Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​៣គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជាប់​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ FIFA World Cup ៤លើក​ជាប់​គ្នា ក្រោយ​យក​ឈ្នះ​ស៊ុយអែត ៣-២ ក្នុង​ជើង​ទី​២​នៃ​វគ្គ play-off តំបន់​អឺរ៉ុប​យប់​មិញ​នេះ។

Ronaldo អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

ក្រៅ​ពី​ការ​ស៊ុត​​៣គ្រាប់​ដ៏​ល្អ​របស់​ Ronaldo កីឡាករ​គូ​ប្រជែង​ជើង​ខ្លាំង Zlatan Ibrahimovic របស់​ស៊ុយអែត ក៏​បាន​បំប៉ោង​សំណាញ់​ទី​២គ្រាប់​ផង​ដែរ ពោល​គឺ​ដោយ​ការ​តែត​១គ្រាប់ និង​ស៊ុត​ហ្រ្វីឃីក​១គ្រាប់។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ជើង​ឯក​ឆ្នាំ​១៩៩៨ បារាំង ដែល​ចាញ់​អ៊ុយក្រែន ២-០ កាល​ពី​ជើង​ទី​១ បាន​វាយបក​យក​ឈ្នះ​វិញ ៣-០ ក្នុង​ដី​ខ្លួន​ឯង ដើម្បី​កក់​កៅអី​ទៅ​ប្រេស៊ីល​ទាំង​មិន​គួរ​ឲ្យ​ជឿ។ ៣គ្រាប់​របស់​ក្រុម​លោក Didier Deschamps ​ធ្វើ​បាន​ដោយ​កីឡាករ​ Liverpool, Mamadou Sakho, ​ខ្សែ​ប្រយុទ្ធ​ Real Madrid, Karim Benzema និង​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​​ដោយ​កីឡាករ​អ៊ុយក្រែន Oleg Gusev។

កីឡាករ​ក្រុមបារាំង​អបអរ​ក្រោយ​ជ័យជម្នះ

ជ័យជម្នះ​របស់​បារាំង បាន​ធ្វើ​ឲ្យ​ក្រុម​នេះ​ក្លាយ​ជា​ក្រុម​អឺរ៉ុប​ទី​១​ដែល​អាច​វាយ​បក​រហូត​​ឡើង​ទៅ​ World Cup ក្រោយ​ចាញ់​ជើង​ទី​១​ដល់​ទៅ​២-០។ ចំណែក​បរាជ័យ​របស់​អ៊ុយក្រែន​វិញ បាន​ធ្វើ​ឲ្យ​ក្រុម​នេះ​បន្ត​កំណត់ត្រា​ឈឺ​ចាប់​​នៅ​វគ្គ play-off ពោល​គឺ​ ឆ្នាំ​១៩៩៨ ចាញ់​ក្រូអាត, ២០០២ ចាញ់​អាល្លឺម៉ង់, ២០១០ ចាញ់​ក្រិក ខណៈ play-off ពាន Euro ឆ្នាំ​២០០០ ​ក៏​​ចាញ់​ដែរ គឺ​ចាញ់​ស្លូវើនៀ។

ចំណែក​ក្រុម​នៅ​អឺរ៉ុប​​២​ទៀត​ដែល​ឡើង​ដែរ​នោះ គឺ ក្រិក និង​ក្រូអាត។ លទ្ធផល​ស្មើ ១-១ នៅ​ដី​រ៉ូម៉ានី​ក្នុង​ជើង​ទី​២​យប់​មិញ​នេះ គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​ក្រិក​ជាប់​ទៅ​ប្រេស៊ីល​ក្រោយ​ឈ្នះ​កាល​ពី​ជើង​មុន ៣-១ ហើយ​នោះ។ ចំណែក​ក្រូអាត​ដែល​ស្មើ​អ៊ីស្លង់​ ០-០ ក្នុង​ជើង​ទី១​វិញ ក៏​មាន​មុខ​នៅ​ប្រេស៊ីល​ឆ្នាំ​ក្រោយ​ដែរ ក្រោយ​ស៊ី ២-០ ជើង​ទី​២។

Ronaldo អបអរ​ក្រោយ​ស៊ុត​គ្រាប់​ទី​១

ក្រៅ​ពី​៤ក្រុម​ក្នុង​តំបន់​អឺរ៉ុប​នេះ ក្រុម​២ទៀត​ក្នុង​តំបន់​អាហ្វ្រិក​ក៏​បាន​កក់​សំបុត្រ​យន្តហោះ​ទៅ​ប្រេស៊ីល​ដែរ គឺ​ហ្គាណា និង​អាល់ហ្សេរី។ ហ្គាណា​បាន​ចាញ់​ហ្គាណា ២-១ ក្នុង​ជើង​ទី​២​យប់​មិញ ប៉ុន្តែ​នៅ​តែ​ជាប់​ក្រោយ​ក្រុម​នេះ​ស៊ី​ដល់​ទៅ​ ៦-១ ទៅ​ហើយ​នោះ​កាល​ពី​ជើង​ទី​១។ ចំណែក​អាល់ហ្សេរី​វិញ ក៏​ជាប់​ដែរ ក្រោយ​ឈ្នះ​ប៊ូគីណាហ្វាសូ ១-០ (ជើង​ទី​១​ចាញ់ ៣-២​ តែ​ឈ្នះ​ដោយ​សារ​រូបមន្ត away goal)។

សរុប​មក​វិញ គិត​មក​ទល់​ពេលនេះ ក្រុម​ជាប់​ទៅ​ World Cup រក​ឃើញ​៣០ក្រុម​ហើយ នៅ​សល់​តែ​២ក្រុម​ទៀត​ប៉ុណ្ណោះ។ ២ក្រុម​នោះ នឹង​ដឹង​ក្រោយ​ការ​ប្រកួត​ play-off ឆ្លង​ទ្វីប​ រវាង​ នូវែលហ្សេឡង់ និង​ម៉ិកស៊ីកូ ម៉ោង១​រសៀល​នេះ (ជើង​ទី​១ ម៉ិកស៊ីកូ ឈ្នះ ៥-១) ខណៈ​អ៊ុយរុយហ្គាយ ជួប​ ហ្សកដានី ម៉ោង​៦ព្រឹក​ស្អែក (ជើង​ទី​១ អ៊ុយរុយហ្គាយ ឈ្នះ​៥-០)។

ក្រុម​ទាំង​៣០​ មាន​ដូច​ខាង​ក្រោម៖ ​

តំបន់ ប្រទេស​ដែល​ជាប់​ទៅ World Cup
អាស៊ី ជប៉ុន, កូរ៉េខាងត្បូង, អ៊ីរ៉ង់, អូស្ត្រាលី
អឺរ៉ុប បែលហ្សិក, បូស្នី-ហឺហ្ស៊េហ្គោវីណា, អង់គ្លេស, អាល្លឺម៉ង់, អ៊ីតាលី, ហុល្លង់, ព័រទុយហ្គាល់, រុស្សី, ស្វីស, អេស្ប៉ាញ, ក្រូអាត, បារាំង, ក្រិក​
អាហ្វ្រិក កាមេរ៉ូន, ហ្គាណា, កូឌីវ័រ, ​អាល់ហ្សេរី, នីហ្សេរីយ៉ា
អាមេរិក​កណ្ដាល, ខាង​ជើង, ការីប៊ីន (CONCACAF) កូស្ដារីកា, ហុងឌុយរ៉ាស់, សហរដ្ឋ​អាមេរិក
អាមេរិក​ខាង​ត្បូង អាហ្សង់ទីន, ប្រេស៊ីល (ម្ចាស់​ផ្ទះ), កូឡុំប៊ី, អេក្វាឌ័រ, ឈីលី

តើ​២ក្រុម​ណា​នឹង​ឡើង​ទៅ​បង្រ្គប់​៣២ក្រុម​នៅ​ World Cup 2014?

កីឡាករ​ក្រុម​ព័រទុយហ្គាល់​នាំ​គ្នា​លោត​អបអរ​លើ Ronaldo ក្រោយ​ស៊ុត​គ្រាប់​ទី​៣

Evra ថើប​គ្រូ​បង្វឹក Didier Deschamps ក្រោយ​ចប់ការ​ប្រកួត

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត៖