Breaking News
Loading...
Thursday, December 26, 2013

ឃាត់​ខ្លួន​បុរស​សង្ស័យ ​ជា​ឪពុក​ចុង​ម្នាក់​ ពី​បទ​ប៉ុន​ប៉ង​រំលោភ ​កូន​ស្រី​ដើម​


ខេត្តប៉ៃលិន ៖ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត បានតាមប្រមាញ់ឃាត់ខ្លួនបុរស ជនសង្ស័យជាឪពុកចុងម្នាក់ តាមដីការបស់តុលាការខេត្ត ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈទៅ លើកូនស្រីដើមរបស់ខ្លួន ដែលការឃាត់ខ្លួននេះ បានធ្វើឡើងកាល ពីវេលាម៉ោង ៨ និង ១៨នាទី ព្រឹកថ្ងៃទី២៥ ធ្នូ ២០១៣ នៅចំណុចក្នុងហាងកាហ្វេមួយកន្លែង ជាប់ផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

បុរសជនសង្ស័យឈ្មោះ យួស គង់ អាយុ ៣៥ឆ្នាំ ជាកសិករ មានស្រុកកំណើតរស់ នៅភូមិជ្រោយជ្រៃ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល ទីលំនៅមុនគេចខ្លួនក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.ស.ទ.ត អាយុ ១៦ឆ្នាំ មានម្តាយឈ្មោះ ភិន ណារី អាយុ ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។

គួររំលឹកថា កាលពីវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី០៣ កក្កដា ២០១៣ ជនសង្ស័យម្នាក់នេះ ជាឪពុកចុងល្មោភកាមប៉ងចាប់ រំលោភសេពសន្ថវៈកូនដើមរបស់ខ្លួន ខណៈរូបគេបានឌុបម្ដាយនាងទៅដាក់ចោល នៅឯផ្សារឲ្យចូលទិញម្ហូប រួចបានជិះម៉ូតូត្រលប់ទៅផ្ទះវិញធ្វើសកម្មភាពចាប់ រំលោភកូនស្រីដើមរបស់ខ្លួន តែត្រូវនាងរើបម្រះរួច ក៏បានស្ទុះយកដំបងវាយទៅលើជន សង្ស័យត្រូវយ៉ាងដំណំ បណ្តាលឲ្យរងរបួសក្បាល ដៃ និងខ្លួន។

លុះពេលម្តាយត្រលប់មកវិញ ក៏រត់ទៅប្ដឹងមេភូមិក្បាលព្រលាន ឲ្យជួយអន្តរាគមន៍ និងប្តឹងសមត្ថកិច្ច ប៉ុន្តែ ឪពុកចុងម្នាក់នេះ បានរត់គេចខ្លួនបាត់ស្រមោល។

លោកវរសេនីយ៍ទោ ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យខាងលើចាប់កូនស្រីដើម របស់ខ្លួនប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេចរួចមក ក៏រត់គេចខ្លួនបាត់អស់រយៈពេលជាច្រើនថ្ងៃខែ។

លោកបន្តទៀតថា ក្រោយមកលោកបាន ទទួលដីកាពីសាលាដំបូងខេត្ត ឲ្យតាមចាប់ខ្លួនបុរសខាងលើ រហូតដល់ថ្ងៃកើតហេតុ ទើបខាងក្រុមការងារសម្ងាត់ផ្តល់ដំណឹងថា ជនសង្ស័យខាងលើបានត្រលប់មកប៉ៃលិនវិញហើយ ដោយកំពុងតែស្នាក់នៅក្នុងផ្ទះបងប្អូនរបស់ខ្លួនស្ថិត នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ទើបខាងលោកដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទ ចុះទៅចាប់ឃាត់ខ្លួននៅទីនោះតែម្តង។

ក្រោយពីឃាត់ខ្លួនរួច ខាងសមត្ថកិច្ចបានរៀបចំបញ្ជូនជន សង្ស័យទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved