​ក្រុម​ញញួរ​ធំ​ West Ham United ​តែងតែ​បង់​លុយ​​ឱ្យ​ក្រុម​បិសាច​ក្រហម​ Manchester United ​ចំនួន​​២៥​.​០០០​ផោន (៤​ម៉ឺន​ដុល្លារ​អាមេរិក) ​រាល់​ពេល​ដែល​ពួក​គេ​ដាក់​ខ្សែ​បម្រើ​ Ravel Morrison ​ចូល​លេង​​ក្នុង​ឈុត​ធំ​របស់​ក្លិប​។​

អត្ថបទ​៖ Sir Alex នៅ​តែ​សរសើរ​ Man City

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​គ្រាន់​តែ​ដាក់​កីឡាករ​របស់​ខ្លួន​ចូល​លេង ​ម៉េច​ក៏​ចាំ​បាច់​បង់​ថ្លៃ​ឈ្នួល​ឱ្យ​ក្រុម​ដទៃ​ទៀត? ​តាម​ពិត​ទៅ មូល​ហេតុ​គឺ​ ​ក្រុម​ញញួរ​ធំ​បាន​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ​២០​ឆ្នាំ​រូប​នេះ​ពី​ក្រុម​បិសាច​ក្រហម​​កាល​ពី​ខែ​មករា​ឆ្នាំ​២០១២ ក្នុង​តម្លៃ​ខ្លួន​​​៦៥០.០០០​ផោន ​ស្មើ​នឹង​​១​លាន​៣​ម៉ឺន​ដុល្លារ​អាមេរិក​។​ ​ហើយ​ក្នុង​កិច្ចព្រមព្រៀង​រវាង​ក្លិប​និង​ក្លិប​ដែល​ក្រុម​លោក​ Sam Allardyce ​យល់​ព្រម​ជាមួយ​ក្រុម​ជើងឯក​លីក​កំពូល​អង់គ្លេស​២០​សម័យ​​នោះ​មាន​​បញ្ចូល​លក្ខខណ្ឌ​ដែល​តម្រូវ​​​ឱ្យ​ក្លិប​នៅ​ភាគ​ខាង​កើត​ទីក្រុង​ឡុងដុង​​​បង់​​៤​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ដល់​ក្រុម​បិសាច​ក្រហម​រាល់​ពេល​ Ravel ​ចូល​លេង​។

អត្ថបទ​៖ កីឡាករ​៦​នាក់​ដែល​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​​​​ខ្ពស់​ហួស​សមត្ថភាព

Ravel Morrison (ឆ្វេង)

ប៉ុន្តែ ​ក្នុង​រដូវ​កាល​មុន អតីត​យុវជន​របស់​ក្រុម​បិសាច​ក្រហម​ដែល​ជា​សមាជិក​​ជម្រើស​ជាតិ U21 អង់គ្លេស ម្នាក់​នេះ មិន​បាន​លេង​ឱ្យ​ក្រុម​ម្ចាស់​កីឡដ្ឋាន​ Upton Park ឡើយ ត្បិត​ក្រុម​នេះ​ឱ្យ Birmingham City ​ខ្ចី​ជើង​។ ទើប​តែ​ក្នុង​រដូវ​កាល​ថ្មី​នេះ Ravel ​ទទួល​បាន​ការ​ទុកចិត្ត​ពី​អ្នកចាត់ការ Allardyce ​ឱ្យ​ចូល​លេង​បាន​៨​​លើក​ហើយ​ ​មាន​ន័យ​ថា​ក្រុម​បិសាច​ក្រហម​ទទួល​បាន​ចំណូល​​ពីរ​សែន​ផោន (៣២០.០០០​ដុល្លារ​អាមេរិក) ​ពី​ការ​បង្ហាញ​ខ្លួន​របស់​គេ​ក្នុង​ការ​ប្រកួត​របស់​ក្រុម​ញញួរ​ធំ​​មក​ទល់​ពេល​នេះ​។

អត្ថបទ​៖ ឃើញ​ម៉ូដ​សក់ Benzema ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ម៉ូដ​សក់​កីឡាករ​ប្លែកៗ​ផ្សេង​ទៀត

ក្នុង​កិច្ចព្រមព្រៀង​​ទិញ​ដូរ​កីឡាករ​នៅ​អឺរ៉ុប មាន​លក្ខខណ្ឌ​ច្រើន​​ប្រភេទ​ផ្សេង​ៗ​គ្នា​អាស្រ័យ​តាម​ការ​ចរចា​។ កិច្ចព្រមព្រៀង​ខ្លះ​គ្រាន់​តែ​បង់​តម្លៃ​ខ្លួន​ហើយ​គឺ​ហើយ​តែ​ម្ដង ប៉ុន្តែ​​​​កិច្ចសន្យា​ខ្លះ​​លក្ខខណ្ឌ​ច្រើន​និង​មាន​ភាព​ស្មុគស្មាញ​ច្រើន​ជាង​នេះ​៕​