រថយន្តក្រុមហ៊ុនភ្នំពេញសូរិយាដឹកភ្ញៀវ ដាច់កង់របូតចេញបុកម៉ូតូ ១គ្រឿង របួសម្នាក់ សងសំណង ៥០ម៉ឺនរៀល បញ្ចប់រឿង
ខេត្តបន្ទាយមានជ័យ ៖ រថយន្តក្រុមហ៊ុនភ្នំពេញ សូរិយាដឹកភ្ញៀវពេញ ដាច់កង់រត់ជិត ១០០ម៉ែត្រ រួចបុកអ្នកជិះម៉ូតូពីមុខពេញទំហឹង បណ្តាលឲ្យរបួសស្រាលម្នាក់ ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងសងសំណង ៥០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង ដែលហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពី វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១០ វិចិ្ឆកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
លោក ថ្លឹង វិចិត្រ នាយផ្នែកនគរបាល ចរាចរណ៍ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តក្រុមហ៊ុនភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A.4918 ចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តសៀមរាប ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដែលមានអ្នកដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិពេញ លុះមកដល់ចំណុចកើតហេតុ បានដាច់កង់ក្រោយផ្នែកខាងស្តាំ ហើយកង់ដែលដាច់ចេញនោះ រត់ទៅបុកម៉ូតូ ១គ្រឿង ជិះដោយស្រ្តី ២នាក់ ដែលជិះស្របគ្នាជាង ១០០ម៉ែត្រ ចំពីមុខបណ្តាលឲ្យដួលរបួសម្នាក់ស្រាល។
ក្រោយកើតហេតុ រថយន្តបានខូចនៅកណ្តាលផ្លូវត្រូវ បានយករថយន្តស្ទូចយកទៅទុកនៅចិញ្ចើមផ្លូវ ដើម្បីជួសជុល ចំណែកអ្នកដំណើរត្រូវបានរថយន្តក្រុមហ៊ុន ១គ្រឿងទៀត បន្តសាងដឹកទៅសៀមរាប រីឯជនរងគ្រោះរបួសស្រាល និងម៉ូតូខូចខាត ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងកាំមិនកូ សងសំណងចំនួន ៥០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង៕
0 comments:
Post a Comment