ប្រវត្តិបុណ្យ ភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់)។
បុណ្យភ្ជុំតែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ប្រវត្តិនៃពិធីបុណ្យ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗដែលយើងហៅថា "បាយបិណ្ឌ") ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមក ម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
រឿងទាក់ទងនឹងពិធីបុណ្យនេះ
អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
- ១. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
- ២. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
- ៣. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
មូលហេតុដែលប្រារព្វធ្វើពិធីបុណ្យនេះ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
- ១.ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
- ២. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
- ៣. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។
នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕
ប្រភពពី៖ www.neavea.com
0 comments:
Post a Comment