គម្រោង​ពង្រីក​បន្ថែម​ទំហំ​ប្រលាន​យន្ត​ហោះ​​ខ្នាត​អន្តរជាតិ​ចំនួន​ពីរ​របស់​កម្ពុជា គឺ​​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ និង​ សៀមរាប ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពី​ថ្ងៃ​ទី ៦ វិច្ឆិកា ម្សិលមិញ ដោយ​ត្រៀម​កញ្ចប់​ទឹកប្រាក់​ចំណាយ​ប្រមាណ ៨៧លានដុល្លារ​អាមេរិក។

ក្រុមហ៊ុន​សាងសង់​ម៉ាឡេស៊ី Muhibbah Engineering (M) Bhd បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​បារាំង ​Societe Concessionnaire de L’Aeroport ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ចំនួន​ពីរ​ដើម្បី​សាងសង់ និង​ពង្រីក​បន្ថែម​ប្រលាន​យន្តហោះ​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា ​ប៉ុន្តែ​គម្រោង​នេះ មិន​បាន​បញ្ជាក់​ពី​ទំហំ​ផ្ទៃ​ដី ដែល​ត្រូវ​​ពង្រីក​​លើ​ប្រលាន​​ទាំង​ពីរ​នេះ​ទេ។

អាន៖ កន្លែងណា​ទាក់ទាញ​បំផុត​នៅ​ភ្នំពេញ?

យន្តហោះ​VIP នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

គម្រោង​ពង្រីក​ផ្ទៃដី និង​សាងសង់​អគារ​បន្ថែម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បរិមាណ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​កំណើន​យ៉ាង​គំហុក​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ជាក់​ស្ដែង​ បើ​​យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា កាល​ពី​ឆ្នាំ ២០១២ បាន​បង្ហាញ​ថា ក្រសួង​នេះ អាច​រក​ចំណូល​មិន​តិច​ជាង ២,២ពាន់​លាន​ដុល្លារ​អាមេរិក​ទេ ពី​ភ្ញៀវ​ទេសចរណ៍​ប្រហែល​ ៣លាន ៥៨ម៉ឺន​នាក់។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្ដម ថោង ខុន បាន​បង្ហាញ​ក្ដី​រំពឹង​ទុក​ថា ឆ្នាំ ២០១៣​នេះ អ្នក​ទេសចរណ៍​នឹង​បន្ត​មក​ទស្សនា​កម្ពុជា មិន​ក្រោម ៤លាន​នាក់​ឡើយ។

អាន៖ វៀតណាម​ត្រៀម​ជាង ៨ពាន់​លាន​ដុល្លារ​សង់ ​ប្រលាន​យន្ត​ហោះ​ថ្មី​៤

សារព័ត៌មាន ​ដឺស្ដារ របស់​ម៉ាឡេស៊ី ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​​ព្រមព្រៀង​ កាល​ពី​ម្សិលមិញ​តទៅ ក្រុមហ៊ុន​ដៃគូ​ទទួល​បន្ទុក​សាងសង់​​ទាំង​ពីរ​ខាងលើ​ព្យាករណ៍​​ថា គម្រោង​នេះ​នឹង​បញ្ចប់​រួច​រាល់​ជា​ស្ថាពរ​ត្រឹម​ចុង​ឆ្នាំ ២០១៥ ដោយ​ត្រូវ​ពេលវេលា​ប្រហែល​ជា ២៨ខែ (២ឆ្នាំ ៤ខែ) សម្រាប់​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ និង ២៣ខែ (ខ្វះ​១ខែ ២ឆ្នាំ) សម្រាប់​គម្រោង​ពង្រីក​អាកាសយានដ្ឋាន​សៀមរាប​អន្តរជាតិ។

អាន៖ ៥ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លឿន​បំផុត​ក្នុង​លោក

រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​​ដល់​ក្រុមហ៊ុន​បារាំង SCA (៧០%) និង​ក្រុមហ៊ុន​ម៉ាឡេស៊ី Muhibbah Masteron Cambodia (៣០%) គ្រប់គ្រង អាកាសយានដ្ឋាន​ចំនួន​៣ រួមមាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​អាកាសយានដ្ឋាន​ក្នុង​ស្រុក ក្រុង​ព្រះសីហនុ រយៈពេល ២៥ឆ្នាំ តាំង​ពី​ឆ្នាំ ១៩៩៥មក៕​