Breaking News
Loading...
Tuesday, November 12, 2013

ល្ងាច​ថ្ងៃ​បក​ស្រាយ​សាល​ក្រម​របស់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ ​(ICJ)​ នៅ​បន្ទាត់​ព្រំ​ដែន​ប៉ៃ​លិន ​មាន​ស្ថាន​ភាព​ស្ងប់​ស្ងាត់​ធម្មតា​


ខេត្តប៉ៃលិន ៖ បើទោះជានៅរសៀលថ្ងៃទី១១ វិច្ឆិកា ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ បានចាប់ផ្ដើមដំណើរការបកស្រាយ សាលក្រមប្រាសាទព្រះវិហារ សារជាថ្មីឡើងវិញក៏ដោយ តែគិតមកត្រឹមម៉ោង ៥ល្ងាច ថ្ងៃដដែលនេះ សភាពការតាមបន្ទាត់ព្រំដែនក្នុងខេត្តប៉ៃលិន ជាប់នឹងខេត្តចាន់បូរី ប្រទេសថៃ គឺមានលក្ខណៈស្ងប់ស្ងាត់ធម្មតា។

ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-ថៃ គឺមានអ្នកដំណើរជាតិ និងអន្តរជាតិ ក៏ដូចជារថយន្តខ្មែរ និងថៃ នៅតែឆ្លងទៅមកដោយគ្មានអ្វីប្រែប្រួលឡើយ សូម្បីតែសិស្សសាលាខ្មែរ ដែលចេញមករៀននៅដីខ្មែរ តែទៅដេកនៅផ្សារមួយ នៅខេត្តចាន់បូរី ប្រទេសថៃ ក៏នាំគ្នាវិលត្រលប់ទៅស្នាក់នៅទីនោះវិញដូចដើម។

ក្រៅពីច្រកទ្វារអន្តរជាតិប៉ៃលិន នៅបន្ទាត់ព្រំដែនក្នុងស្រុកផ្សេងៗ ក៏មានសភាពការគ្មានអ្វីគួរឲ្យកត់សម្គាល់នោះដែរ ច្រកតំបន់ និងច្រករបៀង មិនមានការបិទច្រកណាមួយនោះឡើយ គឺប្រជាពលរដ្ឋនៅតែឆ្លងដែនទៅមកតាមធម្មតា ហើយទាំងប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការ និងសមត្ថកិច្ច គេឃើញបាននាំគ្នាតាមដានការបកស្រាយសាលក្រមនេះ តាមកញ្ចក់ទូរទស្សន៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

នៅរសៀលថ្ងៃដដែលនេះដែរ នៅបរិវេណរង្វង់មូល វិមានឯករាជ្យស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អាជ្ញាធរខេត្តបានរៀបចំធ្វើពិធីពន្លត់ភ្លើងជ័យ ដែលដឹកនាំដោយ លោក អ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង មន្រ្តីសាលាខេត្ត កងរាជអាវុធហត្ថខេត្ត មន្រ្តីនគរបាល ស្នងការខេត្ត ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីធ្វើពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យហើយ លោកអភិបាលខេត្ត អ៊ី ឈាន បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ននៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ខណៈដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បកស្រាយសាលដីកាក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved