កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​សិល្បៈ​ខ្មែរ​ក្រោម​ប្រធាន​បទ “​មុខ​ខ្មែរ​” រក​ឃើញ​ម្ចាស់​ទឹក​ប្រាក់​១០០០ដុល្លារ​ ទាំង​៣​រង្វាន់​ហើយ​ កាល​ពី​ម្សិល​មិញ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​​ដែល​កម្មវិធី​​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​​សាកល​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។

ជយ​លាភី​ធំ​រង្វាន់​១០០០ដុល្លារ​​​បាន​ទៅ​លើ កញ្ញា ញ៉ែម​ សុភាព (ផ្នែក​ឌីហ្សាញ) លោក​ ឈូក​ លីហួរ (ផ្នែក​ចម្លាក់) និង​លោក អ៊ីម ពិសី (ផ្នែក​វិចិត្រ​កម្ម)។

បើ​​តាម​​ព្រឹទ្ធ​បុរស​ សូ ចិន្តា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​​ប្រាប់​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​រៀប​ចំ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ​ទូទាំង​ប្រទេស​កម្ពុជា​ចូល​រួម​បញ្ចេញ​ទេពកោសល្យ​សិល្បៈ​ លើ​ផ្នែក​​វិចិត្រ​កម្ម ចម្លាក់​ និង​​​ឌីហ្សាញ។ យ៉ាង​ណា​មិញ​ស្នាដៃ​​​ដែល​បាន​ដាក់​ចូល​រួម​ប្រកួត​ក្នុង​ឆ្នាំ​នេះ​មាន​ចំនួន​១៣៧​ស្នាដៃ​ ក្នុង​នោះ​មាន​ ផ្នែក​វិចិត្រ​កម្ម​៦៥ ផ្នែក​ចម្លាក់​១២ និង​ផ្នែក​ឌីហ្សាញ​៦០។

កញ្ញា​ ញ៉ែម​ សុភាព​ វ័យ​២៣​ឆ្នាំ​មក​ពី​សាលា​សិល្បៈ​យ៉ាម៉ាដា ម្ចាស់​ជយ​លាភី​ឌីហ្សាញ​មុខ​ខ្មែរ​ប្រណិត​ជាង​គេ​  បាន​ពន្យល់​អត្ថន័យ​ស្នាដៃ​របស់​ខ្លួន​ថា គំនូរ​នេះ​បង្ហាញ​ពី​នារី​របាំ​ម្នាក់​ដែល​មាន​សិល្បៈ​នៅ​ក្នុង​ខ្លួន ហើយ​មាន​ទឹក​ចិត្ត​ដ៏​បរិសុទ្ធ​ចំពោះ​សេចក្ដី​ស្នេហា​ដោយ​គេងនឹក​​​​សង្សារ​បណ្ដូល​ចិត្ត ហើយ​ស្រមៃ​បាន​ដៃ​សង្សារ​​មក​កាន់​ថ្នាក់​​ថ្នម។​ គំនូរ​នេះ​រចនា​ឡើង​ដោយ​មាន​សន្លឹក​សាស្ត្រា​ស្លឹក​រឹត​រហែក​ៗ​ជាប់​ពី​លើ​ផង បញ្ជាក់​ថា ​វា​ឆ្លង​កាត់​ជា​ច្រើន​សម័យ​កាល​មក​ហើយ​។ ចំណែក​ឯ​គំនូរ​រូប​មុខ​​​ផ្ដេក ​​ជា​ចំណុច​លេចធ្លោ​មួយ​ផង​ដែរ​ ព្រោះ​ស្នាដៃ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​គូរ​ចំ​ពី​មុខ​​ ឬ​មុខ​បែរ​ចំហៀង។

យ៉ាង​ណា​មិញ​ ម្ចាស់​ជយ​លាភី​លេខ​១​ផ្នែក​ចម្លាក់ លោក​ ឈូក​ លីហួរ ក៏​បាន​ពន្យល់​ពី​ចំណុច​ពិសេស​របស់​ស្នា​ដៃ​ខ្លួន​ថា នៅ​ពេល​មនុស្ស​ឆ្លុះ​កញ្ចក់​ ពួក​គេ​នឹង​ឃើញ​មុខ​ខ្លួន​ឯង​ គ្មាន​អ្នក​ណា​ប្រសើរ​ជាង​ខ្លួន​ឯង​ទេ នៅ​ពេល​នោះ​។ និស្សិត​ឆ្នាំ​ទី៤ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ រូប​នេះ​បាន​បន្ត​ទៀត​ថា ពួក​គេ​នឹង​ឃើញ​នូវ​គំនិត​ ក្ដី​ប្រាថ្នា​នានា ដូច្នេះ​មនុស្ស​ត្រូវ​តែ​​មាន​សង្ឃឹម ​តស៊ូ​ក្នុង​គំនិត​ ព្រោះ​មនុស្ស​ម្នាក់ៗ​កើត​មក​ជា​មួយ​នឹង​ភាព​បរិសុទ្ធ​ ដែល​តំណាង​ដោយ​តួ​ខ្លួន​ពណ៌​ស។

រី​ឯ​លោក​ អ៊ីម ពិសី ដែល​ឈ្នះ​លេខ​១ខាង​វិចិត្រ​កម្ម​បាន​​ជ្រើស​រើស​គូរ​មុខ​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ប្រវត្តិ​ជា​អ្នក​លក់​ផ្កា​ឈូក​នៅ​មុខ​វាំង​យ៉ាង​លេច​ធ្លោ​ក្រោម​​ជក់​ចម្រុះ​ពណ៌។ ចំណាយ​ពេល​គូស​ជាង​២​សប្ដាហ៍​ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈរូប​នេះ​ថា​​ គំនូរ​នោះ​បាន​បង្កប់​នូវ​ទឹក​ចិត្ត​កតញ្ញុតាធម៌​របស់​កូន​ស្រី​ម្នាក់​ដែល​រស់​នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​ជួយ​សម្រាល​បន្ទុក​គ្រួសារ។ កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ background រូប​ភាព​គូស​ជា​លក្ខណៈ ​Line​ ប្លែក​ពិសេស​ជាង​គេ​ដែល​ធ្វើ​ឲ្យ​គំនូរនេះ​​មើល​ទៅ​ផុស​ឡើង​យ៉ាង​ច្បាស់។

ក្រៅ​ពី​នេះ​ក៏​មាន​ស្នាដៃ​ជា​ច្រើន​ទៀត ដែល​មាន​ដាក់​តាំង​បង្ហាញ​នៅ​សាល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។ សម្រាប់​ជយ​លាភី​លេខ​២​ទទួល​បាន​ទឹក​ប្រាក់​៥០០ដុល្លារ លេខ​៣​ទទួល​បាន​ទឹក​ប្រាក់​៣០០ដុល្លារ និង​ជយ​លាភី​ចុង​​ក្រោយ​ទទួល​បាន​រង្វាន់​លើក​ទឹក​។ ក្រុម​ហ៊ុន ​Sabay ក៏​បាន​ចូល​រួមការ​សហ​ការណ៍​ឧបត្ថម្ភ​​​ដល់​កម្មវិធី​នេះ​​ផង​ដែរ​៕