អន្ទងធ្វើកូដកម្មបរាជ័យ សហជីព និងកម្មករប៉ះទង្គិចគ្នារបួសធ្ងន់៣នាក់ និងជាង១០នាក់ពុលផ្សែង
រាជធានីភ្នំពេញ ៖ មានការប៉ះទង្គិចគ្នាមួយប្រាវ រវាងក្រុមសហព័ន្ធសហជីពកម្មករខ្មែរ ដែលមានគ្នាប្រមាណជាង២០នាក់ និងក្រុមកម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ (ប ឌិ ឃីត) ប្រមាណជាង៦០០នាក់បណ្តាលឱ្យមាន អ្នករងរបួសធ្ងន់៣នាក់ដោយការវាយ និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក និងជាង១០នាក់ទៀតមានអាការមិនស្រួលខ្លួន ដោយសារតែពុលផ្សែង ដែលក្រុមសហជីពដុតសម្បក កង់រថយន្តបង្ហុយចូលទៅក្នុងរោងចក្រ បង្ខំឱ្យកម្មករឈប់ធ្វើការបង្ខំឱ្យ ចូលរួមធ្វើកូដកម្មតវ៉ាជាមួយនឹងពួកគេ ។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំសហជីពខាងលើបានយក កាំភ្លើងខ្លីទៅភ្ជង់គំរាមបាញ់សម្លាប់ក្រុម កម្មករថែមទៀត ហើយកាំភ្លើងនោះក៏ត្រូវប៉ូលិស ដកហូតបានភ្លាមៗផងដែរ ។ ហេតុការណ៍ប៉ះទង្គិចគ្នាខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ តុលា នៅក្នុងរោងចក្រកាត់ដេរយីហោ (ប ឌិ ឃីត) ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ មន្ត្រីប៉ូលិសដែលឈរជើង នៅទីនោះបានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះ ក្រុមសហជីពកម្មករខាងលើទទួល បានការពឹងពាក់ពីកម្មករម្នាក់ ដែលត្រូវថៅកែរោងចក្របណ្តេញ ចេញឱ្យជួយរកយុត្តិធម៌ឱ្យខ្លួន ពេលនោះក្រុមសហជីពនោះបាន ព្យាយាមប្រមូលកម្មករ កម្មការិនីជាង៦០០នាក់ឱ្យចូលរួមធ្វើកូដកម្មទាមទារឱ្យកម្មករ ដែលត្រូវបណ្តេញចេញនោះចូលធ្វើការវិញ ។ ប៉ុន្តែកម្មករទាំងនោះមិនព្រមចូល រួមធ្វើការតវ៉ាជាមួយទេ ហើយកម្មករទាំងអស់បាននាំគ្នាចូលធ្វើ ការងារដោយមិនរវល់អើពើនឹងការ ញុះញង់របស់ពួកគេនោះឡើយ ។
ប្រភពដដែលបានបន្តថា កម្មករម្នាក់ដែលត្រូវថៅកែបណ្តេញចេញ នោះត្រូវគេអះអាងថាមិនធ្វើការងារអ្វីទេ គិតតែពីដេកនិងដើរកកូរកកាយ នៅក្នុងរោងចក្រនោះ ទើបត្រូវដកចេញ។ ដោយឡែកខាងសហជីពវិញ បន្ទាប់ពីអត់មានកម្មករចូលរួមធ្វើកូដកម្ម ក៏ធ្វើឱ្យពួកគេមានកំហឹងយ៉ាងខ្លាំងរហូតដល់ពេលកើតហេតុ ពួកគេបាននាំគ្នាយកសម្បកកង់រថយន្តចាស់ៗទៅដុតបង្កឱ្យមានផ្សែងហុយចូលទៅក្នុងរោងចក្រ និងធ្វើឱ្យកម្មករ កម្មការិនីដែលកំពុងធ្វើការឈ្លក់ និងពុលផ្សែងជាង១០នាក់ ពេលនោះកម្មករខ្លះបាននាំគ្នារត់ចេញក្រៅ ។ ដោយសារតែបែបនេះទើបបានបង្កឱ្យមានការប៉ះទង្គិចគ្នាកើតឡើងយ៉ាងអនាធិបតេយ្យបំផុត ដោយការគប់ដុំថ្មដាក់គ្នានិងវាយតប់គ្នាបណ្តាលឱ្យសហជីពម្នាក់រងរបួសធ្ងន់ ចំណែកខាងភាគីកម្មករម្នាក់ឈ្មោះ ហេន ម៉ាប់ អាយុ២៧ឆ្នាំ ក៏រងរបួសធ្ងន់ដូចគ្នា ។ ដោយឡែកបុរសចំណាស់ម្នាក់ឈ្មោះ ម៉ែន សុខ អាយុ៦៤ឆ្នាំ ដែលខាងរោង ចក្រជួលឱ្យទៅចាក់មេក្រូ ក៏រងរបួសធ្ងន់ដែរដោយសារការវាយតប់ និងគប់ដុំថ្មដាក់គ្នានោះ។
ប្រភពដដែលបានបន្តថា ក្នុងខណៈប៉ះទង្គិច គ្នានោះដែរ មេសហជីពខាងលើម្នាក់បានដក កាំភ្លើងខ្លីម៉ាកឡុកមួយដើមភ្ជង់គំរាមបាញ់សម្លាប់កម្មករ ក៏ត្រូវបានកម្លាំងប៉ូលិសនៅទីនោះដកហូត និងធ្វើកំណត់ហេតុបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ប៉ុន្តែមិនបានឃាត់ខ្លួនអ្នកកាន់កាំភ្លើងនោះទេ ព្រោះពេលនោះពួកគេបានលើកគ្នាមកច្រើន ដែលធ្វើឱ្យសភាពការណ៍នាពេលនោះមាន ភាពច្របូកច្របល់កើតឡើង ។ មិនតែប៉ុណ្ណោះ ក្រោយពេលកើតហេតុច្របូកច្របល់នោះ ភាគីខាងរោងចក្រក៏បានឱ្យកម្មករចេញទៅផ្ទះវិញ ។ ខណៈពេលកម្មករនាំគ្នាឡើងជិះរថយន្តទៅផ្ទះ ក៏ត្រូវក្រុមសហជីពទាំងនោះ ប្រដាប់ដោយដែកបំពង់ទីបជិះម៉ូតូស្ទាក់រថយន្តប្រុងវាយកម្មករទៀត ប៉ុន្តែសកម្មភាពនោះមិនបានសម្រេចដោយសារតែ កម្លាំងប៉ូលិសដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ន សំអាត អធិការខណ្ឌពោធិ៍សែនជ័យ ចេញទៅអន្តរាគមន៍ទាន់ពេលវេលា ។
ទាក់ទិនទៅនឹងហេតុការណ៍នោះ កម្មករមានការភ័យខ្លាចយ៉ាងខ្លាំង ពួកគេមិនចង់បាត់បង់ផលប្រយោជន៍ ទើបមិនព្រមចូលរួមធ្វើកូដកម្មតវ៉ាជាមួយនឹងក្រុមសហជីពខាងលើនេះទេ ៕
0 comments:
Post a Comment