នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ទស្សនាវដ្ដី​ជប៉ុន​មួយ​បាន​ចុះ​ផ្សាយ​ថា បន្ទាប់​ពី​តារា​ចម្រៀង Nicole ដើរ​ចេញ​ពី​ក្រុម KARA ដោយ​មាន​ហេតុផល​ចំនួន​ពីរ​គឺ ​នាង​អាច​ទៅ​​រៀន​នៅ​សហរដ្ឋ​អាមេរិក ឬ​បើក​ហាង​នំប៉័ង​នៅ​សង្កាត់​ Shibuya​ ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

Nicole បាន​ចាកចេញ​ពី​ក្រុម KARAបើ​ទោះ​ជា​ការ​ចរចា​ជាមួយ​ខាង​ផលិតកម្ម​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ក៏​ដោយ។

ទស្សនាវដ្ដី Josei Jisin ​បាន​សរសេរ​​ថា “ចាប់​ពី​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ Nicole ចង់​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​រយៈពេល​កន្លះ​ឆ្នាំ។ ការ​សិក្សា​នៅ​បរទេស​នេះ​គឺ ជា​ហេតុផល​ដែល​នាង​ដើរ​ចេញ​ពី​ក្រុម KARA។

ទស្សនាវដ្ដី​នោះ​ក៏​បាន​និយាយ​ដែរ​ថា Nicole មាន​គម្រោង​បើក​ហាង​នំប៉័ង​នៅ​ជប៉ុន “Nicole មាន​ទេពកោសល្យ​ផ្នែក​ដុត​នំប៉័ង​ និង​នំ​គុកគី ហើយ​នាង​ក៏​ធ្លាប់​គិត​ចង់​បើក​ហាង​លក់​នំ​ផ្ទាល់​ខ្លួន​មួយ​​ផង​ដែរ។ នាង​កំពុង​ស្វែង​រក​ទី​តាំង​នៅ Shibuya ហើយ​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ម្ដាយ​របស់​នាង​ក៏​មាន​ហាង​លក់​អាហារ​កូរ៉េ​ផង​ដែរ​នៅ Nakameguro”។

អត្ថបទ​ពាក់ព័ន្ធ៖ KARA ​​​ជួប​​គ្រោះ​ធំ​ព្រោះ​​​សមាជិក​ម្នាក់​ដើរ​ចេញ​ ម្នាក់​ទៀត​ចង់​ផ្ដោត​លើ​ការសិក្សា​

តាំង​ពី​ Nicole ចាក​ចេញ​ពី​ផលិតកម្ម DSP មក មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់​ទង​នឹង​នាង​ទៅ​រៀន​នៅ​បរទេស ចាប់​ផ្ដើម​សម្ដែង​ម្នាក់​ឯង ឬ​ក៏​បើក​ហាង​នំប៉័ង ក៏​ប៉ុន្តែ​មិន​ទាន់​មាន​អ្វី​បញ្ជាក់​ជា​ផ្លូវ​ការណ៍​នៅ​ឡើយ​ទេ រួម​ទាំង​ព័ត៌មាន​ដោយ​ទស្សនាវដ្ដី Josei Jisin នេះ​​មួយ​ទៀត។ ​រាល់​ព័ត៌មាន​ទាំង​អស់​ច្រើន​​​តែ​យោង​តាម​សម្ដី​​អ្នក​សិល្បៈ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ប៉ុណ្ណោះ។ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ Nicole មាន​គម្រោង​យ៉ាង​ណា​សម្រាប់​ថ្ងៃ​អនាគត៕