ពិធី​ការិនី​ប្រចាំ​​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​របស់​បារាំង នាង Doria Tillier ​បាន​ស្រាត​ដាក់​កម្មវិធី​ព្យាករណ៍​អាកាស​ធាតុ​របស់​នាង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ក្រោយ​បារាំង​បាន​ជាប់​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ World Cup ឆ្នាំ​ក្រោយ។

រឿង​ហេតុ​នេះ​បាន​កើត​ឡើង​ដោយ​សារ ​មុន​បារាំង​ជួប​អ៊ុយក្រែន​នៅ​ជើង​ទី​២ វគ្គ play-off តំបន់​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ អតីត​តារា​ម៉ូឌែល និង​សម្ដែង​​រូប​នេះ បាន​សន្យា​ថា​នឹង​ដោះ​សម្លៀក​បំពាក់​ចេញ​ឲ្យ​អស់​ ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិ​បារាំង អាច​វាយ​បក​យក​ឈ្នះ​អ៊ុយក្រែន​បាន​មែន​នោះ។

នាង Tillier សន្យា​ស្រាត​បើ​បារាំង​ជាប់​ទៅ World Cup

នៅ​ទី​បំផុត​បារាំង​ពិត​ជា​អាច​ធ្វើ​បាន​មែន ពោល​គឺ​យក​ឈ្នះ​អ៊ុយក្រែន ៣-០ នៅ​កីឡដ្ឋាន Stade de France ​ក្រោយ​ចាញ់​នៅ​ទឹក​ដី​អ៊ុយក្រែន ២-០។ ក្រោយ​លទ្ធផល​នេះ នាង Tillier មិន​បាន​លេប​សម្ដី​របស់​ខ្លួន​នោះ​ទេ ​ពោល​គឺ​នាង​​​បាន​ស្រាត​មុខ​កាមេរ៉ា​បង្ហាញ​រូបរាង​អាក្រាត​របស់​នាង​ដាក់​ទូរទស្សន៍​ដូច​ការ​សន្យា​មែន។

យ៉ាង​ណា​ក្ដី ​ការ​ស្រាត​នេះ​​មិន​ដូច​ការ​រំពឹង​ទុក​របស់​ប្រិយមិត្ត​​​​នាង​ប៉ុន្មាន​​​ទេ ត្បិត​នាង​មិន​បាន​ស្រាត​ផ្ទាល់​ដាក់​កាមេរ៉ា​ទូរទស្សន៍​នោះ​ទេ ដោយ​​​នាង​បាន​​​ត្រឹម​​ស្រាត​ហើយ​ថត​ជា​វីដេអូ​មក​ដាក់​​ក្នុង​កម្មវិធី​នាង​ប៉ុណ្ណោះ។ ការ​ស្រាត​នោះ​ទៀត​សោត គឺ​បាន​ត្រឹម​ថត​ពី​ចម្ងាយ​ ហើយ​ចាប់​យក​តែខាង​ក្រោយ​ប៉ុណ្ណោះ។

ក្រោយ​ក្រុម​ជើង​ឯក​ឆ្នាំ​១៩៩៨ ដែល​ដឹក​នាំ​ដោយ​លោក Didier Deschamps ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​២ ពិធី​ការិនី​វ័យ​២៧ឆ្នាំ​រូប​នេះ ​ក៏​បាន​សរសេរ​ក្នុង​ Twitter របស់​នាង​ដែរ​ថា៖ “F***. 2-0 for France. I’m starting to stress”។ ការ​សរសេរ​នេះ​បាន​បង្ហាញ​​ថា​នាង​ក៏​​មិន​​ចង់​ស្រាត​ដាក់​ទូរទស្សន៍​ប៉ុន្មាន​ដែរ។

ចង់​ដឹង​ប្រទេស​ណា​ខ្លះ​ដែល​ជាប់​ទៅ​លេង World Cup ឆ្នាំ​ក្រោយ សូម​ចុច​ត្រង់​នេះ