Breaking News
Loading...
Monday, December 16, 2013

រោគសញ្ញា​ដែលថា​បុរស​អាច​មាន​ជំងឺ​គាំងបេះដូង​


​នៅក្នុង​រឿងកុន អ្នក​មិន​ដែល​សង្ស័យ​ថា​ពេលណា​ដែល​បុរស​ម្នាក់​កំពុងតែ​មាន​អាការៈ​គាំងបេះដូង​ឡើយ​។ គាត់​អាច​នឹង​ក្តាប់​លើ​ដើមទ្រូង​, ស្រែក ឬរ​អ៊ូរ​ទាំង​ឈឺចាប់ និង​ដួល​ទៅលើ​ដី​តែម្តង​។ បើសិនជា​គាត់​សំណាង នោះ​គឺជា​ការជួយ​សង្គ្រោះ​ទាន់ពេល​។

​សម្រាប់​ជីវិត​ពិតប្រាកដ រោគសញ្ញា​មិនមែន​តែងតែ​ច្បាស់លាស់​ជានិច្ច​នោះ​ទេ​។ វេជ្ជបណ្ឌិត មហា​មូដ ដា​យ៉ា (Mohamud Daya, MD) សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​ឯ​សាកលវិទ្យាល័យ Oregon Health and Science ក្នុង​ប្រទេស​ប៉ូឡូញ និយាយថា អ្នកខ្លះ​ពិតជា​ធ្លាប់​មាន​រោគសញ្ញា Hollywood-type Symptoms ប៉ុន្តែ​អ្នកខ្លះ​ក៏​គ្មាន​ដែរ​។ គាត់​បន្ថែមទៀតថា “​អ្នកខ្លះ​និយាយថា ពួក​គេ​គ្រាន់តែ​មាន​អារម្មណ៍​មិន​ស្រួល ឬ​សរសៃ​មិន​ស្រួល​, មិន​ប្រាកដ​ជា​ឈឺចាប់​មែនទែន​ឡើយ​។ ពេលខ្លះ វា​មាន​អារម្មណ៍​ដូចជា​ធ្ងន់ៗ ឬ​មាន​សម្ពាធ​នៅក្នុង​ទ្រូង​អញ្ចឹង​”​។

​គ្រូពេទ្យ​និយាយថា ជាទូទៅ រោគសញ្ញា​បី​ប្រភេទ​ដែល​គេ​ជួយ​ប្រទះ​ជា​ញឹកញាប់​នៅ​ពេល​បុរស​មាន​អាកា​រៈគាំង​បេះដូង​នោះ​មានដូចជា​៖

  • ឈឺ​ទ្រូង​
  • ​មិន​ស្រួល​ក្នុង​ទ្រូង​
  • ​មាន​សម្ពាធ​ក្នុង​ទ្រូង​


​វេជ្ជបណ្ឌិត គ្រីស្ទី​ន ញ៉ូ​ប៊ី (Kristin Newby, MD) អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​នៅ​ឯ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង  បាន​និយាយថា “​រោគសញ្ញា​នៅ​ទ្រូង​មួយ​ចំនួន​ភាគច្រើន​ទាក់ទង​នឹង​ជំងឺ​គាំងបេះដូង ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​បែរជា​ធ្លាប់​មាន​អារម្មណ៍​យល់ថា​វា​មាន​លក្ខណៈ​ខុសៗ​គ្នា​បន្តិច​ទៅវិញ​។ ការ​ប្រាប់ថា​វា​គឺជា​ការឈឺចាប់ ឬ​មាន​សម្ពាធ ឬ​តឹង ឬ​ក្រហាយ ឬ​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​ប្រហែលជា​ឆ្លុះបញ្ចាំង​នូវ​ការយល់ឃើញ​របស់​មនុស្ស​ម្នាក់ៗ​លើ​របស់​មួយ​ដូចៗ​គ្នា​”​។

​ការ​ឈឺទ្រូង ឬ​មិន​ស្រួល​ក្នុង​ទ្រូង​អាច​កើតឡើង​លឿន ឬ​យឺត​។ រោគសញ្ញា​អាចមាន​ទៅ និង​មានមក ឬ​អាច​កើតឡើង​រយៈពេល​ច្រើនជាង​បី​នាទី​ក៏មាន​ដែរ​។ ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​អាច​កើត​មាន​ជំងឺ​គាំងបេះដូង​ដោយ​គ្មាន​អារម្មណ៍​នៃ​ការឈឺចាប់​ឡើយ​។ វា​ក៏​អាច​ទៅរួច​ដែរ​ក្នុងការ​ធ្លាប់មាន​អា​ការៈផ្សេងៗ​ទៀត​។ ខណៈពេល​ដែល​មិនសូវមាន​រោគសញ្ញា​អ្វី​ច្រើន​ជាង​ឈឺទ្រូង​នោះ រោគសញ្ញា​ខាងក្រោម​ក៏​អាច​កើតមាន​លើ​អ្នកជំងឺ​គាំងបេះដូង​ដែរ​៖

  • ​មិន​ស្រួល ឬ​ឈឺ​នៅ​តំបន់​ផ្សេងៗ​ទៀត​ដូចជា ដៃ​តែ​ម្ខាង ឬ​ទាំង​សងខាង​, ក​, ថ្គាម​, ខ្នង ឬ​ក្រពះ​។​
  • ពិបាក​ដកដង្ហើម​, ឈឺក្បាល​, ចង្អោ​រ ឬ​បែកញើស​
  • ​មិន​ស្រួល​ក្នុង​ពោះ​ដែល​វា​ប្រហែលជា​ធ្វើអោយ​អ្នកជំងឺ​យល់ថា​ជា​ការ​ក្រហាយ​ដើមទ្រូង​៕
     
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved