បុរសចំណាស់ម្នាក់ត្រូវរថយន្តកាមរីបុកស្លាប់ភ្លាមៗ រួចបើកគេចបាត់ស្រមោល
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគាត់ដើរតាមផ្លូវ ក៏ត្រូវរថយន្តកាមរី ១គ្រឿង ពណ៌ស អត់ស្គាល់ស្លាកលេខ ធ្វើដំណើរយ៉ាងលឿនតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ក៏បានរេចង្កូតទៅបុកបុរសខាង លើពេញទំហឹងតែម្តង ហើយរថយន្តបង្កបានបើកគេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១០នាទី យប់ថ្ងៃទី៣១ តុលា ២០១៣ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បុរសរងគ្រោះមានឈ្មោះ មាស សារិន អាយុ ៥១ឆ្នាំ មុខរបរកម្មករលើកដាក់ អេតចាយឲ្យស្តង់មួយកន្លែង។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានដើរទៅទិញកាតទូរស័ព្ទ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបុកស្លាប់តែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីនាំខ្លួនម្ចាស់មកធ្វើការ ដោះស្រាយតាមផ្លូវច្បាប់៕
0 comments:
Post a Comment