ប្អូនប្រុសស្រវឹងស្រាបង្ខំឲ្យឪពុកម្តាយលក់ដីកេរ បងប្រុសបង្កើតមកទាន់វាយសម្លាប់ប្អូនរបស់ខ្លួន
ខេត្តកំពង់ចាម៖ បុរសពោះម៉ាយឈ្មោះ យ៉ូវ នី អាយុ ៣២ ឆ្នាំ រស់នៅភូមិដារលិច ឃុំដារ ស្រុកមេមត់ ត្រូវបានជនមិនស្គាល់មុខវាយនឹងព្រនង់ លើរាងកាយត្រូវជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ក្នុង ថ្លុកឈាម នៅនឹងមុខផ្ទះឪពុកបង្កើតឈ្មោះ យ៉ូវ ម៉ី ។
ហេតុការណ៏នេះបានកើតឡើងនៅម៉ោង ៩និង២៥នាទីយប់ថ្ងៃទី ១៧ តុលា ២០១៣ នៅភូមិឃុំរបស់ជនរងគ្រោះតែម្តង ក្រោយពីកំលាំងសមត្ថកិច្ចខេត្តនិងស្រុក បានយកចិត្តទុកដាក់អង្កេតស្រាវជ្រាវនោះរួចមក ទីបំផុតជនដៃដល់ត្រូវបាន ចាប់ខ្លួននៅម៉ោង៥ ល្ងាចថ្ងៃទី ២០ តុលា ២០១៣ ដែលជនដៃដល់គឺជាបងប្រុស បង្កើតរបស់ជនរងគ្រោះ ជាពោះម៉ាយដូចគ្នា ។
លោកវរសេនីយ៏ត្រី ឯម កុសល អធិការនគរបាល ស្រុកមេមត់ បានប្រាប់ឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី១៧ តុលា បុរសរងគ្រោះឈ្មោះ នី បានត្រឡប់មកពីផឹកស្រានៅនឹងកន្លែងលក់មួយកន្លែង ស្ថិតនៅក្នុងភូមិដារលិច រហូតដល់ស្រវឹងធ្លាក់ភ្នែក ហើយបានត្រឡប់មកដល់មុខផ្ទះឪពុកម្តាយ ក៏បានរករឿងឲ្យឪពុកលក់ដីកេរនៅក្នុងភូមិ ថែមទាំងស្រែកជេរនូវពាក្យអសុរោះថែមទៀត ។ លោកអធិការនគរបាលស្រុកមេមត់ បានប្រាប់បន្តថា ក្នុងពេលបង្កជម្លោះពាក្យសំដីនោះ បងប្រុសដែលជាជនដៃដល់ឈ្មោះ យ៉ូវ ថា ហៅហ្វុយហ្សូ អាយុ ៣៣ ឆ្នាំ បានត្រឡប់មកពីស៊ីឈ្មួលកើបសណ្តែក សៀងដាក់រថយន្តឲ្យគេនៅក្នុងភូមិ មានចំងាយពីផ្ទះប្រហែល៧០០ម៉ែត្រ ។ ក្នុងពេលនោះប្អូនប្រុសនៅក្នុង ដៃមានកាន់ដំបងឈើ បានស្ទុះមកដេញវាយបងប្រុស តែវាយមិនត្រូវបែរជាបងប្រុសដណ្តើមបាន ចាប់ប្រតាយ ប្រតប់គ្នា វាយត្រូវប្អូនប្រុស ជាហេតុបណ្តាលឲ្យត្រូវរាងកាយជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ ហើយបងប្រុសក៏រត់គេចខ្លួនបាត់ ។ ហេតុការណ៏នេះត្រូវបានលោកនាយ ប៉ុស្តិ៍រដ្ឋបាលឃុំដារ បានរាយការណ៏មកកាន់រូបលោក ក៏បានចាត់ការឲ្យកំលាំងជំនាញព្រហ្មទណ្ឌស្រុកចុះ ស្រាវជ្រាវជាបន្ទាន់ទាំងយប់ ដោយបានសួរនាំពីក្រុមសាច់ញាតិជនរងគ្រោះនាយប់នោះ មិនមានពន្លឺណាមួយឡើយ ។
ចំណែកលោកវរសេនីយ៏ទោ សាន សុភា នាយការិយាល័យព្រហ្មទណ្ឌកំរិត ធ្ងន់ខេត្តកំពង់ចាមវិញបានប្រាប់ឲ្យដឹងដែរថា ក្រោយពីហេតុការណ៏មនុស្សឃាតនេះ ត្រូវបានលោកស្នងការនគរបាលខេត្ត និងលោកស្នងការរងទទួលផែនយុត្តិធម៌ បានចាត់ឲ្យជំនាញខេត្តសហការស្រាវជ្រាវ ជាមួយនឹងនគរបាលស្រុកមេមត់ជាបន្ទាន់ផងដែរ ។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២០តុលានេះ ពេលដែលបុរសជាបងបានចូលមកផ្ទះវិញ ក៏ត្រូវបានរូបលោកនាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បញ្ជាឲ្យនគរបាលស្រុកមេមត់ ហៅបុរសឈ្មោះហ្វុយស្សូមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ហើយដោយជនដៃដល់បានឆ្លើយសារភាព ក៏សំរេចឃាត់ខ្លួនតែម្តង ៕
0 comments:
Post a Comment