Cristiano Ronaldo បាន​ជួយ​ឲ្យ​ Real Madrid ទទួល​បាន​៣ពិន្ទុ​ទាំង​ព្រលឹង​ចុង​សក់​ពី​ក្រុម​ Levante ក្នុង​លទ្ធផល ៣-២ ខណៈ​ Barcelona នៅ​តែ​មិន​ស្គាល់​ជាតិ​ចាញ់ ឬ​ស្មើ​ក្នុង​៨​ប្រកួត​ជាប់​គ្នា ក្រោយ​ឈ្នះ​ Real Valladolid ៤-១។

Ronaldo ដោះអាវ​បញ្ចេញ​សាច់​ដុំ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ចុងម៉ោងឲ្យ Real

ទោះ​បី​មិន​សូវ​មាន​តារា​ល្បីៗ​ដូច Real Madrid​ ក៏​ពិត​មែន ក៏​​ក្រុម​ម្ចាស់​ផ្ទះ Levante បាន​នាំ​មុខ​​ដល់​ទៅ​២ដង ពោល​គឺ Diawara ស៊ុត​បញ្ចូល​ទី​បើក​ឆាក​នៅ​នាទី​៥៧ មុន​ពេល​ Sergio Ramos តាម​ស្មើ​​វិញ​នៅ​៤នាទី​បន្ទាប់។ សល់​៤នាទី​ចប់​ការ​ប្រកួត El Zhar បាន​ជួយ​ឲ្យ​ Levante នាំ​មុខ​ជា​ថ្មី ប៉ុន្តែ​ Alvaro Morata ស៊ុត​ឲ្យ​ក្រុម​លោក Carlo Ancelotti តាម​ស្មើ​​ម្ដង​ទៀត​​នៅ​នាទី​៩០។ ខណៈ​ដែល​ការ​ប្រកួត​ឈាន​ដល់​នាទី​ចុង​ក្រោយ​នៃ​ម៉ោង​បន្ថែម​៤នាទី​ទៅ​ហើយ​នោះ កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់​ CR7 បាន​ស៊ុត​បញ្ចូល​ទី​ដើម្បី​ឲ្យ Real បាន​៣ពិន្ទុ​​​ទាំង​មិន​សូវ​ស្រួល​ចិត្ត។

ងាក​ទៅ​មើល​ក្លិប​ជើង​ឯក​ចាស់ Barcelona វិញ ​មិន​​​ត្រដាបត្រដួស​ដូច​គូ​ប្រជែង​របស់​ខ្លួន​នោះ​ទេ ទោះ​បី​ត្រូវ​គូ​ប្រកួត​​នាំ​មុខ​មុន​ដូច​គ្នា​ក៏​ដោយ។ ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ​១០នាទី Javi Guerra បាន​តែត​បញ្ចូល​ទី​ឲ្យ Valladolid នាំ​មុខ​មុន ប៉ុន្តែ Alexis Sanchez បាន​រក​គ្រាប់​តាម​ស្មើ​ឲ្យ Barca វិញ នៅ​៤នាទី​បន្ទាប់។ កីឡាករ​សញ្ជាតិ​ឈីលី​រូប​នេះ​បាន​បន្ថែម​១គ្រាប់​ទៀត​នៅ​តង់​ទី​២ ខណៈ Xavi និង Neymar ក៏​បាន​ម្នាក់​១គ្រាប់​ដែរ​ឲ្យ​ក្រុម​លោក Gerardo Martino។

Neymar អបអរ​ជាមួយ Sanchez ក្រោយ​ស៊ុត​បញ្ចូល​ទីឲ្យ Barca

លទ្ធផល​២គូ​ផ្សេង​​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ គឺ Elche យក​ឈ្នះ Espanyol -១ រី​ឯ Rayo Vallecano បាន​ឡើង​ផុត​ពី​បាត​តារាង​ក្រោយ​យក​​ឈ្នះ Real Sociedad -០។

នៅ​​យប់​នេះ​វិញ នឹង​មាន​ការ​ប្រកួត​៤គូ​ទៀត ពោល​គឺ​ក្រុម​លេខ​២​មិន​ទាន់​ចាញ់ Atletico Madrid ជួប​ក្រុម​លេខ​១៦ Celta Vigo ម៉ោង​៥ល្ងាច ខណៈ​ក្រុម​បាត​តារាង​មិន​ដែល​ឈ្នះ Almeria ទៅ​សួរ​សុខ​ទុក​​ក្រុម​លេខ​១៥ Sevilla ម៉ោង​១០យប់។ នៅ​ម៉ោង​១២កណ្ដាល​អាធ្រាត្រ Getafe ដែល​កំពុង​ឈរ​លេខ​៨ និង​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​លេខ​១២ Real Betis រី​ឯ​ក្រុម​លេខ៥ Athletic Bilbao ដែល​កំពុង​ឡើង​ខ្លាំង នឹង​ត្រូវ​ត​តាំង​ក្រុម​ចំណាត់​ថ្នាក់​ជាប់​គ្នា Valencia ម៉ោង​២រំលង​អាធ្រាត្រ៕

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​ទាំង​២គូ៖