ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​បាន​ឲ្យ​ដឹង​ថា ពុំ​មាន​ការ​ដង្ហែ​ក្បួន​ដើម្បី​អបអរសាទរ​ដល់​ក្រុម​កីឡាករ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​មក​ពី​ស៊ីហ្គេម​ឡើយ បើ​ទោះ​ជា​មាន​ការ​លើក​ឡើង​ជា​ច្រើន​​តាម​បណ្ដាញ​សង្គម​ Facebook ​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន។​

បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​ពីរ​ឆ្នាំ​ម្តង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ឬ​ស៊ីហ្គេម​​លើក​ទី​២៧​បាន​បញ្ចប់​ទៅ​នៅ​ប្រទេស​មីយ៉ាន់ម៉ា អ្នក​ប្រើ​បណ្តាញ​សង្គម​ទំនាក់ទំនង Facebook បាន​ស្នើ​ ​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ដើម្បី​អបអរ​សាទរ​ដល់​ក្រុម​កីឡាករ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​មក​មាតុប្រទេស​ជា​មួយ​នឹង​ភាព​ជោគជ័យ។

ក្នុង​នោះ​ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​(ទទក)បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា ៖«ជា​ដំណើរ​ឯកជន​តូច​មួយ​របស់​ខ្ញុំ​ ជូន​ដល់​ក្រសួង​អប់រំ​ ក្រសួង​កិច្ចការ​នារី​ សាលា​រាជធានី​ភ្នំពេញ​ និង​ សិស្ស​ និស្សិត​ ខ្មែរ​ គួរ​តែ​មាន​ពិធី​ទទួល​ និង​ដង្ហែ​យ៉ាង​មហោឡារិក​មួយ​ សម្រាប់​ការ​វិល​ត្រឡប់​ពី​ SEA Game​ របស់​កីឡាការិនី​ កីឡាករ​ខ្មែរ ដែល​ទទួល​បាន​មេដាយ​ មាស​ មេដាយ​ ប្រាក់​ និង​មេដាយ​សំរឹទ្ធ ។ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​ភាពយន្ត​ឯកសារ​ សម្តេច​ឪ​ ថត​ជា​មួយ​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ ក្នុង​សម័យ​ទសវត្សរ៍​ឆ្នាំ​ ៦០​ នៅ​ក្នុង​ GANEFO ចុះ​សម័យ​សម្តេចតេជោ ដែល​កុលបុត្រ​ខ្មែរ​ ដណ្ដើម​បាន​មហា​កិត្តិយស​នេះ ម្ដេច​ក៏​យើង​ធ្វើ​មិន​បាន! ។ សុំ​ទោស​ បើ​ជា​សំណើ​មិន​សម​ស្រប»។

គណៈ​​ប្រតិភូ​កីឡា​កម្ពុជា​ចូល​រួម​ស៊ីហ្គេម​លើក​ទី​២៧

ការ​លើក​ឡើង​របស់​ឯកឧត្ដម​ខាង​លើ​ត្រូវ​បាន​អ្នក​ប្រើ​Facebook ជា​ច្រើន​បាន​យល់​ព្រម និង​លើក​ឡើង​ថា​ជា​គំនិត​ដ៏​ល្អ​ដែល​គួរ​តែ​ធ្វើ​ក្នុង​នាម​ជា​ប្រជា​ជន​កម្ពុជា​​បើ​មិន​បាន​ជួយ​អ្វី​ដល់​កីឡា​ក៏​បង្កើត​ជា​សកម្មភាព​ជួយ​លើក​ទឹក​ចិត្ត​ដល់​​កីឡាករ​ដែរ។

ទោះ​ជា​យ៉ាង​រហូត​ដល់​ពេល​នេះ​ពុំ​មាន​ការ​រៀបចំ​ពិធី​ដង្ហែ​ក្បួន​ឡើយ​ ខណៈ​ក្រុម​កីឡា​កម្ពុជា​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​តាំង​ពី​ដើម​សប្តាហ៍​នេះ​ម្ល៉េះ។

ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​ខាង​លើ​ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា ពុំ​មាន​ពិធី​ហែ​ក្បួន​ដើម្បី​អបអរសាទរ​ដល់​កីឡាករ​កម្ពុជា​​ឡើយ ដោយ​សារ​ពេល​វេលា​មិន​អំណាច​ផល។

ឯកឧត្ដម​មាន​ប្រសាសន៍​ថា ៖«​យើង​ក៏​ចង់​ធ្វើ​ដែរ តែ​ដោយ​សារ​ពេល​វេលា យើង​អត់​អាច​ធ្វើ​បាន។ តាម​ទម្លាប់​កីឡា ការ​ហែ​ក្បួន យើង​ត្រូវ​ធ្វើ​នៅ​ពេល​ក្រុម​កីឡាករ​មក​ដល់​ទឹក​ដី​ប្រទេស​យើង​ដំបូង ប៉ុន្តែ​ក្រុម​កីឡាករ​យើង​ឆ្នាំ​នេះ​មក​ដល់​កម្ពុជា​ពេល​យប់ ដូច្នេះ​យើង​ពិបាក​ក៏​អត់​ធ្វើ​តែ​ម្តង»។

ទោះ​ជា​យ៉ាង​ណា​ឯកឧត្ដម​បន្ថែម​ថា ថ្វី​បើ​ពុំ​មាន​ការ​ហែ​ក្បួន​ ប៉ុន្តែ​ក៏​មាន​ពិធី​ជប់​លៀង​អបអរសាទរ​​មួយ​ចំនួន​ដល់​កីឡាករ​កម្ពុជា​ក្នុង​នោះ​មាន​ពិធី​ជប់​លៀង​ពីណាហ្គាវើល ពី​ស្រាបៀរ​អង្គរ ជា​ពិសេស​ពិធី​ទទួល​ប្រាក់​រង្វាន់​ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

កាល​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៥​នៅ​ប្រទេស​ឡាវ​ឆ្នាំ​២០០៩ ក្រុម​កីឡា​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ពិធី​ដង្ហែ​ក្បួន​តាំង​ពី​ជាយ​ដែន​ឡាវ​ចូល​មក​កម្ពុជា​រហូត​ដល់​រាជធានី​ភ្នំពេញ។ ពេល​នោះ​​មាន​អ្នក​ស្រុក​អ្នក​ភូមិ​នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន​បាន​ទទួល​ស្វាគមន៍ និង​អបអរ​សាទរ​ដល់​ប្រតិភូ​ដង្ហែ​ក្បួន​កីឡា​កម្ពុជា៕

អត្ថបទ៖ ជាន ចាន់រ៉ា

​​