បន្ទាប់​ពី​អ៊ីតាលី និង​ហុល្លង់​បាន​កក់​កៅអី​ទៅ​ប្រេស៊ីល​តាំង​ពី​ខែ​មុន ពេល​នេះ​ក្រុម​៣​ផ្សេង​ទៀត​ក្នុង​តំបន់​អឺរ៉ុប​​​ក៏​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​បាន​ទៅ World Cup ឆ្នាំ​ក្រោយជា​ស្វ័យប្រវត្តិ​ផង​ដែរ គឺ បែលហ្សិក ​អាល្លឺម៉ង់ និង​ស្វីស

បែលហ្សិក​បាន​ជាប់​ទៅ​ World Cup ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក ក្រោយ​យក​ឈ្នះ​គូ​ប្រជែង ក្រូអាត ក្នុង​ពូល A ២-១។ លទ្ធផល​ឈ្នះ​នេះ​បាន​ធ្វើ​ឲ្យ​បែលហ្សិក​​ឡើង​ដល់​២៥ពិន្ទុ ​លើស​ក្រូអាត​ដល់​ទៅ​៨ពិន្ទុ ខណៈ​ការ​ប្រកួត​សល់​តែ​១ប្រកួត​ទៀត​ប៉ុណ្ណោះ។ ចំណែក​ក្រូអាត​វិញ ក៏​មិន​ទាន់​អស់​ឱកាស​នោះ​ដែរ ដោយ​​យ៉ាង​ហោច​ណាស់​ក៏​បាន​លេខ​២​ដែរ​ក្រោយ​ការ​ប្រកួត​យប់​មិញ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​ប្រាកដ​ថា​អាច​បង្ហាញ​ខ្លួន​នា​វគ្គ play-off ឬ​អត់។

បែលហ្សិក​អបអរ​ក្រោយ​ជាប់​ស្វ័យប្រវត្តិ

ចំណែក​អាល្លឺម៉ង់​វិញ ក៏​បាន​ចូល​រួម​ទៅ​ប្រេស៊ីល​ជាមួយ​បែលហ្សិក​ផង​ដែរ ក្រោយ​យក​ឈ្នះ​សាធារណរដ្ឋ​អៀរឡង់ ៣-០។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់​​លើស​ពិន្ទុ​ក្រុម​លេខ​២ ស៊ុយអែត​​៥ពិន្ទុ បើ​ទោះ​បី​ជា​ស៊ុយអែត​យក​ឈ្នះ​អូទ្រីស ២-១ ទទួល​បាន​៣ពិន្ទុ​ថែម​ទៀត​ដែរ​ក៏​ដោយ ខណៈ​ការ​ប្រកួត​សល់​តែ​ម្នាក់​១ប្រកួត​ទៀត​ប៉ុណ្ណោះ។ យ៉ាង​ណា​ក្ដី ស៊ុយអែត​ក៏​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្លួន​អាច​ជាប់​លេខ​២​ជា​ស្វ័យប្រវត្តិ​ក្នុង​ពូល​នោះ​ដែរ។

ចំណែក​ស្វីស​វិញ​ក៏​បាន​កក់​កៅអី​ទៅ​​ World Cup ជា​លើក​ទី​៣​ជាប់ៗ​​គ្នា​ផង​ដែរ ក្រោយ​យក​ឈ្នះ​អាល់បានី ២-១។ លទ្ធផល​ឈ្នះ​​នេះ​ ធ្វើ​ឲ្យ​ស្វីស​លើស​ពិន្ទុ​អ៊ីស្លង់ (Iceland) ៥ពិន្ទុ ទោះ​បី​អ៊ីស្លង់​យក​ឈ្នះ​ស៊ីប្រ៊ូស ២-០ ក៏​ដោយ។ ក្រុម​ដែល​នៅ​មាន​សិទ្ធិ​ប្រជែង​យក​កៅអី​លេខ​២ គឺ​អ៊ីស្លង់ និង​ស្លូវើនៀ។ ចំណែក​ន័រវែស អាល់បានី និង​ស៊ីប្រ៊ូស​ធ្លាក់​ស្វ័យប្រវត្តិ​ហើយ។

កីឡាករ​អាល្លឺម៉ង់​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

សរុប​មក​វិញ នៅ​តំបន់​អឺរ៉ុប​ដែល​មាន​១៣កៅអី បាន​រក​ឃើញ​៥កៅអី​ហើយ គឺ​អ៊ីតាលី ហុល្លង់ បែលហ្សិក អាល្លឺម៉ង់ និង​ស្វីស។ ពូល​៤ទៀត​នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​លេខ​១​នៅ​ឡើយ​ទេ ប៉ុន្តែ​ក៏​កៀក​នឹង​រក​ឃើញ​ដែរ។ ក្នុង​នោះ ពូល F រុស្សី​បាន​លើស​ព័រទុយហ្គាល់​ ៣ពិន្ទុ ក្រោយ​យក​ឈ្នះ​លុចហ្សំបួរ ៤-០ ខណៈ​ព័រទុយហ្គាល់​បាន​ត្រឹម​ស្មើ​អ៊ីស្រាអែល ១-១។ ទោះ​មិន​ទាន់​មាន​ឈ្មោះ​ជាប់​ស្វ័យប្រវត្តិ​ ប៉ុន្តែ​រុស្សី​មាន​ភាគរយ​ខ្ពស់​ណាស់​ក្នុង​ការ​ជាប់​ទៅ​ប្រេស៊ីល​ក្នុង​នាម​ជា​ក្រុម​លេខ​១​ក្នុង​ពូល ដោយ​សារ​ការ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ក្រុម​មិន​សូវ​ខ្លាំង​អាហ្សេបៃហ្សង់។

ចំណែក​ពូល G វិញ គឺ​ជា​ពូល​ដែល​តានតឹង​ជាង​គេ​បំផុត ពោល​គឺ​បូស្នី-ហឺហ្ស៊េហ្គោវីណា និង​ក្រិក មាន​២២ពិន្ទុ​ស្មើ​គ្នា​ដោយ​គ្រាន់​តែ​បូស្នី​មាន​គ្រាប់​លើស​ដាច់​ប៉ុណ្ណោះ (+23 និង+)។ ការ​ប្រកួត​យប់​មិញ​ក្រុម​ទាំង​២​សុទ្ធ​តែ​ឈ្នះ ដោយ​បូស្នី ឈ្នះ​លិចធិនស្តែន ៤-១ និង​ក្រិក​ ឈ្នះ​ស្លូវ៉ាគី ១-០។ ប្រកួត​ចុង​ក្រោយ ក្រិក​ត្រូវ​ប៉ះ​លិចធិនស្តែន ខណៈ​បូស្នី​ប៉ះ​លីទុយអានី។

កីឡាករ​ស្វីស​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

ចំណែក​ពូល H វិញ អង់គ្លេស​នៅ​បន្ត​ឈរ​កំពូល​តារាង ប៉ុន្តែ​មិន​ទាន់​ស្រណុក​ចិត្ត​នោះ​ទេ ត្បិត​លើស​ក្រុម​លេខ​២​អ៊ុយក្រែន​តែ​១ពិន្ទុ​ប៉ុណ្ណោះ។ លទ្ធផល​យប់​មិញ អង់គ្លេស ឈ្នះ ម៉ុងតេណេក្រូ ៤-១ ខណៈ​អ៊ុយក្រែន​ក៏​ឈ្នះ​ប៉ូឡូញ ១-០ ដើម្បី​បន្ត​ដេញ​ប្រកៀក​អង់គ្លេស។ ប្រកួត​ចុង​ក្រោយ​នា​សប្ដាហ៍​ក្រោយ គឺ​អង់គ្លេស ប៉ះ​ប៉ូឡូញ ខណៈ​អ៊ុយក្រែន ជួប​ក្រុម​អន់ សាន់ម៉ារីណូ។ បើ​អង់គ្លេស​ភ្លាត់​ស្នៀត​ជាមួយ​ប៉ូឡូញ នោះ​អ៊ុយក្រែន​នឹង​ឡើង​លេខ​១វិញ ត្បិត​សាន់ម៉ារីណូ មិន​រំពឹង​ទប់​អ៊ុយក្រែន​បាន​ឡើយ។

ពូល​ចុង​ក្រោយ គឺ​ពូល I ក្រុម​អេស្ប៉ាញ នៅ​តែ​បន្ត​ឈរ​លេខ​១​ ក្រោយ​យក​ឈ្នះ​បេឡារូស ២-១។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​អេស្ប៉ាញ លើស​បារាំង ៣ពិន្ទុ ខណៈ​ប្រកួត​ចុង​ក្រោយ អេស្ប៉ាញ ជួប​ ហ្សកហ្ស៊ី រី​ឯ​ បារាំង ត​តាំង ហ្វាំងឡង់។ អេស្ប៉ាញ​មាន​ភាគរយ​ខ្ពស់​ថា​នឹង​អាច​ឡើង​ក្នុង​នាម​ជា​ក្រុម​កំពូល​តារាង។

លទ្ធផល​ក្រុមជាប់​ស្វ័យប្រវត្តិ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ទ្វីប​ផ្សេង​ទៀតយើងខ្ញុំនឹង​ផ្សាយ​ជូន​នា​ពេល​បន្ទាប់​ទៀត​នេះ៕