​​យោង​តាម​សេចក្ដី​ជូន​ដំណឹង​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ថ្មី​មួយ​​ទៀត ​​ដែល​ធ្វើ​ដំណើរ​កាត់​លើ ​ផ្ទៃ​សមុទ្រ​ភាគ​ខាងត្បូង​ជ្រោយ​ឥណ្ឌូចិន ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា​នេះ។

ឥទ្ធិពល​នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​​ពី​មធ្យម​ទៅ​​​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​​​ ​​ក្រុង​ទាំង​អស់​នៅ​​ទូទាំង​ប្រទេស​ដែល​ក្នុង​នោះ​​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ បាត់ដំបង កំពង់​ស្ពឺ កណ្ដាល ស្វាយរៀង ព្រៃវែង តាកែវ កំពត កែប និង​ខេត្ត​ព្រះសីហនុ។ រលក​សមុទ្រ ​អាច​មាន​ខ្យល់​ខ្លាំង​មាន​កម្ពស់​ចាប់ពី​ ១ម៉ែត្រ​ទៅ​ ២​ម៉ែត្រ។

សូម​មើល​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ខាងក្រោម​នេះ៖

ដោយឡែក ​​ព្យុះសង្ឃរា​ដ៏​សាហាវ​ថ្មី​​មួយ​ទៀត​ នឹង​បោកបក់​​មក​លើ​​ដែន​ដី​ហ្វីលីពីន​នៅ​ព្រឹក​​​ថ្ងៃ​សុក្រ​ស្អែក​នេះ​ ដែល​​គេ​រំពឹង​ថា នឹង​បង្ក​គ្រោះ ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្តិ​និង​អាយុ​ជីវិត​ប្រជាពលរដ្ឋ​របស់​ខ្លួន​​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ឧតុនិយម​ជាតិ​របស់​ហ្វីលីពីន​​ប្រកាស​ឲ្យ​ដឹង​កាល​ពី​​ម្សិលមិញ។

ដោយ​មាន​ល្បឿន ២៨១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ព្យុះ​ទីហ្វុង Haiyan ​​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​​​​​​ធ្វើ​ឲ្យ​​មាន​ភ្លៀង​ធ្លាក់​ជា​គំហុក​​​បង្ក​ជា​ទឹកជំនន់​ធ្ងន់ធ្ងរ បាក់​ដី និង​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​  ព្រម​ទាំង​អាច​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​មហាសាល​ទៀត​ផង។

សូមចុចអាន៖ ស្គាល់​​​ឈ្មោះ​រូបិយប័ណ្ណ​​របស់​​ប្រទេស​អាស៊ាន​​ទាំង​១០​ហើយ​ឬនៅ?

ផ្អែកលើ​ការ​អះអាង​របស់​ទីភ្នាក់ងារ​ ឧតុនិយម​ជប៉ុន​​វិញ​ បាន​បញ្ជាក់​ថា ព្យុះសង្ឃរា Haiyan ជា​ប្រភេទ​ព្យុះ​សង្ឃរា​ ក៏​​សាហាវ​បំផុត​ក្នុង​ចំណោម​ព្យុះសង្ឃរា​ផ្សេងៗ​ទៀត​ប្រចាំ​ឆ្នាំ​២០១៣​នេះ។  ក៏ប៉ុន្តែ ព្យុះ​នេះ​នឹង​អាច​សហាវ​ជាង​នេះ ​រហូត​ជាប់​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ចំណោម​ព្យុះ​សាហាវ​បំផុត​ក្នុង​លោក ប្រសិន​បើ​វា​ស្ថិត​នៅ​ដែន​មហាសមុទ្រ​អាត្លង់ទិច។

​ប្រជាពលរដ្ឋ​ ១២​លាន​នាក់​ដែល​កំពុង​រស់​នៅ​ទីក្រុង​ម៉ានីល​គឺ​ជា​មុខព្រួញ​នៃ​ព្យុះ​នេះ ខណៈ​ដែល​មនុស្ស​១០​លាន​នាក់​ផ្សេង​ទៀត​ដែល​រស់​នៅ​ភាគ​កណ្ដាល​ប្រទេស​​ត្រូវ​គេ​រំពឹង​ថា នឹង​ទទួល​រង​ការ​គំរាមកំហែង​​យ៉ាង​ធ្ងន់ធ្ងរ​​ផងដែរ។


ប្រជាជន​ជម្លៀសចេញ​ពី​ទឹកជំនន់​នៅ​ហ្វីលីពីន​បង្កឡើង​ដោយ​ខ្យល់ព្យុះ​នៅ​ពេល​កន្លងមក

សូមចុចអាន៖ ទឹកជំនន់​នៅ​ហ្វីលីពីន​កើន​ឡើង​ខ្ពស់​ហួស​ចំណុច​ប្រកាស​អាសន្ន

មក​ទល់នឹង​ពេល​នេះ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាស​អាសន្ន​រួចហើយ​​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទន្ទឹម​នឹង​ការ​ត្រៀម​បញ្ជូន​អ្នក​ជួយ​សង្គ្រោះ​នៅ​ពេល​ព្យុះ​នេះ​មកដល់​នៅ​ពេល​ខាងមុខ៕