ប៉ះទង្គិចគ្នា រវាងក្រុមសហជីព និងក្រុមកម្មករ ខណៈពេលកំពុងធ្វើបាតុកម្ម
ភ្នំពេញ: ខណៈពេលក្រុមសហជីពជាង ២០ នាក់បាននាំគ្នាធ្វើកូដកម្ម ដោយ
អហឹង្សា នាព្រឹកថ្ងៃទី៣០តុលានេះ នៅមុខរោងចក្រកាត់ដេរ ប៉ឌីឃីតខ្វេសិន ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ២០ ចំណុច ស្រាប់តែផ្ទុះអំពើហឹង្សានៅខាងមុខរោងចក្រ ដោយគប់ដុំថ្មដាក់គ្នាទៅវិញទៅមក ហើយត្រូវបានប៉ូលិសមូលដ្ឋានចុះទៅអន្តរាគមន៍។
នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ បានបណ្តាលឲ្យកម្មករ ២ នាក់រងរបួស និងខូចខាតម៉ូតូ ៤ គ្រឿងជារបស់មន្ត្រីសហជីព។
ស្រាប់តែមានលោកអនុប្រធានសហជីពម្នាក់ ចេញមុខមកស្រែកឡូឡាជេប្រមាថនគរបាលយ៉ាងចាស់ដៃ រហូតមានការដកកាំភ្លើងភ្ជង់កម្មករមិនឲ្យចូលធ្វើការ ទើបខាងនគរបាលឡោមព័ទ្ធចាប់ដកកាំភ្លើងបាន ហើយជនរងនោះត្រូវខាងកម្លាំងសហជីពអន្តរាគមន៍ទើបគេចខ្លួនបាត់ភ្លាមៗនោះ លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់បញ្ជាកម្លាំងដោយផ្ទាល់ទើបមាន ភាពស្ងប់ស្ងាត់ទៅវិញ។ រហូតដល់ម៉ោងប្រមាណជាជិត ១២ ថ្ងៃត្រង់ ទើបខាងរោងចក្រអនុញ្ញាតឲ្យក្រុមកម្ម ចេញទៅផ្ទះក៏ត្រូវខាងក្រុមសហជីពរារាំងតាមផ្លូវ ទើបក្រុមកម្មករផ្ទុះកំហឹងនាំគ្នា មួយរថយន្តកូរ៉េទៅអន្តរាគមន៍ធ្វើឲ្យក្រុមសហជីពរត់ចែកជើងគ្នាចោលម៉ូតូ ត្រូវកម្មករធាក់១ជើងម្នាក់រងការខូចាតបន្តិចបន្តួច។
ខាងតំណាងសហជីពម្នាក់បានឲ្យដឹងថា ពួកគេបាននាំគ្នាធ្វើកូដកម្មនេះ ចាប់ផ្តើមតាំងពីរថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៣ ដោយអហឹង្សានៅខាងមុខរោងចក្រ បន្ទាប់ពីខាងរោងចក្រដកតំណាងសហជីពម្នាក់ ចេញពីការងារ ហើយនៅព្រឹកថ្ងៃទី៣០នេះ មានកម្លាំងប្រមាណ ៣០ នាក់ ក្នុងនោះមានកម្មករមួយចំនួន ផងដែរចូលរួម ដោយដុតកង់រថយន្ត ហើយភាគីរោងចក្រក៏បានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ធ្វើឈួលផ្សែងចូលខាងក្នុងរោងចក្របណ្តាលឲ្យឈ្លក់កម្ម ទើបធ្វើឲ្យកម្មករផ្ទុះកំហឹងគប់ដុំថ្មចេញមក ក៏ត្រូវកម្មករដែលនៅខាងក្រៅគប់តប់ទៅវិញ ហើយរហូតដល់ម៉ោងប្រមាណជិត ១២ ថ្ងៃត្រង់នេះ ពួកគេ ពុំបានស្ទាក់កម្មករនោះ ប៉ុន្តែដោយសារតែមានម្នាក់ជាក្រុមខិលខូចជិះម៉ូតូមកមើលគេ ក៏ត្រូវពួកឲ្យនគរបាលឃាត់ធ្វើការសាកសួរ ស្រាប់តែមានក្រុមកម្មករមួយក្រុម ជិះរថយន្តមួយគ្រឿងមកមានគ្នាច្រើននាក់ប្រដាប់ដោយដែកទីប ដេញវាយក្រុមសហជីព បណ្តាលឲ្យពួកគេរត់សបាតជើងព្រាត ហើយត្រូវក្រុមនោះវាយកំទេចម៉ូតូរបស់គេ បណ្តាលឲ្យខូចខាតយ៉ាងដំណំផងដែរ។
លោកប្រធានរដ្ឋបាលរោងចក្រ បានឲ្យដឹងថា រោងចក្រនេះមានកម្មករប្រមាណជា ៧៥០ នាក់ ហើយក្រុមកម្មករទោះបីជាក្រុមសហជីព ធ្វើកូដកម្មយ៉ាងណាក៏ដោយ ក៏ក្រុមកម្មករទាំងអស់មិនចូលរួមដែរ គឺបានចូលធ្វើការទាំងអស់ ទោះបីជាមានការគំរាមកំហែងពីក្រុមសហជីពយ៉ាងណាក៏ដោយ ហើយការប្រទូស្តរាយគ្នាមួយប្រាវនេះ គឺបណ្តាលមកក្រុមសហជីព កាលពីព្រឹកបានបង្ខំឲ្យក្រុមកម្មករ កុំចូលធ្វើការ តែទោះបីជាយ៉ាងណា ក៏ក្រុមកម្មករនៅតែចូលធ្វើការ រហូតដល់ម៉ោងចេញទៅហូបបាយ ក៏ត្រូវក្រុមសហជីពយកកង់រថយន្ត មកដុតនៅខាងមុខរោងចក្រ បង្ហុយចូលក្នុងរោងចក្រ បណ្តាលឲ្យឈ្លក់កម្មករ មួយចំនួនសន្លប់ ជាពិសេសនោះអ្នកមានផ្ទៃពោះ ហើយអ្នកខ្លះភ័យក៏ហែករបងចេញតាមច្រកក្រោយ លោតធ្លាក់ភក់ ដោយសារតែទង្វើរមិនល្អរបស់សហជីពបែបនេះ ទើបក្រុមកម្មករផ្ទុះកំហឹង ហើយក៏ត្រូវខាងក្រុមសហជីពគប់ដុំតបមកវិញ បណ្តាលឲ្យរងរបួសកម្មករម្នាក់ធ្ងន់ ត្រូវបញ្ជូនទៅសម្រាលព្យាបាលនៅគ្លីនិកមូលមិត្ត និងម្នាក់ទៀតរងរបួសស្រាល ដែលជាអ្នកចាក់មេក្រូ រហូតដល់មានដកកាំភ្លើងភ្ជង់គំរាមក្រុមកម្មករទៀតផង។
នគរបាលបានឲ្យដឹងថា កាំភ្លើងដែលដកហូតបាននោះម៉ាកឡុក មានគ្រាប់ចំនួន ១៥ គ្រាប់ជារបស់ឈ្មោះ ប៉ែន សុភា មានតួនាទីជាអនុប្រធានសហជីពសហព័ន្ធសហជីពកម្មករខ្មែរ ដែលបានគេចខ្លួនបាត់។
ក្រុមកម្មករ បាននិយាយថា ការផ្ទុះកូដកម្មនេះ គឺដោយសារតែខាងរោងចក្រដកតំណាងសហជីពរបស់ពួកគេចេញម្នាក់នោះទេ ហើយការឈឺឆ្អាលនេះ ក៏ដោយសារតែដកខាងតំណាងសហជីពម្នាក់នេះចេញដែរ មិនដើម្បីផលប្រយោជន៍ក្រុមកម្មករនោះទេ ទើបពួកគាត់មិនព្រមចូលរួមធ្វើកូដកម្មជាមួយជាមួយទើបបណ្តាលឲ្យក្រុមសហជីពកាន់តែក្តៅចិត្តបន្ថែមទៀត ចេញមកកាន់ដៃគ្នាស្ទាក់ក្រុមកម្មករមិនឲ្យចូលធ្វើការជាក់ស្តែងព្រឹកថ្ងៃទី៣០នេះ គឺភាគីសហជីពរារាំងមិនឲ្យកម្មករចូលធ្វើការនោះទេ តែដោយសារតែកម្មករនៅមានះទើបផ្ទុះអំពើហឹង្សាដូច្នេះទៅ៕
0 comments:
Post a Comment