Breaking News
Loading...
Friday, December 27, 2013

ក្មេង​ប្រុស ​២​នាក់ ​ត្រូវ​អ៊ុំ​ប្រុស​អ៊ុំ​ស្រី​ចោទ​ថា ​លួច​លុយ​ក្នុង​កន្ត្រក​ ចាប់​វាយ​ធ្វើ​បាប​របួស​ធ្ងន់ ​


ខេត្តបាត់ដំបង ៖ ក្មេងប្រុស ២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវបានអ៊ុំប្រុសអ៊ុំស្រី ប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ដោយចោទប្រកាន់ថា ពួកគេលួចលុយក្នុងកន្រ្តក ក៏ចាប់ពួកគេនៅតាមផ្លូវដាក់លើម៉ូតូឌុបមកផ្ទះរបស់ខ្លួន រួចនាំគ្នាព្រួតវាយយ៉ាងចាស់ដៃ បណ្តាលឲ្យជាំភ្នែក និងខ្លួនប្រាណ សន្លប់ទាំង ២នាក់។

ក្រោយពីដឹងខ្លួន ក្មេងទាំង ២នាក់ បានរត់ទៅផ្ទះប្រាប់ឪពុកម្តាយ និងដឹកតាមរថយន្តយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី២៥ ធ្នូ ២០១៣ ស្ថិតនៅចំណុចក្នុងផ្ទះជនបង្កហេតុ ២នាក់ ប្តីប្រពន្ធ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បន្ទាប់ពីធ្វើសកម្មភាពវាយដំទៅលើក្មេងប្រុសទាំងពីររួច បុរសជាប្តីបានរត់គេចខ្លួនបាត់ស្រមោល តែទោះជាយ៉ាងណាឪពុកម្តាយ ក្មេងប្រុសទាំង ២នាក់ បានប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនស្រ្តី ជាប្រពន្ធយកទៅសួរនាំ។ ជនបង្កហេតុជាប្រពន្ធឈ្មោះ យាយវណ្ណា អាយុ ៤៩ឆ្នាំ ជាអ្នកលក់ឥវ៉ាន់នៅផ្សារ ប្តីឈ្មោះ តាកន អាយុ ៥១ឆ្នាំ បានចោទប្រកាន់ក្មេងប្រុសទាំង ២នាក់ ថា លួចលុយនៅក្នុងកន្រ្តករបស់គាត់អស់ រួចនាំគ្នាដើរទៅផ្ទះ។

ចំណែកក្មេងប្រុសរងគ្រោះ ទី១. ឈ្មោះ រី មោញ អាយុ ១១ឆ្នាំ រងរបួសជាំភ្នែកខាងឆ្វេង ជាំពេញខ្លួនសន្លប់នៅនឹងកន្លែង ដោយសារវាយនឹងបន្ទះរនាបឫស្សី ហើយធាក់បីជើង វាយពីរដៃចំភ្នែក ទី២. ឈ្មោះ ហា លីន អាយុ ១៥ឆ្នាំ រងរបួសជាំភ្នែកខាងស្តាំ ចុកចុងដង្ហើម និងចុកក្រោមឆ្អឹងជំនីរ សន្លប់ ដោយសារវាយច្រើនដៃ និងធាក់ច្រើនជើង។ បន្ទាប់ពីធ្វើសកម្មភាពវាយដំទៅលើក្មេងប្រុសទាំង ២នាក់ ជនបង្កហេតុក៏អូសពួកគេចេញពីផ្ទះឲ្យនៅខាងក្រៅផ្ទះ លុះពួកគេដឹងខ្លួន ក៏រត់ទៅដល់ផ្ទះប្រាប់ឪពុកម្តាយតែម្តង។

តាមការរៀបរាប់ពីកុមារារងគ្រោះទាំង ២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង ២នាក់ បានដើរទៅផ្សារឡែម ស្រុកកំរៀង ចូលទៅក្នុងទឹកដីថៃ លុះពេលត្រលប់មកខ្មែរវិញដល់ផ្ទះលក់ ចាប់ហួយរបស់អ៊ុំពួកគេ ក៏យកលុយរបស់ខ្លួនម្នាក់ ៥០០រៀល ទិញនំអ៊ុំប្រុសស្រីហូប ហើយដើរតម្រង់មកជិតដល់ផ្ទះ ស្រាប់តែស្រ្តីជាប្រពន្ធបានបើកម៉ូតូមកពីក្រោយ រួចហៅពួកគេឲ្យឡើងជិះលើម៉ូតូត្រលប់ ទៅផ្ទះរបស់ពួកគាត់វិញ ហើយសួររកលុយដែលគាត់បានបាត់អស់ពីកន្រ្តក តែក្មេងប្រុសទាំង ២នាក់ ឆ្លើយថា ពួកគេអត់បានលួចលុយទេ ស្រាប់តែពួកគាត់បានប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ដោយទាញបន្ទះរនាបឫស្សីមកវាយ ហើយទាត់ធាក់ទៅលើពួកគេទាំង ២នាក់ តែម្តង។ 

ចំណែកបងស្រីក្មេងប្រុសរងគ្រោះឈ្មោះ សៅ ស្រីនិច អាយុ ១៨ឆ្នាំ បានប្រាប់ឲ្យដឹងថា ឪពុកម្តាយរបស់នាងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឃុំបឹងរាំង ដើម្បីតាមចាប់ជនប្រើអំពើហិង្សាលើក្មេងប្រុសទាំង ២នាក់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងទារឲ្យបង់សងថ្លៃជំងឺចិត្ត ជាទឹកប្រាក់មួយចំនួនទៀតផង ព្រោះនេះ ជាករណីរំលោភលើសិទ្ធិកុមារ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved