ក្នុង​ជំនួប​មិត្តភាព​សាក​ជើង​យប់មិញ​នៅ​លើ​ទឹកដី​ដែល​ខ្លួន​លើក​ពាន​ World Cup ឆ្នាំ​២០១០ ​ក្រុម​ជម្រើស​ជាតិ​លំដាប់​ទី​១​ពិភពលោក ​អេស្ប៉ាញ ​រង​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ អាហ្វ្រិកខាងត្បូង ខណៈ​ក្រុម​តោ​កំណាច​អង់គ្លេស​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​លើក​ទី​២​ជាប់​​ៗ​គ្នា​ជា​លើក​ដំបូង​​នៅ​ Wembley ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ ដោយ​ចាញ់ អាល្លឺម៉ង់ ​១-០ ​ស្រប​ពេល ​ជប៉ុន ​ផ្ដួល ​ម្ចាស់​ផ្ទះ​ បែលហ្ស៊ិក ​៣-២។​

លោក​ Vincent Del Bosque ​គ្រូ​បង្វឹក​ក្រុម​គោ​ជល់​អេស្ប៉ាញ​ ​ដាក់​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​សឹង​តែ​ពេញ​ជើង​ទៅ​ហើយ​យប់មិញ ​តែ​មិន​អាច​ធ្វើ​អ្វី​លើ​ម្ចាស់​ផ្ទះ ​អាហ្វ្រិកខាងត្បូង​បាន​សោះ។ ផ្ទុយ​ទៅ​វិញ ​ការ​ឆ្កឹះ​រំលង​ដៃ​អ្នកចាំទី​ Iker Casillas ​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​ Bernard Parker ក្នុង​នាទី​ទី​៥៦ ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ អាហ្វ្រិកខាងត្បូង ​ឆក់​យក​ជ័យជម្នះ​នៅ​ចំពោះ​មុន​អ្នក​ទស្សនា​ផ្ទាល់​ប្រហែល​៤​ម៉ឺន​នាក់។



បន្ទាប់​ពី​ចាញ់​ ឈីលី​ ២-០ ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អង់គ្លេស បន្ត​ចាញ់​ជា​លើក​ទី​២​​ជាប់​​គ្នា​នៅ​លើ​ទឹកដី​ខ្លួន​ឯង​ ដោយ​ត្រូវ​ អាល្លឺម៉ង់ ផ្ដួល ១-០។ ​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​កើត​ឡើង​ដោយ​ការ​តែត​បញ្ចូល​ទី​របស់​ខ្សែ​ការពារ Per Mertesacker ​ក្នុង​នាទី​ទី​៣៩។

យប់មិញ​នេះ​ដែរ ​ក្រុម​ខ្លាំង​របស់​អាស៊ី ​ជប៉ុន ​បាន​ធ្វើ​រឿង​អស្ចារ្យ​មួយ​ទៀត​បន្ទាប់​ពី​ស្មើ​នៅ​ដី​ ​ហុល្លង់ ​២-២ សប្ដាហ៍​មុន ​ដោយ​បំបាក់​ម្ចាស់​ផ្ទះ បែលហ្សិក ​ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​លេង​នៅ Barclays Premier League ក្នុង​លទ្ធផល ៣-២។ Kevin Miralas របស់​ក្លិប​ Everton ​ស៊ុត​ឱ្យ ​បែលហ្ស៊ិក ​ដែល​មាន​ឈ្មោះ​ទៅ​លេង​ World Cup ​ជា​លើក​ដំបូង​តាំង​ពី​​ក្រោយ​ឆ្នាំ​២០០២​ នាំមុខ​ក្នុង​នាទី​ទី​១៥។ តែ​បន្ទាប់​ពី​នោះ​មក គឺ​ជា​វេន​របស់ ជប៉ុន ម្ដង ពោល​ ខ្សែ​ប្រយុទ្ធ Yōichirō Kakitani ខ្សែ​បម្រើ​ប្រយុទ្ធ Keisuke Honda និង Shinji Okazaki រក​បាន​មួយ​គ្រាប់​ម្នាក់​ក្នុង​នាទី​ទី​៣៧,៥៣​និង​៦៣​ឱ្យ ជប៉ុន នាំ​មុខ​៣-១​វិញ។ ឈាន​ដល់​នាទី​ទី​៧៩ ខ្សែ​ការពារ Toby Alderweireld វាយ​បក​ឱ្យ​ បែលហ្ស៊ិក តាម​ពី​ក្រោយ ២-៣ ហើយ​គ្រាប់​បាល់​នេះ​នៅ​ថេរ​រហូត​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។

ហុល្លង់ ស្មើ ០-០ ទល់​នឹង កូឡុំប៊ី ខណៈ​កីឡាករ Jermaine Lens ទទួល​កាត​ក្រហម​តាំង​ពី​នាទី​ទី​៣៥

Tim Cahill រក​ជ័យជម្នះ​១-០​ ឱ្យ អូស្ត្រាលី លើ​ កូស្តារីកា