បន្ទាប់​ពី​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចេញ​ផ្សាយ​​ថា កញ្ញា សន នាងផល្លីកា ​តារា​ចម្រៀង​របស់​ផលិតកម្ម​ប៊ិកមែន បាន​រស់​នៅ​ជា​មួយVJ រតនា ដោយ​មិន​បាន​រៀប​ការ​នោះ នាង​បាន​ចេញ​មុខ​មក​បដិសេធ​ថា អត់​មាន​រឿង​ដូច​​ការ​លើក​ឡើង​នោះ​ឡើយ។

​អាន៖ អេឡិច សូហ្ស៉ា​ បង្ហាញ​ភាព​ស្រើបស្រាល​ជា​មួយ​គូស្នេហ៍​ថ្មី

មុន​នេះ​បន្តិច កញ្ញា សន នាង​ផល្លីកា​ តារា​ចម្រៀង​របស់​ផលិតកម្ម​ប៊ិកមែន​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចេញ​ផ្សាយ​​ថា នាង​បាន​រស់​នៅ​ក្រោម​ដំបូល​​ផ្ទះ​ជា​​មួយVJ រតនា ពិធី​ករ​របស់​ស្ថានីយ​ទូរទស្សន៍​Mytv ។

សារព័ត៌មាន​ដដែល​នោះ​បាន​រាយការណ៍​ថា កញ្ញា សន នាង​ផល្លីកា និងVJ រតនា ទៅ​ណា​មក​ណា​បណ្ដើរ​គ្នា​យ៉ាង​ស្អិតល្មួត ស្ទើរ​ជា​រឿង​រាល់​ថ្ងៃ មិន​ថា​ទៅ​ញាំ​អី​ ឬ​ទៅ​ចូល​រួម​កម្មវិធី​អ្វី​នោះ​ឡើយ អ្វី​ដែល​ពិសេស​នោះ​​អ្នក​ទាំង​ពីរ​បាន​​ថែម​ទាំង​រស់​នៅ​ដំបូល​ផ្ទះ​ជា​មួយ​គ្នា ដោយ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ថែម​ទៀត​ផង។

ទោះ​មាន​ការ​លើក​ឡើយ​បែប​នេះ​សារព័ត៌មាន​​ដដែល​​​​មិន​បាន​ជួប​​សម្ភាស​ផ្ទាល់​ជា​មួយ​នឹង កញ្ញា សន នាង​ផល្លីកា​ និង លោក ធីណារ៉ាក់ រតនា ហៅ VJ រតនា នោះ​ឡើយ ដោយ​សារ​តែ​ទូរស័ព្ទ​របស់​អ្នក​ទាំង​ពីរCall ចូល​មិន​មាន​អ្នក​ទទួល។

ក្នុង​ជំនួប​តាម​ទូរស័ព្ទ​​កាល​ពី​ពេល​ថ្មីៗ​នេះ ​កញ្ញា សន នាងផល្លីកា បាន​ឲ្យ​ដឹង​ថា  នាង​មិន​បាន​រស់​នៅ​​ក្នុង​ដំបូល​ផ្ទះ​ជា​មួយ VJ រតនា នោះ​ឡើយ នាង​ចាត់​ទុក​ថា ការ​លើក​ឡើង​ដូច​ដែល​សារព័ត៌មាន​​មួយ​ចោទ​ប្រកាន់​នាង​នោះ គឺ​ជា​រឿង​បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​នាង​ប៉ុណ្ណោះ។

​អាន៖ VJ រតនា​​ បឺតមាត់​គូស្នេហ៍​ក្នុង​ថ្ងៃ​​ខួប​កំណើត

នាងផល្លីកា​លើក​ឡើង​ថា ខ្លួន​នាង​ជា​មនុស្ស​ស្រី​មាន​ម្ដាយ​ឪពុក​ត្រឹម​ត្រូវ រឿង​អី​នាង​ត្រូវ​ទៅ​រស់​នៅ​ជា​មួយ​ប្រុស​ឈ្មោល​ដោយ​មិន​ឆ្លង​កាត់​ការ​រៀប​អាពាហ៍ពិពាហ៍​​នោះ។ នាង​​ចាត់​ទុក​ថា ការ​ចេញ​ផ្សាយ​បែប​នេះ ជា​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​នាង ​និង​ក្រុម​គ្រួសារ​នាង​ខ្លាំង​ណាស់ ហេតុ​នេះ​នាង​សូម​ស្នើ​ឲ្យ​សារព័ត៌មាន​​​ដែល​ចេញ​ផ្សាយ​នោះ មេត្តា​ជួយ​កែ​តម្រូវ​ឡើង​វិញ​ផង។

កញ្ញា សន នាងផល្លីកា​​ ទទួល​ស្គាល់​​ថា នាង​និងVJ រតនា​ពិត​ជា​ស្រលាញ់​គ្នា​ពិត​ប្រាកដ​មែន ហើយ​ការ​ស្រលាញ់​គ្នា​នោះ​ គឺ​ជា​ការ​ស្រលាញ់​ស្មោះ មិន​មែន​ជា​ការ​លេង​សើច​នោះ​ឡើយ។ នាង​ប្រាប់​ថា VJ រតនា​បាន​សន្យា​ជា​មួយ​នាង​ថា និង​ចូល​រោង​ជ័យ​ជា​មួយ​គ្នា​ក្នុង​ពេល​​ខាង​មុន​នេះ តែ​នាង​មិន​ទាន់​ចង់​រៀប​ការ​ឆាប់ៗ​ពេក​នោះ​ទេ ព្រោះ​ចង់​​រក​ប្រាក់​សល់​ច្រើន​សិន និង​ចង់​ប្រឡូក​សិល្បៈ​ឲ្យ​ច្រើន​ជា​ង​នេះ​សិន៕

​អត្ថបទ៖ ខុត សីហា