Breaking News
Loading...
Thursday, December 19, 2013

ចេញពី ខួបកំណើត បើកបររថយន្ត ឡើងលើឃឿន បុករះថូផ្កា និងបង្គោលភ្លើង


ភ្នំពេញ៖ រថយន្តកាមរីគូទហើម មួយគ្រឿង ត្រូវរងការខូចខាត ផ្នែកខាងមុខទាំងស្រុង ដោយសារ បុរស ៤នាក់ ស្រវឹងស្រា បើកបរធ្វើ ដំណើរចេញ ពីខួបកំណើត តាមបណ្តោយ ផ្លូវជាតិលេខ ៥ ក្នុងល្បឿនលឿន ហើយរេចង្កូតឡើង លើឃឿនបុករះថូផ្កា និងបង្គោល ភ្លើងថ្ម មួយដើម កាលពីវេលាម៉ោង ២៣និង១០នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុច ខាងជើង សង្កាត់គីឡូម៉ែត្រលេខ ៦ជាង ៣០០ម៉ែត្រ ក្នុងភូមិសាស្រ្ត ខណ្ឌឬស្សីកែវ ។

យោងតាម ប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍ ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរស ៤នាក់ បានរួមដំណើរ ក្នុងរថយន្តមួយគ្រឿង ម៉ាកកាមរីគូទហើម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E 0487  ធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុង ល្បឿនយ៉ាងលឿន រេពេញផ្លូវ នឹងបានបើកប្រជែង ជាមួយនឹងរថយន្ត មិនស្គាល់ ម៉ាកមួយគ្រឿងទៀត លុះបើកបរដល់ចំណុចកើតហេតុ ទំនងរថយន្តកាមរីគូទហើមបើកគេចពីរថយន្តផ្សេងទើប បណ្តាលឲ្យរេចង្កូតទៅខាងស្តាំដៃ បុករះថូផ្កាខ្ទេចអស់ជាច្រើនថូ ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿនបានបន្តល្បឿនជ្រុលបុកចំបង្គោលភ្លើងថ្ម ពេញទំហឹងតែម្តង បណ្តាលឲ្យក្បាលរថយន្តកាមរីគៀប នឹងបង្គោលភ្លើង រងការខូចខាតទាំងស្រុង មិនអាចបន្តដំណើរទៅមុខបានទៀត ។

 ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ គេបានឃើញបុរស ៤នាក់ បានលូចេញពីក្នុងរថយន្តបង្កដោយអ្នកខ្លះ បែកក្បាល នឹង អ្នកខ្លះរបួសរលាត់ដៃ រលាតជើង រួចពួកគេនាំគ្នាឡើងជិះរថយន្តផ្សេង ទៀតរត់គេចខ្លួនបាត់អស់ ដោយទុករថយន្តបង្កចោល នៅនឹងកន្លែងកើតហេតុ ។

គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាន នឹងនគរបាលចរាចរណ៍ ខណ្ឌឬស្សីកែវ បានសហការជាមួយ នគរបាល ជំនាញចុះធ្វើការវាស់វែង ស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ អត្តសញ្ញាណអ្នក បើកបរ រថយន្តបង្កសមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ។

ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់នេះសមត្ថ កិច្ចបានបង្ហើបថា បង្កឡើងដោយសារ អ្នកបើកបររថយន្តបង្កស្រវឹងស្រា រួមទាំងបើករថយន្តលឿនទៀត ទើបដល់ចំណុច កើតហេតុទល់ស្មារតី មិនបានក៏រេចង្កូតឡើង ឃឿនបុករះថូផ្កានឹងបង្គោលភ្លើងទាំង កំម្រោលតែម្តងទៅ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved