Roma បាន​បំបែក​កំណត់ត្រា​របស់​ Juventus បាន​ហើយ ដោយ​អាច​​ឈ្នះ​៩ប្រកួត​ជាប់​គ្នា​ក្នុង​៩ប្រកួត​ដើម​រដូវ​កាល Italy Serie A ក្រោយ​យក​ឈ្នះ Udinese ១-០ យប់​មិញ​នេះ។

កំណត់ត្រា​១០០% ស្ទើរ​តែ​មិន​អាច​បន្ត​បាន​ដល់​ប្រកួត​ទី​៩​នេះ​ទៅ​ហើយ ក្រោយ​ខ្សែ​ការពារ Maicon ទទួល​កាត​លឿង​លើក​ទី​២​នៅ​នាទី​៦៥​ ខណៈ​លទ្ធផល​បណ្ដោះអាសន្ន​កំពុង​ស្មើ​គ្នា ០-០។ យ៉ាង​ណា​ក្ដី Michael Bradley បាន​រក​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​នេះ​ទាល់​តែ​បាន នៅ​៨នាទី​មុន​ចប់​ការ​ប្រកួត។

ក្រុម​ដែល​ទើប​របូត​គ្រាប់​បាល់​តែ​១គ្រាប់​ក្នុង​រដូវ​កាល​នេះ នៅ​តែ​ឈរ​កំពូល​តារាងដដែល ​ដោយ​កាន់​២៧ពិន្ទុ​ពេញ លើស​ក្រុម​គូ​ប្រជែង Napoli និង Juventus ៥ពិន្ទុ។

Bradley ស៊ុត បញ្ចូល ទី ឲ្យ Roma

Juventus ជា​ម្ចាស់​កំណត់ត្រា​ចាស់​ក្នុង​នាម​ជា​ក្រុម​ដែល​ឈ្នះ​ជាប់​គ្នា​ច្រើន​ប្រកួត​ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល ពោល​គឺ​ឈ្នះ​៨ប្រកួត​ជាប់​គ្នា។ ក្រៅ​ពី​បង្កើត​កំណត់ត្រា​ថ្មី​នៅ​ក្នុង​ប្រវត្តិសាស្រ្ដ Italy Serie A ក្រុម​លោក Rudi Garcia ក៏​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​ពាន​លីក​កំពូល​របស់​អ៊ីតាលី​នេះ​ ជា​លើក​ទី១​ផង​ដែរ គិត​ចាប់​តាំង​ពី​រដូវ​កាល ២០០០-២០០១ ​មក។

លទ្ធផល​៩ប្រកួត​កន្លង​មក​របស់ Roma រដូវ​កាល​នេះ៖

កាលបរិច្ឆេទ លទ្ធផល
២៥​ សីហា ឈ្នះ Livorno -(ភ្ញៀវ)
១​ ​កញ្ញា ឈ្នះ Verona -(ម្ចាស់​ផ្ទះ)
១៦​ ​កញ្ញា ឈ្នះ Parma -(ភ្ញៀវ)
២២ ​កញ្ញា ឈ្នះ Lazio -(ម្ចាស់​ផ្ទះ)
២៥​ ​កញ្ញា ឈ្នះ Sampdoria -(ភ្ញៀវ)
២៩​ ​កញ្ញា ឈ្នះ Bologna -(ម្ចាស់​ផ្ទះ)
៥​ តុលា ឈ្នះ Inter Milan -(ភ្ញៀវ)
១៨​ តុលា ឈ្នះ Napoli -(ម្ចាស់​ផ្ទះ)
២៧​ តុលា ឈ្នះ​ Udinese -(ភ្ញៀវ)

តារាង​ចំណាត់ថ្នាក់

តើ Roma នឹង​អាច​រក្សា​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា​នេះ បាន​យូរ​ប៉ុណ្ណា​ទៀត​ដែរ?

អត្ថបទ​ទាក់ទង៖ Roma ខ្លាំង​អស់​ស្ទះ លត់ Napoli បន្ត​កំណត់ត្រា​ឈ្នះ​រហូត

ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ bbc, រូបភាព៖ fifa