ប៉េតង់ ​​​​ប្រភេទ​កីឡា​ដែល​កម្ពុជា​​តែង​តែ​យក​បាន​មេដាយ​​​បាន​ជា​រឿយ​​​ៗ​​ពី​អន្តរជាតិ​​នឹង​ចាប់​​ផ្ដើម​ប្រកួត​ថ្ងៃ​នេះ​ចាប់ពី​ម៉ោង​​៩​ព្រឹក​ទៅ​ក្នុង​​ព្រឹត្តិការណ៍​ ស៊ីហ្គេម ​២០១៣​នៅ​មីយ៉ាន់ម៉ា។

ពីរ​​វិញ្ញាសា​គឺ វាយ​គូ (Double) ផ្នែក​បុរស​ និង​​​វិញ្ញាសា​វាយ​ឯកត្តជន​(Single)​ផ្នែក​នារី​​នឹង​ចាប់​ជម្រុះ​នៅ​ថ្ងៃ​នេះ​​។ នេះ​បើ​តាម​​គេហទំព័រ​​ផ្លូវការ​របស់ ​ស៊ីហ្គេម​២០១៣។

ប៉េតង់ ជា​​កីឡា​ដែល​កម្ពុជា​​ចាត់​ទុក​ថា​មាន​សក្ដានុពល​​​ក្នុង​ការ​យក​មេដាយ​​ថ្នាក់​​តំបន់​និង​​អន្តរជាតិ​។ ក្រោយ​ការ​ដួល​​រលំ​របប​​ខ្មែរ​ក្រហម​​ ប៉េតង់ ​បាន​ក្លាយ​ខ្លួន​​ជា​​កីឡា​ឆ្នើម​ដែល​​អាច​​​នាំ​យក​មេដាយ​​មាស​​​ស៊ីហ្គេម​ឲ្យ​​ កម្ពុជា មុន​គេ​​​​ ពោល​​​គឺ​ឈ្នះ​​វិញ្ញាសា​​ស្ត្រី​២​នាក់​ទល់​២​នាក់​​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​២០០១​នៅ​ម៉ាឡេស៊ី និង​នៅ​ស៊ី​ហ្គេម​លើក​ក្រោយ​មក​ទៀត ប៉េតង់ នៅ​តែ​​បន្ត​ភាព​​ខ្លាំង​ឲ្យ​កម្ពុជា​​​។

​​ស៊ីហ្គេម​​ ឆ្នាំ​នេះ​​​​កម្ពុជា​បាន​បញ្ជូន​​កីឡាករ​​ប៉េតង់​ចំនួន​១២​​នាក់​និង​​កីឡា​ការិនី​១២​នាក់​ទៅ​ប្រជែង​មេដាយ ខណៈ​ដែល​កាល​ស៊ីហ្គេម​​២០១១ ​ប៉េតង់ ​យក​បាន​មេដាយ​ មាស​១ ប្រាក់​១ និង​សំរឹទ្ធ​២​​ មក​វិញ៕

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន​៖ ដឹង​ទេ​ថា​ប៉េតង់​ខ្មែរ​ខ្លាំង​ប៉ុណ្ណា?

អត្ថបទ៖ ប៉ែន សុផាន់ណា​​