Lionel Messi បាន​និយាយ​កោតសរសើរ​ទម្រង់​លេង​បច្ចុប្បន្ន​របស់​គូ​ប្រជែង Cristiano Ronaldo នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​​​​​ពេល​ទទួល​ពាន​ស្បែក​ជើង​មាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

Messi ទទួល​ស្បែក​ជើង​មាស​ក្រោយ​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ​ក្នុង​លីក​រដូវ​កាល​មុន

ខ្សែ​ប្រយុទ្ធ​ ​​​វ័យ​២៦ឆ្នាំ​រូប​នេះ បាន​ទទួល​ពាន​រង្វាន់​ស្បែកជើង​មាស​​ក្នុង​នាម​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​លីក​កាល​ពី​រដូវ​កាល​មុន​ (៤៦គ្រាប់) លើស​កីឡាករ​ឯ​ទៀត​ក្នុង​លីក​​តំបន់​អឺរ៉ុប។ នៅ​ក្នុង​ពិធី​នោះ Messi បាន​ផ្ដល់​ការ​គោរព​ដល់​​គូ​ប្រជែង​​រួម​អាជីព​ Ronaldo ដោយ​បាន​និយាយ​ប្រាប់​កាសែត​កីឡា​របស់​អេស្ប៉ាញ Marca ​ដូច​ខាង​ក្រោម​នេះ៖

“ខ្ញុំ​មិន​ដឹង​ថា​តើ Cristiano Ronaldo កំពុង​ឡើង​ដល់​ចំណុច​កំពូល​របស់​គាត់​ឬ​ក៏​នៅ​នោះ​ទេ ប៉ុន្តែ​គាត់​តែងតែ​ស៊ុត​បញ្ចូល​ទី​នៅ​គ្រប់​ការ​ប្រកួត ទាំង​សម្រាប់​ក្លិប និង​សម្រាប់​ជម្រើស​ជាតិ។ គាត់​អាច​ធ្វើ​បាន​បែប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ទោះ​បី​ជា​គាត់​​កំពុង​ដល់​ចំណុច​កំពូល ឬ​ក៏​ខ្វះ​បន្តិច​ដល់​ក៏​ដោយ ក៏​មិន​មាន​អ្វី​ខុស​គ្នា​​ទេ”។

ការ​និយាយ​សរសើរ​នេះ គឺ​​ចំ​ពេល​ដែល Ronaldo បាន​ស៊ុត​ហ៊ែតទ្រីក​ជួយ​ឲ្យ​ព័រទុយហ្គាល់​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ World Cup ជា​លើក​ទី​៤​ជាប់​គ្នា ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ (ចុច​អាន​លម្អិត)។

Ronaldo ស៊ុត​​ចូល​ទី​​​៤គ្រាប់​ក្នុង​ជំនួប play-off World Cup ទាំង​២ជើង​ទល់​នឹង​ស៊ុយអែត

Messi ដែល​មិន​អាច​ចូល​លេង​បាន​ដល់​ទៅ​៨សប្ដាហ៍​ដោយ​សារ​របួស​ ក៏​បាន​លើក​ឡើង​ពី​ក្ដី​ស្រមៃ​ចង់​ឈ្នះ​ពាន World Cup នោះ​ដែរ។ ខ្សែ​ប្រយុទ្ធ​ដែល​ឈ្នះ​ពាន Ballon d’Or ៤ឆ្នាំ​ជាប់​គ្នា​រូប​នេះ បាន​ចាត់​ទុក​ ប្រេស៊ីល អាល្លឺម៉ង់ និង​អេស្ប៉ាញ ជា​គូ​ប្រជែង​ធំ​បំផុត​សម្រាប់​អាហ្សង់ទីន​នៅ World Cup ខណៈ​ Real Madrid និង Bayern Munich ជា​គូប្រជែង​ដ៏​តានតឹង​ក្នុង​ការ​ដណ្ដើម​ពាន UEFA Champions League។​

មិន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ ទាំង​ Messi និង Ronaldo សុទ្ធ​តែ​ជាប់​ក្នុង​បញ្ជី​បេក្ខភាព​កីឡាករ​ដណ្ដើម​ពាន Ballon d’Or ឆ្នាំ​នេះ។ មាន​មតិ​ជា​ច្រើន​បាន​ធ្វើ​ការ​ប្រៀបធៀប​កីឡាករ​ទាំង​ពីរ​ ខណៈ​ប្រិយមិត្ត​របស់យើងខ្ញុំក៏​បាន​ចូលរួម​បោះឆ្នោត​ស្ទង់​មតិ​ជា​ច្រើន​​ផង​ដែរ ដែល​លទ្ធផល​គឺ​ Ronaldo កំពុង​នាំ​មុខ​គេ​គិត​ត្រឹម​ព្រឹក​នេះ (១៦៨៣សំឡេង) តាម​ពី​ក្រោយ Messi (៥៩៨សំឡេង), Robin van Persie (២៦១សំឡេង), Mesut Ozil (១៨១សំឡេង), Neymar (១៥៧) និង Franck Ribery (១២៧សំឡេង) (ចុច​អាន​លម្អិត​ទី​នេះ)។

Messi និង Ronaldo គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​

សម្រាប់​ប្រិយមិត្ត​វិញ មាន​អ្វី​ចង់​និយាយ​ដែរ?

អត្ថបទ​ទាក់ទង៖ “Ronaldo ឬ Messi?”, “Messi ឬ Ronaldo?” ​សំណួរ​​​​​ពេញ​និយម​ក្នុង​បាល់ទាត់