​ស្រប​ពេល​សហព័ន្ធ​កីឡាបាល់ទាត់​ ​បែលហ្ស៊ិក អាល់បានី ​ទួរគី ​អង់គ្លេស ​និង ​ស៊ែប​ ​ចង់​បាន​ខ្សែ​បម្រើ​ស្លាប​វ័យ​ក្មេង​ Adnan Januzaj ​ទៅ​លេង​ឱ្យ​ជម្រើស​ជាតិ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ នៅ​ពេល​នេះ ក្រូអាត ចូល​ខ្លួន​ជា​បេក្ខភាព​ទី​៦​ក្នុង​ការ​ប្រជែង​យក​កីឡាករ​របស់​ក្រុម​ Manchester United ម្នាក់​នេះ​ទៅ​ជួយ​ជាតិ​របស់​​ខ្លួន​។​

អត្ថបទ​៖ ស្គាល់ Adnan Januzaj ប៉ុនណា?

​សហព័ន្ធ​កីឡាបាល់ទាត់​ក្រូអាត​កំពុង​​លៃលក​ពេល​ដើម្បី​ធ្វើ​ដំណើរ​មក​និយាយ​ជាមួយ​ Januzaj ​អំពី​រឿង​លេង​ជម្រើស​ជាតិ​ ​ខណៈ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ​​មាន​ជម្រើស​ជា​ច្រើន​នៅ​ក្នុង​ដៃ​។​

​​ទោះ​បី​ជា​កើត​នៅ​លើ​ទឹកដី​ប្រទេស ​បែលហ្ស៊ិក​ ក៏​ពិត​មែន​ ប៉ុន្តែ​​កីឡាករ​ដែល​មាន​ម្ដាយ​ឪពុក​​ជនជាតិ​អាល់បានី​-ក្រូអាត ​រូប​នេះ​ធ្លាប់​បាន​បដិសេធ​ការ​កោះហៅ​​ចូល​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ​ច្រើន​ដង​រួច​មក​ហើយ​។ ​​​បច្ចុប្បន្ន​នេះ ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​​ដែល​មាន​កៅអី​ទៅ​លេង​ជុំ​ផ្ដាច់​ព្រ័ត្រ World Cup 2014 ​នៅ​ប្រេស៊ីល​ ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ​នោះ ​មិន​ទាន់​បោះបង់​ក្ដី​សង្ឃឹម​នៅ​ឡើយ​ទេ និង​ឱ្យ​ដឹង​ជា​សាធារណៈ​ថា​នឹង​មក​ជជែក​ជាមួយ​​កីឡាករ​រូប​នេះ​នៅ​ទីក្រុង​ Manchester ​ក្នុង​ចេតនា​ឱ្យ​អតីត​យុវជន​ថ្នាល​របស់​ក្លិប Anderlecht ​ពិចារណា​សាជាថ្មី​។​

អត្ថបទ​៖ Wilshere ​អត់​គាំទ្រ​ឱ្យ​អង់គ្លេស​យក​ Januzaj ​ចូល​ជម្រើស​ជាតិ​ទេ

​តាម​រយៈ​​ឪពុកម្ដាយ​​​របស់​ខ្លួន​​ដែល​កើត​នៅ​​កូសូវ៉ូ​ Januzaj​ អាច​លេង​ឱ្យ​ អាល់បានី ស៊ែប ឬ ទួរគី ប្រសិន​បើ​គេ​ចង់​ ខណៈ​ អង់គ្លេស​ ក៏​គេ​អាច​លេង​ឱ្យ​បាន​ដែរ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ​តាម​រយៈ​ច្បាប់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក​ (FIFA) ​ដែល​ចែងថា​​កីឡាករ​សញ្ជាតិ​ដើម​ដទៃ​ដែល​កើត​នៅ​ទីនោះ​ ត្រូវ​រស់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ថ្មី​យ៉ាង​តិច​៥​ឆ្នាំ​មុន​នឹង​អាច​ទទួល​បាន​សិទ្ធិ​ចូល​លេង​បាល់ទាត់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ថ្មី​នោះ​​បាន​។

អត្ថបទ​៖ Barca ត្រៀម​ប្រមាញ់​យក Januzaj ពី Man Utd

ឥឡូវ​នេះ បន្ទាប់​ពី​ឃើញ​ទេពកោសល្យ​ដែល Januzaj បាន​បង្ហាញ​ក្នុង​រដូវ​កាល​នេះ ជា​ពិសេស​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង ឱ្យ​ Man Utd វាយ​បក​យក​ឈ្នះ​ម្ចាស់​ផ្ទះ Sunderland ២-១ ក្នុង​ក្របខ័ណ្ឌ Premier League ថ្មី​ៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​ក្រូអាត​ក៏​បាន​បោះ​ជំហាន​​ចូល​មក​ក្នុង​បញ្ហា​នេះ​ដែរ​។​ គ្រូ​បង្វឹក U21 ក្រូអាត​ ម្នាក់​ឱ្យ​ដឹង​ថា​៖ “មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​នៅ​អាល់បានី​ប្រាប់​ខ្ញុំ​ថា​ម្ដាយ​របស់​ Adnan ​មាន​ដើម​កំណើត​ក្រូអាត ដូច្នេះ​​យើង​ចាប់​អារម្មណ៍​គេ​ខ្លាំង​មែនទែន​។ ​តែ​យើង​ក៏​ដឹង​ដែរ​ថា​យើង​មាន​ការ​ប្រជែង​ច្រើន​ចំពោះ​កីឡាករ​ដ៏​មាន​សក្ដានុពល​ម្នាក់​នេះ​។ ​យើង​មិន​ទាន់​បាន​និយាយ​ជាមួយ​គេ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យើង​កំពុង​រៀប​គម្រោង​ដើម្បី​ជជែក​ជាមួយ​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​”​។​

ទោះ​ជា​យ៉ាង​ណា​ក្ដី សាមី​កីឡាករ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ ស្រប​ពេល​ក្លិប​​បិសាច​ក្រហម​បញ្ជាក់​ថា Januzaj ផ្ដោត​​ការ​យក​ចិត្ត​ទុកដាក់​​ប្រឹងប្រែង​ឱ្យ​ជាប់​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​លោក David Moyes ឱ្យ​បាន​ទៀងទាត់​ជាមុន​​សិន ទើប​គិត​រឿង​ជម្រើស​ជាតិ​តាម​ក្រោយ​៕​