សមាជិក​ខ្លះ​នៃ​ក្រុម​កីឡាករ​បាល់បោះ​ជម្រើស​កម្ពុជា​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៧​នឹង​មិន​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៀត​ទេ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ក្រោយ។ ដំណឹង​នេះ​កើត​ឡើង​នៅ​ព្រឹក​នេះ ខណៈ​វេលា​ម៉ោង​២:៣០​នាទី​រសៀល​នេះ ក្រុម​កម្ពុជា​នឹង​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ឥណ្ឌូណេស៊ី។

កីឡាករ​បាល់បោះ​ខ្មែរ-កាណាដា Ratana Sak ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ព្រឹក​មិញ​​បាន​សរសេរ​លើ​ទំព័រ​Facebook របស់​ខ្លួន​ថា ៖«ថ្ងៃ​នេះ​យើង​ទាំង​អស់​គ្នា​នឹង​លេង​ប្រកួត​ចុង​ក្រោយ​នឹង​ក្រុម​ឥណ្ឌូណេស៊ី វា​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​សម្រាប់​ការ​ប្រកួត​៦​លើក​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៨​ថ្ងៃ។​ សម្រាប់មនុស្ស​មួយចំនួនការ​ប្រកួត​នេះ​គ្មាន​ន័យ​អ្វី​ទេ​សម្រាប់​ពួក​​គេ តែសម្រាប់ពួក​យើង និង​បាល់បោះ​កម្ពុជា ​នេះជា​មហា​​កិត្តិយស ហើយ​ជ័យជម្នះ​មួយ​នេះ​ធំធេង​បំផុត​សម្រាប់​ពួក​យើង។ សម្រាប់​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ខ្លះ​​ ការ​ប្រកួត​នេះ​ប្រហែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ហើយ! មោទនភាព​ជា​ខ្មែរ»។

សារ ដែល Ratana Sak បាន សរសេរ

យោង​តាម​ការ​បង្ហាញ​របស់​កីឡាករ​ខ្មែរ​នៅ​ប្រទេស​កាណាដា​រូប​នេះយើងខ្ញុំបាន​សាក​សួរ​ទៅ​ Ratana ឲ្យ​បញ្ជាក់​បន្ថែម​ទៀត។ Ratana បាន​ប្រាប់​ថា កីឡាករ​ខ្លះ​បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​ ពួក​គាត់​លែង​មក​លេង​នៅ​ស៊ីហ្គេម​លើក​ក្រោយ​ទៀត​ហើយ។

Ratana បាន​និយាយ​ថា ៖«តាម​ខ្ញុំ​ដឹង​កីឡាករ Stephan និង Sophea នឹង​មិន​មក​លេង​នៅ​ស៊ីហ្គេម​លើក​ក្រោយ​ទៀត​ទេ»។ ទោះ​ជា​យ៉ាង​ណា​Sabay មិន​អាច​ទាក់ទង​ដល់​សាមី​ខ្លួន​ទាំង​ពីរ​នាក់​ដើម្បី​បញ្ជាក់​ករណី​នេះ​ទេ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​ជិត​មក​ដល់​ហើយ​នោះ។ កីឡាករ Sophea Tait ជា​កូន​កាត់​ខ្មែរ-អូស្ត្រាលី​កំពុង​រស់​នៅ​ទី​ក្រុង​ស៊ីដនី និង​កំពុង​លេង​ក្នុង​ក្រុម​មហាវិទ្យាល័យ​មួយ។ ចំណែក​កីឡាករ​Stefan Doll-Therro Sao នៅ​ប្រទេស​អូទ្រីស។ ប៉ុន្តែ​មុន​ទៅ​ស៊ីហ្គេម Sophea បាន​ប្រាប់​Sabay ថា គាត់​ពេញ​ចិត្ត​មក​លេង​ឲ្យ​កម្ពុជា​លើក​ក្រោយ​ទៀត។

ដោយ​ឡែក Ratana Sak បាន​ប្រាប់​ថា រូប​គេ​នៅ​តែ​មាន​ចិត្ត​ចង់​មក​លេង​ឲ្យ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​បន្ត​ទៀត​ប្រសិន​បើ​ក្រុម​កម្ពុជា​រៀប​ចំ​បាន​ល្អ។ ទោះ​ជា​យ៉ាង​ណា​កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា រយៈ​ពេល​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ក្រុម​បាល់បោះ​កម្ពុជា​នឹង​កាន់​តែ​ល្អ​ប្រសើរ ហើយ​ក្មេង​ជំនាន់​ក្រោយ​មាន​សមត្ថភាព​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ក្រុម​បាល់បោះ​កម្ពុជា​រីក​ចម្រើន។

ឆ្លង​កាត់​ការ​ប្រកួត​ប៉ុន្មាន​លើក​នៅ​ស៊ីហ្គេម កីឡាករ​នៅ​ទី​ក្រុង​ម៉ង់តេរេអាល់​រូប​នេះ​បាន​ប្រាប់​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ក្រុម​កម្ពុជា។ លោក​ថា កីឡាករ​មាន​ទេព​កោសល្យ​ច្រើន និង​វាយ​បក​លើ​ដៃ​គូ​ប្រកួត​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ក្រុម​កម្ពុជា​ចាញ់​មាឌ និង​កម្ពស់​គេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រារាំង​កីឡាករ​កម្ពុជា​មិន​ឲ្យ​ធ្វើ​អ្វី​បាន​សម្រេច។

នៅ​វេលា​ម៉ោង​២:៣០​រសៀល​នេះ​ក្រុម​បាល់បោះ​កម្ពុជា​នឹង​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ក្រុម​បាល់បោះ​ឥណ្ឌូណេស៊ី មុន​នឹង​ធ្វើ​ដំណើរ​មក​កាត់​មាតុប្រទេស៕

អត្ថបទ​ពាក់ព័ន្ធ៖

កីឡាករ​កូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ពីរ​រូប​និយាយ​អ្វី​​ក្រុម​​បាល់បោះ​ជម្រើស​ជាតិ​ត្រៀម​ស៊ីហ្គេម?

តារា​បាល់បោះ​កម្ពុជា Dominic Dar ជា Top Scorer ​នៅ​ស៊ីហ្គេម

កូន​ខ្មែរ​-កាណាដា Ratana ប្រាប់​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ធំ​បំផុត​ក្នុង​អាជីព​បាល់បោះ​​របស់​ខ្លួន​

អត្ថបទ៖ ជាន ចាន់រ៉ា