ក្រោយបានឮការលើកឡើងរបស់ប្រធាន FIFA លោក Sepp Blatter ក្នុងកិច្ចសម្ភាសន៍មួយនៅ Oxford Union កាលពីសប្ដាហ៍មុន, កីឡាករ Cristiano Ronaldo បានឆ្លើយតបវិញ តាមរយៈបណ្ដាញសង្គម Facebook និង Twitter របស់ខ្លួន។
Ronaldo បង្ហោះវីដេអូរបស់ Blatter អមដោយការសរសេរពីអារម្មណ៍របស់ខ្លួនតាម Facebook
ដើមហេតុគឺដោយសារលោក Blatter បានធ្វើការប្រៀបធៀប Lionel Messi និង Ronaldo នៅពេលត្រូវបានគេសួរសំណួរយ៉ាងខ្លីថា “Lionel Messi ឬ Ronaldo?”។
នៅក្នុងវីដេអូដែលយើងខ្ញុំបង្ហាញខាងក្រោម ប្រិយមិត្តនឹងឃើញ និងឮប្រធាន FIFA សរសើរ Messi ថាក្មេងល្អដែលម្ដាយឪពុកគ្រប់រូបប្រាថ្នាចង់បាន និងជាកីឡាករដ៏ល្អ។ បន្ទាប់មក លោកបាននិយាយពាក្យថា “The Other One” ដែលចង់សំដៅលើ Ronaldo ថាប្រៀបដូចជាកងកំម៉ង់ដូលើទីលាន អមដោយកាយវិការធ្វើត្រាប់តាមគួរឲ្យអស់សំណើច និងនិយាយបន្ថែមថាកីឡាករម្នាក់នោះមានការចំណាយលើថ្លៃធ្វើម៉ូដសក់អស់ច្រើនជាងជាដើម។
អានអត្ថបទទាក់ទង៖ កីឡាករ២៣នាក់សម្រាប់ដណ្ដើមពាន Ballon d’Or ចេញឈ្មោះហើយ
Ronaldo បានសរសេរក្នុងទំព័រ Facebook និង Twitter របស់ខ្លួនថា៖ “វីដេអូនេះបានបង្ហាញយ៉ាងច្បាស់ពីការគោរព និងការគិតរបស់ FIFA មកលើរូបខ្ញុំ លើក្លិបរបស់ខ្ញុំ និងប្រទេសរបស់ខ្ញុំ។ ខ្ញុំសូមជូនពរឲ្យលោក Blatter មានសុខភាពល្អ អាយុយឺនយូរ ដើម្បីបានបន្តធ្វើជាសាក្សីលើជោគជ័យរបស់ក្លិប និងកីឡាករដែលគាត់ចូលចិត្ត”។
Ronaldo សរសេរក្នុង Twitter របស់ខ្លួន
ក្រៅពី Ronaldo, គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti ក៏បានសរសេរលិខិតទៅ FIFA ជុំវិញការលើកឡើងរបស់លោក Blatter នេះផងដែរ។ ក្នុងលិខិតនោះបានពិពណ៌នាថាលោក Blatter និយាយខ្វះការគោរព។
អានអត្ថបទទាក់ទង៖ ក្នុងចំណោមគ្រូបង្វឹក១០នាក់នេះ ពេញចិត្តមួយណាជាងគេ?
ឆ្លើយតបចំពោះការសរសេររបស់ Ronaldo លោក Blatter ក៏បានសរសេរតបវិញតាម Twitter របស់ខ្លួនដែរថា៖ “ជូនចំពោះ @Cristiano។ ខ្ញុំសូមទោសដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ចំពោះការឆ្លើយតបនឹងសំណួរនៅក្នុងកម្មវិធីឯកជនមួយកាលពីថ្ងៃសុក្រ។ ខ្ញុំមិនមានចេតនាចង់ប្រមាថអ្នកនោះទេ”។
ចាំមើលមើល៍ តើមានអ្វីកើតឡើងទៀតរវាងបុគ្គលល្បីក្នុងពិភពបាល់ទាត់ទាំងពីរនេះ? តើប្រិយមិត្ត គិតយ៉ាងណាដែរចំពោះដំណើរដើមទងនឹងរឿងនេះ?
មើលវីដេអូលោក Blatter និយាយ ដូចខាងក្រោមនេះ៖
0 comments:
Post a Comment