ការដេកច្រើនមានផលរំខានអ្វីខ្លះដល់រាងកាយ?
ពិតណាស់ការដេកពេលយប់ដ៏ល្អមួយគឺជារឿងសំខាន់សម្រាប់សុខភាព។ ប៉ុន្តែការដែលដេកជ្រុលពេកបែរជាមានទំនាក់ទំនងទៅនឹងជំងឺជាច្រើនទៅវិញដូចជា ជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និងប្រឈមនឹងការស្លាប់កាន់តែច្រើនថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានកត់សម្គាល់កត្តាពីរយ៉ាងផ្សេងទៀត។នោះគឺថា ការបាក់ទឹកចិត្ត និងស្ថានភាពសង្គមនិងសេដ្ឋកិច្ចក្រីក្រ ដែលវាគ្រប់គ្រាន់នឹងធ្វើអោយមនុស្សដេកជ្រុលបាន។ អ្នកដែលមានស្ថានភាពសង្គម និងសេដ្ឋកិច្ចក្រីក្រប្រហែលជាមិនសូវទទួលបានការថែទាំច្រើន និងដឹងពីស្ថានភាពជំងឺដូចជាជំងឺបេះដូងអីច្រើនទេ ដូច្នេះទើបធ្វើអោយពួកគេដេកជ្រុលបែបនេះ។
ចំនួននៃការដេកដែលអ្នកត្រូវការមានលក្ខណៈមិនទៀងទាត់ទេទៅតាមពេលវេលានៃឆាក់ជីវិត។ វាអាស្រ័យទៅតាមអាយុ, កម្រិតនៃការធ្វើសកម្មភាព, សុខភាពទូទៅ និងទម្លាប់នៃរបៀបរស់នៅ។ ឧទាហរណ៍ ក្នុងពេលដែលស្ត្រេស ឬមានជំងឺ អ្នកប្រហែលជាមានអារម្មណ៍ថាត្រូវការដេកអោយបានច្រើន។ ប៉ុន្តែទោះបីជាការដេកត្រូវការពេលេវេលាខុសៗគ្នាទៅតាមមនុស្សម្នាក់ៗក៏ដោយ ក៏អ្នកឯកទេសបានណែនាំថា មនុស្សពេញវ័យគួរតែដេកអោយបាន ៧ ទៅ ៩ម៉ោងក្នុងមួយយប់។
បញ្ហាសុខភាពដែលទាក់ទងនឹងការដេកច្រើនពេក
ជំងឺទឹកនោមផ្អែម៖ ការសិក្សាបានអោយដឹងថា ការដេកនៅពេលយប់យូរពេក ឬមិនគ្រប់គ្រាន់អាចប្រឈមនឹងជំងឺទឹកនោមផ្អែមកាន់តែខ្លាំង។
ការធាត់ជ្រុល៖ ការដេកច្រើនពេក ឬតិចពេកក៏ធ្វើអោយអ្នកឡើងទម្ងន់បានដែរ។ ការសិក្សាថ្មីមួយបានអោយដឹងថា អ្នកដែលដេករយៈពេល ៩ ឬ ១០ម៉ោងរាល់យប់ទំនងជាអាចក្លាយទៅជាធាត់ជ្រុលនៅរយៈពេល ៦ឆ្នាំ ២១ភាគរយ ដែលចំនួននេះវាច្រើនជាងអ្នកដែលដេកនៅចន្លោះពី ៧ ទៅ ៨ម៉ោងទៅទៀត។
ឈឺក្បាល៖ មនុស្សមួយចំនួនងាយនឹងឈឺក្បាលណាស់ ព្រោះតែការដេកនៅចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកយូរជាធម្មតាពេក។ អ្នកស្រាវជ្រាវជឿថា រឿងនេះអាចកើតឡើងដោយសារតែឥទ្ធិពលនៃការដេកជ្រុលនាំអោយបញ្ចេញសារធាតុចម្លងសរសៃប្រសាទ Serotonin។ អ្នកដែលដេកច្រើននៅពេលថ្ងៃ ហើយមិនសូវដេកបាននៅពេលយប់ក៏អាចអៅយឈឺក្បាលនៅពេលព្រឹកបានដែរ។
បាក់ទឹកចិត្ត៖ ទោះបីជាការដេកមិនល្អច្រើនតែទាក់ទងនឹងការបាក់ទឹកចិត្តជាញឹកញាប់ជាងការដេកជ្រុលក៏ដោយ ក៏មានអ្នកជំងឺបាក់ទឹកចិត្តប្រមាណ ១៥ភាគរយដែរ ដែលដេកច្រើនជ្រុល។ រឿងនេះប្រហែលជាធ្វើអោយការបាក់ទឹកចិត្តរបស់គេកាន់តែធ្ងន់ធ្ងរទៅទៀត។ ដូច្នេះការប្តូរមកទម្លាប់អោយដេកទៀងទាត់វិញទើបជារឿងធ្វើអោយអាការៈជំងឺល្អមកវិញបាន។ ការដេកមិនបានគ្រប់គ្រាន់អាចមានឥទ្ធិពលប្រឆាំងនឹងការបាក់ទឹកចិត្តបណ្តោះអាសន្នប៉ុណ្ណោះ។
ជំងឺបេះដូង៖ ការសិក្សាទៅលើសុខភាពម្តាយបំបៅកូនដោយទឹកដោះមានការចូលរួមអោយស្ត្រីចំនួន ៧២០០០នាក់។ ការវិភាគដ៏ប្រុងប្រយ័ត្នមួយនៃទិន្នន័យដែលបានមកបានបង្ហាញអោយដឹងថា ស្ត្រីដែលដេកពី ៩ ដល់ ១១ម៉ោងក្នុងមួយយប់ទំនងជាអាចមានជំងឺសរសៃឈាមបេះដូង Coronary ច្រើនជាងស្ត្រីដេក ៨ម៉ោង រហូតដល់ ៣៨ភាគរយឯណោះ។ អ្នកស្រាវជ្រាវមិនទាន់កំណត់ដឹងអំពីមូលហេតុដែលធ្វើអោយមានទំនាក់ទំនងគ្នានឹងជំងឺនេះនៅឡើយទេ។
ស្លាប់៖ ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលដេកចាប់ពី ៩ម៉ោងឡើងទៅក្នុងមួយយប់ប្រឈមមុខនឹងការស្លាប់ខ្ពស់ជាងអ្នកដេកពី ៧ ទៅ ៩ម៉ោង។ គ្មានហេតុផលពិសេសណាមួយដែលអាចកំណត់អោយដឹងពីទំនាក់ទំនងនេះទេ។ ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា ការបាក់ទឹកចិត្ត និងស្ថានភាពសង្គម និងសេដ្ឋកិច្ចក្រីក្រក៏មានទំនាក់ទំនងធ្វើអោយដេកយូរៗដែរ៕
0 comments:
Post a Comment