កីឡា​ប៉េតង់ ​ដែល​​ជា​កីឡា​​មាន​សក្ដានុពល​របស់​កម្ពុជា​បច្ចុប្បន្ន​ ដោយ​ទើប​តែ​នាំ​មេដាយ​​ជា​ច្រើន​​ទាំង មាស ប្រាក់ សំរឹទ្ធ មក​ពី​ឆាក​អន្តរជាតិ​កាល​ពី​​ចុង​ខែ​តុលា​កន្លង​​ទៅ ត្រូវ​បាន​ប្រទេស​សិង្ហបុរី ជា​មិត្ត​ ​មក​​សុំ​រៀន​សូត្រ​ជាមួយ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ពេល​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ ២០១៥ ខាង​មុខ។

លោក ឯម ហៀង នៅ​កណ្ដាល

យោង​តាម​លោក ឯម ហៀង អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា បាន​ប្រាប់​ថា ខាង​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​សិង្ហបុរី បាន​មក​ពិភាក្សា​ជាមួយ​សហព័ន្ធ​​ប៉េតង់​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី ១២ វិច្ឆិកា កន្លង​ ដើម្បី​បញ្ជូន​យុវជន​របស់​ប្រទេស​​​គេ​​មក​រៀន​សូត្រ​ជាមួយ ដោយ​មាន​ទាំង​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រូ​បង្វឹក​ខ្មែរ​មួយ​ចំនួន​ទៀត​ផង។

ខាង​ភាគី​សិង្ហបុរី ​នឹង​​បញ្ជូន​កីឡាករ​​របស់​ខ្លួន​មក​​ហ្វឹកហាត់​នៅ​​កម្ពុជា​អំឡុង​​ខែ កុម្ភៈ ឬ មិនា ឆ្នាំ ២០១៤ ខាង​មុខ ដោយ​ចេញ​ថ្លៃ​ស្នាក់​នៅ ហូប​ចុក​ ដល់​សិស្ស​របស់​គេ។ ” ដំបូង​ឡើយ​គេ​​គ្រោង​ឱ្យ​សិស្ស​គេ​ទៅ​ហ្វឹកហាត់​នៅ​ថៃ​ទេ ប៉ុន្តែ​​គេ​​បាន​ប្ដូរ​មក​ជ្រើស​យក​កម្ពុជា​​វិញ​ដោយ​សារ​ឃើញ​ថា​ខ្មែរ​យើង​ខ្លាំង​ដូច​ថៃ​ដែរ ណាមួយ​​យើង​ទើប​ឈ្នះ​មេដាយ​​មាស ពិភពលោក និង មេដាយ​​ជា​ច្រើន​ក្នុង​ការ​​ប្រកួត​ជ្រើសរើស​​ជើង​ឯក​អាស៊ី កាល​ពី​ពេល​ថ្មីៗ។ ​ម៉្យាង​ទៀត​​គេ​ថា​ខ្មែរ​យើង​ស្មោះ​ត្រង់​ជាង”។ លោក ឯម ហៀង បញ្ជាក់។

អត្ថបទពាក់ព័ន្ធ៖ ប៉េតង់ ​នាំ​មេដាយ​មាស​​​និង​សំរឹទ្ធ​មក​ពី​​ប្រទេស​​បារាំង ជូន​ជាតិ​ក្នុង​រដូវ​ភ្ជំបិណ្ឌ

កន្លង​មក​​​កាល​ពី​សីហ្គេម ២០០១ ប្រទេស​ម៉ាឡេស៊ី ធ្លាប់​ទទូច​ចង់​ឱ្យ​គ្រូ​​បង្វឹក​ខ្មែរ​ទៅ​បង្ហាត់​ដល់​សិស្ស​គេ ដោយ​ផ្ដល់​ប្រាក់​ខែ ជាង ១០០០ ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រូវ​ខាង​កម្ពុជា​បដិសេធន៍។ ក្រោយ​មក​ទៀត​ ក្នុង​ឆ្នាំ ២០០៥ ក្នុង​នាម​ជា​​ម្ចាស់​ផ្ទះ ស៊ីហ្គេម ហ្វីលីពីន បាន​សុំ​អញ្ជើញ​​​គ្រូ​បង្វឹក​ខ្មែរ ឱ្យ​ទៅ​បង្ហាត់​កីឡាករ​ ម្ដង ហើយ​ចំពេល​គ្រូ​​របស់​កម្ពុជា​ទៅ​ប្រជុំ​នៅ​ហ្វីលីពីន ផង​ក៏​សម្រេច​ទទួល​បង្ហាត់​តែ​ម្ដង​ទៅ៕