ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ U23 កម្ពុជា​ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ ទីម័រ​ខាង​កើត​ ដែល​ជា​ប្រកួត​ទី​៣​ក្នុង​ពូល​ B របស់​ខ្លួន​ នៅ​ម៉ោង​៧​:១៥​នាទី​យប់​នេះ​ នា​កីឡដ្ឋាន​ YTC Stadium ទីក្រុង​រ៉ង់ហ្គូន​ ខណៈ​នេះ​ក៏​ជា​ប្រកួត​ទី​៣​របស់​ទីម័រ​ខាង​កើត​ដែរ​ ហើយ​២​ប្រកួត​កន្លង​មក​នេះ​ ក្រុម​ទាំង​ពីរ​ចាញ់​២​ដង​ដូច​គ្នា។​

ជម្រើស​ជាតិ​ កម្ពុជា​ ថ្វី​ត្បិត​ចាប់​ផ្ដើម​មិន​សូវ​បាន​ល្អ​ ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ ៣​-០​ ប៉ុន្តែ​ក្នុង​ជំនួប​ទល់​នឹង​ ឥណ្ឌូណេស៊ី​ U23 កម្ពុជា​ ត្រូវ​បាន​អ្នក​គាំទ្រ​ក្នុង​ស្រុក​ សរសើរ​មិន​ដាច់​ពី​មាត់​ថា​លេង​បាន​ល្អ​ជាង​លើក​មុន​ៗ​ ខណៈ​កាល​ឆ្នាំ​២០១១​ធ្លាប់​ត្រូវ​ ឥណ្ឌូណេស៊ី​ លត់​ដល់​ទៅ​ ៦​-០​។​ ទោះ​ជា​យ៉ាង​ណា​ គេ​មើល​ឃើញ​ថា​ចង្វាក់​លេង​ពី​ផ្នែក​ក្រោម​ទៅ​ផ្នែក​កណ្ដាល​ បង្ហាញ​ភាព​ប្រសើរ​ឡើង​ ដោយ​ឡែក​តំបន់​ប្រយុទ្ធ​ហាក់​មិន​សូវ​មុត​ស្រួច​ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ បំប៉ោង​សំណាញ់​គូ​ប្រកួត។​

កីឡាករ​កម្ពុជា (ខៀវ)​ និង​កីឡាករ​ឥណ្ឌូណេស៊ី (ក្រហម)​ពេល​ប៉ះ​គ្នា​នៅ​ស៊ីហ្គេម​ទី​២៧

ម៉្យាង​វិញ​ទៀត​ កីឡាករ​ កម្ពុជា​ ត្រូវ​បាន​សង្កេត​ឃើញ​ថា​ ថមថយ​កម្លាំង​ច្រើន​នៅ​១០​ទៅ​១៥​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ ដែល​ជា​កត្ដា​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​យ៉ាង​ងាយ។​ ប្រសិន​បើ​ ក្រុម​របស់​លោក​ Lee Tae Hoon អាច​រក្សា​កម្លាំង​បាន​ពេញ​៩០​នាទី​ និង​រក្សា​ទម្រង់​លេង​បាន​ល្អ​ដូច​កាល​ប្រកួត​ជាមួយ​ ឥណ្ឌូណេស៊ី​ នោះ​ U23 កម្ពុជា​ សង្ឃឹម​ច្រើន​ថា​អាច​ជួប​៣​ពិន្ទុ​ដំបូង​របស់​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​នេះ។​

៥​ប្រកួត​ចុង​ក្រោយ​របស់​ U23 កម្ពុជា​
Friendly: កម្ពុជា​ ១​-១​ Thanh Pho Ho Chi Minh FC (ក្លិប​វៀតណាម)
Friendly: កម្ពុជា​ ១​-០​ សិង្ហបុរី​
Friendly: កម្ពុជា​ ០​-១​ សិង្ហបុរី​
SEA Games: កម្ពុជា​ ០​-៣​ មីយ៉ាន់ម៉ា​
SEA Games: កម្ពុជា​ ០​-១​ ឥណ្ឌូណេស៊ី

ក្រុម​ទីម័រ​ខាងកើត​ មាន​សមាជិក​ភាគ​ច្រើន​ជា​កូន​កាត់​អាមេរិក​ឡាទីន​ ក្នុង​នោះ​មាន​៦​នាក់​លេង​ឲ្យ​ក្លិប​នៅ​បរទេស​ដូច​ជា​ ថៃ​ ឥណ្ឌូណេស៊ី​ ម៉ាកាវ​ និង​ប្រេស៊ីល។​ ទោះ​ជា​យ៉ាង​ណា​ កីឡាករ​លេង​ឲ្យ​ក្លិប​ក្នុង​ស្រុក​ពាក់​លេខ​២៣​ José Carlos ក៏​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​មិន​អាច​មើល​រំលង​បាន​ដែរ​ ត្បិត​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​៤​លើក​ចុង​ក្រោយ​ កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់។​ ម៉្យាង​នោះ​វិញ​ ទីម័រ​ សម្បូរ​ទៅ​ដោយ​កីឡាករ​មាន​កាយ​សម្បទា​អំណោយ​ផល​គឺ​ មាន​មាឌ​ធំ​ បើ​និយាយ​ពី​កម្ពស់​វិញ​ ជា​មធ្យម​១.៧៧​ម៉ែត្រ។​

កីឡាករ ទី​ម័រ​(អាវ​ក្រហម) និង​កីឡាករ​ថៃ (ខៀវ)ប្រកួត​ស៊ីហ្គេម​ទី​២៧

៥​ប្រកួត​ចុង​ក្រោយ​របស់​ U23 ទីម័រ​ខាង​កើត​
Friendly: ទីម័រ​ខាង​កើត​ ០​-០​ ឥណ្ឌូណេស៊ី​
Friendly: ទីម័រ​ខាង​កើត​ ២​-០​ ហ្វីលីពីន​
Friendly: ទីម័រ​ខាង​កើត​ ០​-១​ PSS Sleman (ក្លិប​ឥណ្ឌូណេស៊ី)​
SEA Games: ទីម័រ​ខាង​កើត​ ១​-៣​ ថៃ​
SEA Games: ទីម័រ​ខាង​កើត​ ១​-៣​ មីយ៉ាន់ម៉ា​

ប្រវត្តិ​ជួប​គ្នា​កាល​ស៊ីហ្គេម​លើក​ទី​២៥​ នៅ​ប្រទេស​ឡាវ
U23 កម្ពុជា​ ៤​-១​ ទីម័រ​ខាង​កើត​ U23

ចុះ​ជំនួប​លើក​នេះ​ ប្រិយមិត្ត​ទស្សន៍ទាយ​ថា​ ក្រុម​មួយ​ណា​ទទួល​បាន​៣​ពិន្ទុ?

អត្ថបទ៖​ រស់​ កាណាល់​