ជារឿងធម្មតាទៅហើយសម្រាប់កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម FC Barcelona និង Cristiano Ronaldo របស់ក្រុម Real Madrid ដែលរកគ្រាប់បាល់បានសឹងតែគ្រប់ការប្រកួតដែលពួកគេចូលលេង មិនថាក្នុងលីកអេស្ប៉ាញឬក្នុងពានរង្វាន់អ្វីនោះទេ គឺពួកគេស៊ុតចូលមិនរើសមុខឡើយ។ នៅលីកអាល្លឺម៉ង់ Robert Lewandowski របស់ Dortmund, Mario Mandžukić របស់ Bayern Munich ល្បីខាងរកគ្រាប់បាល់ពីរបីរដូវកាលមកហើយ ខណៈនៅលីកអង់គ្លេសវិញ ជាញឹកញាប់ ប្រិយមិត្តឃើញឈ្មោះ Luis Suárez ស៊ុតចូលឱ្យ Liverpool, Sergio Agüero ស៊ុតចូលឱ្យ Man City, Robin van Persie និង Wayne Rooney ស៊ុតចូលឱ្យ Man Utd។ ប៉ុន្តែ តើប្រិយមិត្តមានសង្កេតឃើញកីឡាករមួយចំនួនដែលមិនសូវលេចធ្លោក្នុងរដូវកាលមុន កំពុងឡើងជើងយ៉ាងខ្លាំងហើយឧស្សាហ៍រកគ្រាប់បាល់បានក្នុងរដូវកាល២០១៣-១៤នេះ?
អត្ថបទ៖ CR7 ហ៊ែតទ្រីក Bale ២ Benzema ២ ជួយឲ្យ Real ស៊ី Sevilla ៧-៣ យប់មិញ
Barclays Premier League៖
- ខ្សែប្រយុទ្ធ Daniel Sturridge (Liverpool): កាលនៅ Man City មិនសូវបានលេង នៅ Chelsea ក៏មិនសូវបានលេង។ ប៉ុន្តែតាំងពីរផ្ទេរមកចូលរួម Liverpool កាលពីដើមឆ្នាំ២០១៣មក ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះគឺទ័ពស្រួចមិនអាចខ្វះបានរបស់លោក Brendan Rodgers។ សមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះរ៉ាប់រងភារកិច្ចរកគ្រាប់បាល់ជំនួស Suarez បានយ៉ាងល្អ ជាពិសេសអំឡុងពេលកីឡាករជម្រើសជាតិអ៊ុយរុយហ្គាយជាប់បម្រាម។ ៩ប្រកួតមកនេះរបស់ Liverpool ក្នុងលីកកំពូលអង់គ្លេស Sturridge ស៊ុតចូលបានដល់ទៅ៨គ្រាប់ និងកំពុងឈរលើគេក្នុងបញ្ជីអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំលីក។
អត្ថបទ៖ ក្នុងចំណោមគ្រូបង្វឹក១០នាក់នេះ ពេញចិត្តមួយណាជាងគេ?
- Olivier Giroud (Arsenal): ក្នុងរដូវកាល២០១២-១៣ ខ្សែប្រយុទ្ធ Giroud មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេក្នុងការស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Premier League ទោះបីជាគេជាអតីតម្ចាស់ស្បែកជើងមាសប្រចាំលីកកំពូលបារាំងក៏ពិតមែន។ តែចូលដល់រដូវកាល២០១៣-១៤ដែលជារដូវកាលទី២របស់ខ្លួននៅលីកកំពូលអង់គ្លេស ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះក្លាយជាមុខព្រួញចម្បងសម្រាប់ខ្សែការពាររបស់គូបដិបក្ខក្នុងការតាមបិទ ដោយសារតែរូបគេរកគ្រាប់បាល់ឱ្យ Arsenal បានជារឿយៗ។ ស្របពេលក្រុមដែលដឹកនាំដោយលោក Arsene Wenger កំពុងគ្រងកំពូលតារាង BPL អតីតសមាជិកក្លិប Montpellier វ័យ២៧ឆ្នាំរូបនេះរកបាន៥គ្រាប់ហើយ។
អត្ថបទ៖ កីឡាករ២៣នាក់សម្រាប់ដណ្ដើមពាន Ballon d’Or ចេញឈ្មោះហើយ
- Romelu Lukaku : លោក Andre Villas Boas ជាអ្នកនាំកីឡាករវ័យ២០ឆ្នាំរូបនេះមក Stamford Bridge កាលពីគេស្ថិតក្នុងវ័យ១៨ឆ្នាំ ក្នុងបំណងទុកបណ្ដុះសម្រាប់ត្រៀមជំនួស Didier Drogba។ ប៉ុន្តែភាពមិនច្បាស់លាស់បានកើតឡើងលើរូបគេក្រោយពេលលោក Villas Boas ត្រូវម្ចាស់ក្លិបតោខៀវដកចេញពីតំណែង ហើយអ្នកចាត់ការថ្មីចូលមកជំនួសជាបន្តបន្ទាប់ រួមមានលោក Roberto Di Matteo និង Rafael Benitez។ ក្រោយចំណាយពេលពេញមួយរដូវកាល២០១២-១៣លេងឱ្យ West Brom ក្រោមលក្ខណៈខ្ចីជើង អតីតកីឡាកររបស់ក្លិប Anderlecht ម្នាក់នេះរំពឹងក្នុងចិត្តថាបានលេងឱ្យ Chelsea ហើយនៅពេលលោក Mourinho ត្រលប់មកកាន់តំណែងជាអ្នកចាត់ការថ្មីជាលើកទី២។ ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើងនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ នោះគឺ Lukaku មិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ឡើយ ហើយកីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះមានឈ្មោះលេងនៅ Everton ទៅវិញ។ ក្រោយមកដល់ Goodison Park ទម្រង់លេងល្អមិនដឹងបានមកពីណាជួយឱ្យ Lukaku រកគ្រាប់បានសឹងគ្រប់ប្រកួត។ ជាក់ស្ដែង ប៉ុន្មានប្រកួតមកនេះ Lukaku ស៊ុតចូល៥គ្រាប់ហើយ ហើយនៅជម្រើសជាតិវិញ ខ្សែប្រយុទ្ធសម្បុរខ្មៅរូបនេះជាអ្នកធានាកៅអីនៅប្រេស៊ីលឱ្យបែលហ្ស៊ិក ដោយទាត់ចូល២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ២-១លើក្រូអាតកាលពីថ្ងៃទី១១ខែតុលា។
- Aaron Ramsey (Arsenal): ខ្សែបម្រើ Ramsey របស់ Arsenal ក៏មិនធម្មតាដែរតាំងពីថ្ងៃបើករដូវកាលមក គឺលេងបានល្អហើយរកគ្រាប់បាល់បានញឹកញាប់ទៀត ខណៈក្នុងការប្រកួតខ្លះមិនបានទាត់ចូលមែន តែយ៉ាងហោចណាស់ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលដែរ។ មកទល់ពេលនេះ កីឡាករជម្រើសជាតិវេលវ័យ២២ឆ្នាំរូបនេះស៊ុតឱ្យ Arsenal បាន៥គ្រាប់នៅ Premier League។
Bundesliga៖
- Roberto Firmino (1899 Hoffenheim): ក្រុម Hoffenheim កំពុងឈរលេខរៀងកណ្ដាលតារាងនៃលីកកំពូលអាល្លឺម៉ង់ទេ ប៉ុន្តែខ្សែបម្រើអន្តរជាតិប្រេស៊ីលវ័យ២២ឆ្នាំ Roberto Firmino របស់ពួកគេ កំពុងឈរលើគេក្នុងបញ្ជីអ្នកទាត់បញ្ចូលទីបានច្រើនជាងគេនៅទីនោះ។ អតីតសមាជិកក្លិប Figueirense រូបនេះរកបាន៧គ្រាប់ ស្មើគ្នាជាមួយ Vedad Ibišević របស់ក្រុម Stuttgart, Mario Mandžukić របស់ Bayern Munich និង Sidney Sam របស់ Bayer Leverkusen ស្របពេលមិត្តរួមក្រុមនៅ Hoffenheim គឺកីឡាករអន្តរជាតិបារាំង Anthony Modeste រកបាន៦គ្រាប់។
- Pierre-Emerick Aubameyang (Dortmund): សមាជិកថ្មីរបស់ក្រុម Dortmund ម្នាក់នេះបង្កការចាប់អារម្មណ៍តាំងពីថ្ងៃបើកឆាកជីវិតថ្មីរបស់គេនៅ Bundesliga ដោយធ្វើបានហ៊ែតទ្រីក (hat-trick) ក្នុងជ័យជម្នះ៤-០នៅទឹកដីក្រុម Augsburg កាលពីថ្ងៃ១០ សីហា។ ឆ្លងកាត់១០ប្រកួតនៅលីកលំដាប់ទី១អាល្លឺម៉ង់មក ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងវ័យ២៤ឆ្នាំរូបនេះរកបាន៦គ្រាប់ហើយ។
- Max Kruse (Borussia Mönchengladbach): ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះក៏កំពុងលេងបានល្អផងដែរនិងរកបាន៥គ្រាប់ហើយក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះ ក្រោយពេលផ្លាស់ពីក្រុម Freiburg។ ទម្រង់លេងរបស់គេនៅ Mönchengladbach បានជួយឱ្យអតីតយុវជនក្លិប Werder Bremen ម្នាក់នេះបានចូលលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ទៀតផង។
Italy Serie A៖
- Giuseppe Rossi (Fiorentina): ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Giuseppe Rossi កំពុងនាំមុខគេក្នុងការស៊ុតបញ្ចូលទីនៅក្របខ័ណ្ឌបាល់ទាត់ខ្ពស់ជាងគេរបស់អ៊ីតាលី និយាយឱ្យចំគឺស៊ុតបាន៩គ្រាប់ហើយ។ ១០ប្រកួតមកនេះ កម្រអត់ឃើញឈ្មោះអតីតសមាជិកក្លិប Manchester United, Villarreal វ័យ២៦ឆ្នាំរូបនេះក្នុងបញ្ជីអ្នកទាត់ចូលឱ្យ Fiorentina ណាស់។
- Alessio Cerci (Torino): ខ្សែប្រយុទ្ធស្លាប Alessio Cerci របស់ក្រុមមិនសូវល្បីឈ្មោះ Torino ក៏មានទម្រង់លេងឡើងជើងមិនធម្មតាដែរក្នុងរដូវកាលនេះ។ តាំងពីបានជាប់ជម្រើសជាតិឈុតធំអ៊ីតាលីក្នុងឆ្នាំ២០១៣នេះមក ការលេងរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះកាន់តែលេចធ្លោឡើងនៅ Serie A ពោលគឺអតីតយុវជនរបស់ក្លិប Roma ម្នាក់នេះស៊ុតចូលបាន៧គ្រាប់រួចមកហើយ។
- José Callejón (Napoli): តាំងពីផ្លាស់ពី Real Madrid មក Napoli ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះក៏បានក្លាយជាតារារះចិញ្ចាចម្នាក់នៅក្របខ័ណ្ឌ Serie A ដែរ។ ភាគច្រើននៃជ័យជម្នះរបស់ក្រុម Napoli ក្នុងរដូវកាល២០១៣-១៤នេះ មិនសូវបាត់ឈ្មោះ Callejón ក្នុងបញ្ជីអ្នកទាត់បញ្ចូលទីទេ។
- Diego Costa (Atletico Madrid): កីឡាករ Diego Costa ឡើងជើងខ្លាំងមែនទែនក្នុងរដូវកាលថ្មីនេះ មិនថាតែពេលលេងពានក្នុងស្រុកឬពានអន្តរជាតិទេ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះរកគ្រាប់បាល់ឱ្យ Atletico Madrid បានសឹងរាល់ប្រកួត។ ភាពមុតស្រួចនៃការប្រកួតរបស់គេមិនត្រឹមតែធ្វើឱ្យគេកំពុងឈរលើគេក្នុងបញ្ជីអ្នកទាត់ចូលទីបានច្រើនជាងគេនៅក្របខ័ណ្ឌ La Liga ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងធ្វើឱ្យ ក្រុមជម្រើសជាតិអេស្ប៉ាញប្រជែងយករូបគេពីក្រុមជម្រើសជាតិប្រេស៊ីលទៀតផង។ គ្រាប់បាល់១គ្រាប់របស់កីឡាកររូបនេះក្នុងជ័យជម្នះ៥-០របស់ Atletico Madrid លើ Real Betis សប្ដាហ៍មុន បានបង្កើនតួលេខស៊ុតចូលរបស់គេដល់១១គ្រាប់ហើយ និងនៅឈរលើគេដដែលទោះបីជា Cristiano Ronaldo មាន១១គ្រាប់ដែរក្រោយស៊ុតបាន៣គ្រាប់យប់មិញក៏ដោយ។
- Giovani dos Santos (Villarreal): កីឡាករជម្រើសជាតិម៉ិកស៊ីកូវ័យ២៤ឆ្នាំក៏កំពុងលេងបានល្អដែរនៅក្រុម Villarreal រដូវកាលនេះ ហើយការដែលក្រុម Villarreal ឈរជើងត្រង់លេខ៤ក្នុងលីកកំពូលអេស្ប៉ាញពេលនេះគឺបានរួមចំណែក៦គ្រាប់របស់អតីតសមាជិកក្លិប Barcelona និង Spurs រូបនេះ។
- Antoine Griezmann (Real Sociedad): មកទល់ពេលនេះ ខ្សែប្រយុទ្ធស្លាបអន្តរជាតិបារាំងវ័យ២២ឆ្នាំ Griezmann របស់ក្រុម Real Sociedad ស៊ុតចូលបាន៦គ្រាប់ ស្មើ Javi Guerra របស់ Valladolid និង Alexis Sanchez របស់ Barcelona ដែរ។
French Ligue 1៖
- Kévin Bérigaud (Evian TG): នៅលីកកំពូលបារាំង ក្រៅតែពីខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Radamel Falcao របស់ AS Monaco និង Edinson Cavani របស់ Paris St Germain ដែលកំពុងនាំមុខគេក្នុងតារាងអ្នកទាត់បញ្ចូលទី នៅមានខ្សែប្រយុទ្ធសញ្ជាតិបារាំងមកពីក្រុមតូចតាចដូច Evian ម្នាក់ទៀតដែលទាត់ចូលទីបានញឹកញាប់។ នោះគឺកីឡាករ Kévin Bérigaud វ័យ២៥ឆ្នាំ ដែលរកបាន៦គ្រាប់ពីការប្រកួត១១លើកមកនេះ ស្មើ Nélson Oliveira របស់ក្រុម Rennes, Darío Cvitanich របស់ក្រុម Nice, Cheick Diabaté របស់ក្រុម Bordeaux, Emmanuel Rivière របស់ក្រុម AS Monaco និង Filip Đorđević របស់ក្រុម Nantes។
Kévin Bérigaud
Nélson Oliveira
Emmanuel Rivière
0 comments:
Post a Comment