គេ​ពេល​ស្រឡាញ់​គ្នា ​អ្វីៗ​ក៏​ល្អ​ដែរ​ ហើយ​ម្នាក់ៗ​សប្បាយ​ចិត្ត​រហូត​ទាល់​តែ​ចាត់​ទុក​ថា​ពិភព​លោក​នេះ​មាន​តែ​គេ​ពីរ​នាក់។ លុះ​ដល់​ពេល​បែក​គ្នា​ អ្នក​ខ្លះ​ចាត់​ទុក​ពិភព​លោក​នេះ​ថា​ឯ​កោ​បំផុត។ តើ​ពួក​គេ​ធ្វើ​បែប​ណា​ទៅ​ដើម្បី​រំងាប់​ការ​ឈឺ​ចាប់​ទាំង​នោះ?  ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​យុវវ័យ​ជ្រើស​រើស​យក​មក​ធ្វើ​បន្ទាប់​ពី​បែក​គ្នា។

យុវតី​ សុម៉ាវត្តី​ អតីត​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​លើក​ឡើង​ថា បាត់​បង់​ស្នេហា​មិន​មែន​មាន​ន័យ​ថា​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង​នោះ​ទេ។ ធ្លាប់​មាន​បទ​ពិសោធន៍​បរាជ័យ​រឿង​ស្នេហ៍​ យុវតី​រូប​នេះ​បាន​ប្រាប់​ទៀត​ថា​ ការ​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​សប្បាយ​គឺ​ជា​រឿង​ប្រសើរ​បំផុត។ ​កញ្ញា​រូប​នេះ​​បាន​បញ្ជាក់​ថា​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ដូច​ជា​ ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​ មើល​កុន​ ច្រៀង​កម្សាន្ត​ និង​ញុំា​អាហារ​ឲ្យ​បាន​ច្រើន​ៗ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ស្រស់​ថ្លា​។

យុវជន​ វន វ័យ​២៥​ឆ្នាំ ដែល​ធ្លាប់​ខូច​ចិត្ត​រឿង​ស្នេហា​កាល​ពី​នៅ​រៀន​វិទ្យាល័យ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​ពេល​គេ​បែក​គ្នា​ គឺ​គេ​ផឹក​ស្រា។ ក៏​ប៉ុន្តែ​គេ​ដឹង​ថា​វា​មិន​អាច​ជួយ​ឲ្យ​ភ្លេច​ស្នេហា​របស់​គេ​បាន​ទេ​ ដូច្នេះ​គេ​ក៏​សម្រេច​រក​វិធី​ផ្សេង​ដើម្បី​បំភ្លេច​សង្សារ​គេ​ដូច​ជា​ ប្ដូរ​ទម្លាប់​ពី​ទូរសព្ទ ​ឬ​ផ្ញើ​សារ​ទៅ​គេ​ មក​ជា​ការ​លេង​ហ្គេម​តាម​ទូរសព្ទ និង​ងាក​ទៅ​រក​ការ​សិក្សា​វិញ​។

“ពេល​នោះ​ខ្ញុំ​លុប​លេខ​ទូរសព្ទ​គេ លប់​សារ​គេ​ផ្ញើ​មក​ទាំង​អស់​ដើម្បី​កុំ​ឲ្យ​នឹក​ឃើញ​រឿង​ចាស់​”។ នេះ​ជា​វិធី​ដំបូង​ដែល​ ​កញ្ញា នី ម៉ី​ ជ្រើស​រើស​ធ្វើ​វា។ ម៉ី បាន​បន្ត​ទៀត​ថា ត្រូវ​ធ្វើ​ជីវិត​ឲ្យ​រវល់​នឹង​រឿង​ផ្សេងៗ​ជា​ច្រើន​ដូច​ជា​ ការ​រៀន​សូត្រ ធ្វើ​ការងារ​ផ្ទះ ជា​ដើម​ដើម្បី​​កុំ​ឲ្យ​សល់​ពេល​​នឹក​ឃើញ​ដល់​ស្នេហា​​បែក​បាក់​នោះ​​ទៀត។ បន្ថែម​ពី​នេះ​ទៅ​ទៀត​នោះ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត​ដូច​ជា​ ការ​ផ្លាស់​ប្ដូរ​ ម៉ូដ​សក់​ ស្ដាយ​តុប​តែង​ខ្លួន​ និង​​សំលៀក​បំពាក់​ជា​ដើម។

ចំណែក​ឯ​​យុវជន ផូ រុន ដែល​បែក​បាក់​ស្នេហា​អស់​រយៈ​ពេល​ប្រហែល​ជា​មួយ​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​ថា​ ពេល​ដែល​បែក​គ្នា​ដំបូង​គេ​ពិបាក​ចិត្ត​ខ្លាំង​ណាស់​។ ក៏​ប៉ុន្តែ​ រុន​ បាន​និយាយ​ថា​ ចេះ​ធ្វើ​ចិត្ត​ឲ្យ​រឹង​មាំ​គឺ​ជា​វិធី​មួយ​ដែល​អាច​បំភ្លេច​គេ​បាន​។ “និយាយ​ឲ្យ​ខ្លី​ទៅ​កុំ​គិត​ពី​គេ​ទៀត​ កុំ​ទៅ​កន្លែង​ណា​ដែល​ធ្លាប់​ទៅ​ពី​មុន​មក​ តែ​អីចឹង​នៅ​នឹក​ឃើញ​គេ​ដដែល​ហ្នឹង។ ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​ងារ​ ដើរ​លេង​ជា​មួយ​មិត្ត​ភ័ក្តិ​ គ្រួសារ​ យូរ​ៗ​ភ្លេច​គេ​ឯង”។ រុន​ បាន​និយាយ​បន្ថែម។

បើ​យោង​តាម​គេហទំព័រ​ Wikihow ក៏​បាន​បង្ហាញ​ពី​គន្លឹះ​ងាយ​សម្រាប់​អ្នក​យក​ទៅ​អនុវត្ត​ដើម្បី​បំភ្លេច​សង្សារ​ និង​ស្នេហា​បែក​បាក់​នោះ​ដូច​ជា៖
-កុំ​គិត​ថា​ខ្លួន​អ្នក​អស់​តម្លៃ។ ត្រូវ​ធ្វើ​ជីវិត​ឲ្យ​សប្បាយ ​និង​រីក​រាយ​នូវ​អ្វី​ដែល​អ្នក​មាន។
-ជៀស​វាង​រំឭក​​រឿង​ចាស់​ល្អ​ៗ​កន្លង​មក​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​នៅ​នឹក​គេ​ដដែល។
-វា​មិន​មែន​ជា​ថ្ងៃ​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ទេ។ អ្នក​ត្រូវ​គិត​រឿង​ដែល​វិជ្ជមាន​ទើប​ជីវិត​អ្នក​ស្រស់​បំព្រង។
-ត្រូវ​គិត​ថា​មាន​មិត្តភ័ក្ដិ ​និង​គ្រួសារ​នៅ​ចាំ​ជួយ​អ្នក​គ្រប់​ពេល។
-ចាត់​ទុក​ថា​ជា​បទ​ពិសោធន៍។

ចុះ​អ្នក​វិញ​ តើ​​នឹង​ធ្វើ​អ្វី​បន្ទាប់​ពី​បែក​គ្នា?

អត្ថបទ៖ ផល្លា សុម៉ាលីណា