាល្លឺម៉ង់), Chelsea (អង់គ្លេស), Borussia Dortmund (អាល្លឺម៉ង់), Atlético Madrid (អេស្ប៉ាញ), Barcelona (អេស្ប៉ាញ)

ក្រុម​លេខ​២​ក្នុង​ពូល៖ Bayer Leverkusen (អាល្លឺម៉ង់), Galatasaray (ទួរគី), Olympiacos (ក្រិក), Manchester City (អង់គ្លេស), Schalke 04 (អាល្លឺម៉ង់), Arsenal (អង់គ្លេស), Zenit (រុស្សី) និង AC Milan (អ៊ីតាលី)។

ក្រុម​កីឡាករ Chelsea អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី

ចំណែក​ក្រុម​លេខ​៣​ក្នុង​ពូល​ដែល​ត្រូវ​ទៅ​លេង​វគ្គ​៣២ក្រុម​ចុង​ក្រោយ​នៅ​ Europa League វិញ រួម​មាន៖ Shakhtar Donetsk (អ៊ុយក្រែន), Juventus (អ៊ីតាលី), Benfica (ព័រទុយហ្គាល់), Viktoria Plzeň (សាធារណរដ្ឋឆេក), Basel (ស្វីស), Napoli (អ៊ីតាលី), FC Porto (ព័រទុយហ្គាល់) និង Ajax (ហុល្លង់)។

អត្ថបទ​ទាក់ទង៖ Man City បញ្ចប់​កំណត់ត្រា​ Bayern ខណៈ​ CR7 បំបែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី