ជីវិតនិស្សិតចិនក្នុងពេលឆ្លៀតធ្វើជាតារាម៉ូដែលក្នុងពិព័រណ៍អន្តរជាតិ
ស្ហានស៊ី៖ ជីវិតជាការតស៊ូ តស៊ូដើម្បីជីវិតភ្លឺស្វាង និងរស្មីចិញ្ចាចចិញ្ចែង ហេតុនេះទើបនិស្សិត ចិន លី ជិននីង ដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យឆាងអាន បានឆ្លៀតពេលទំនេរពីការសិក្សា ទៅធ្វើជាតារាម៉ូដែល នៅក្នុងពិធីតាំងពិព័រណ៍រថយន្តអន្តរជាតិ ដែលប្រព្រឹត្តទៅ នៅក្រុងស៊ីអាន រដ្ឋធានីភាគពាយព្យនៃខេត្តស្ហានស៊ី ប្រទេសចិន។ នេះបើតាមវេបសាយ បរទេសមួយដែលផ្សាយកាលពីដើមសប្តាហ៍មុននេះ។
នៅអំឡុងពេលធ្វើការងារ នាងត្រូវក្រោកនៅម៉ោង៧ព្រឹករៀងរាល់ថ្ងៃ ជម្រះកាយ តុបតែងខ្លួន ផាត់មុខ កែសម្ផស្ស ពាក់ស្បែកជើង និងសាកល្បងដើរបង្ហាញម៉ូដ បង្ហាញរាង ជាមុនដើម្បីកែសម្រួលដំណើរឲ្យឡូយឆាយបែបទាក់ទាញ។ នាងត្រូវតែរក្សាទឹកមុខញញឹម ជានិច្ច និងឈរជាប្រចាំរាប់ម៉ោង ទោះបីជាចុករោយស្ពឹកស្រពន់ក៏ស៊ូទ្រាំដែរ។
ជួនកាលនាង ត្រូវបង្ខំចិត្ត ទៅកាន់បន្ទប់ទឹក ដើម្បីសម្រួលសរសៃឲ្យធូរស្រាល ន្អាលនឹងត្រឡប់មកកាន់ ទីតាំងកន្លែងធ្វើការវិញ។ នាងបានយល់ពីការងារពិបាកៗជាច្រើន ដែលនេះជាអាថ៌កំបាំង នៃសម្រស់ ទេពកោសល្យ និងសមត្ថភាពជាតារាបង្ហាញម៉ូដ បើទោះបីជាការបង្ហាញម៉ូដ សាកល្បងក៏ដោយ។ ប៉ុន្តែអ្វីដែលនាងទទួលបានគឺភាពជោគជ័យ ហើយនាងទទួលការចាប់អារម្មណ៍ និងកោតសរសើរពីទស្សនិកជន ក៏ដូចជាថៅកែៗ ដែលហៅនាងទៅបង្ហាញម៉ូដ ធ្វើឲ្យនាងរីករាយទាំងនៅក្នុងការសិក្សា និងដើរម៉ូដ៕
0 comments:
Post a Comment