នៅពេលដែល Apple ប្រកាសបញ្ចេញ iPhone ជំនាន់ថ្មីរបស់ខ្លួនម្តងៗ ពិភពលោកពិតជាភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះគ្រប់ពេលវាតែងតែត្រូវបានគេលើកសរសើរពីគុណសម្បត្តិ និងលក្ខណៈពិសេសដែលបំពាក់នៅលើទូរសព្ទជំនាន់ថ្មីនេះ។
ប៉ុន្តែមិនជារឿងចម្លែកនោះទេ iPhone ជំនាន់ថ្មីប្រាកដណាស់ត្រូវគេដាក់លក់ក្នុងតម្លៃខ្ពស់កប់ពពក បើប្រៀបធៀបផលិតផលគូប្រជែង បើទោះបីជាផលិតគូប្រជែងមួយចំនួនមានលក្ខណៈសម្បត្តិល្អជាងក៏ដោយ។
ចុះបើ iPhone ត្រូវ Apple លក់ក្នុងតម្លៃប្រកួតប្រជែងទីផ្សារផលិតផលដទៃទៀត តើយ៉ាងម៉េចវិញ?
កញ្ញា ស្រីអូន ម្ចាស់ហាងលក់ទូរសព្ទស្រីអូន ប្រាប់ថា ប្រាកដណាស់ iPhone នឹងក្លាយជាជម្រើសទីមួយដែលអតិថិជនភាគច្រើន ប្រាកដជាសាកល្បងទិញយកទៅប្រើប្រាស់។
កញ្ញាថា អតិថិជនភាគច្រើនរារែកចិត្ត នៅពេលពួកគេពិចារណាជ្រើសរើស iPhone យកទៅប្រើ ដោយសារតែកត្តាតម្លៃ ដែលថ្លៃជាងផលិតផលរបស់គូប្រជែង ខណៈដែលពួកគេក៏ពេញចិត្តនិងចង់ប្រើទូរសព្ទម៉ាកនេះដែរនោះ។
យល់ស្របដូចគ្នានេះដែរ ម្ចាស់ហាងលក់ទូរសព្ទ សុខ លី ក៏យល់ឃើញថា iPhone នឹងក្លាយជាម៉ាកផលិតផលនាំមុខ និងជាជម្រើសចង់បានរបស់អតិថិជន។ លោកថា អតិថិជនភាគច្រើនចាប់អារម្មណ៍ផលិតផល iPhone ប៉ុន្តែដោយសារតែតម្លៃធ្វើឲ្យពួកគេរារែកចិត្តក្នុងការទិញយកទៅប្រើប្រាស់។
កន្លងទៅនេះផលិតផល iPhone របស់ Apple តែងតែល្បីខ្ទរខ្ទារនៅលើទីផ្សារ ប៉ុន្តែនិយាយពីបរិមាណលក់ចេញ គឺនៅចាញ់គូប្រជែងជាពិសេសផលិតផលរបស់ Samsung ហេតុនេះទើប Apple បានបង្ហាញមុខ Smartphone តម្លៃធូរថ្លៃ iPhone 5C នៅលើទីផ្សារ។
តើមិត្តអ្នកអានយល់ឃើញបែបនេះទេ ដែលថា iPhone នឹងអាចក្លាយជាជម្រើសទី១ បើសិនតម្លៃលក់ត្រដំត្រសងគូប្រជែង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
0 comments:
Post a Comment