ទេព​កុមារ ជាហ្គេម​ស្នាដៃ​កូន​ខ្មែរ​មួយ​ទៀត ដែល​ទើប​តែ​ដាក់​ឲ្យ​ដំណើរការ​ ដោយ​យក​លំនាំ​តាម​ហ្គេម Temple Run ដ៏​ពេញ​និយម។ ទោះ​បី​ហ្គេម​ខ្មែរ​មួយ​នេះ យក Concept តាម​ហ្គេម​បរទេស​ពិត​មែន ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ខ្មែរ​តាម​រយៈ​សំលៀកបំពាក់​របស់​តួ​អង្គ ជាមួយ​ការ​រចនា​រូបភាព​ទេសភាព​វាលស្រែ​ជនបទ ជាពិសេស​រូប​ប្រាសាទ​បុរាណ​ជា​ដួង​ព្រលឹង​និង​ជា​មោទនភាព​ជាតិ​ខ្មែរ។

លោក ហៀង ស៊ូហាន នាយក​គ្រប់គ្រង​វិទ្យាស្ថាន​ស៊ី ហ្គេក និង​ជា​អ្នក​ដឹកនាំ​ផលិត​ហ្គេម ទេពកុមារ បាន​ឲ្យ​ដឹង​ថា ការ​ផលិត​ហ្គេម​នេះ លោក​បាន​ចំណាយ​ពេល​ជិត ៦ ខែ និង​មាន​សមាជិក​ក្រុម​ការងារ​ជាង ២០ នាក់​ ដើម្បី​បញ្ចប់​គម្រោង​នេះ​ដោយ​ជោគជ័យ។

លោក​ថា ទេពកុមារ ជាហ្គេម​ស្នាដៃ​ដំបូង​របស់​លោក ហើយ​ដែល​ប្រិយមិត្ត​អាច​លេង​បាន​ដោយ​ស៊េរី​នៅ​លើ​ប្រព័ន្ធ​ដំណើការណ៍ Android។

ជុំវិញ​ការ​ផលិត​ហ្គេម​ដោយ​យក​លំនាំ​តាម Temple Run លោក​បញ្ជាក់​ថា ​នេះ​គ្រាន់​តែ​ជា​គម្រោង​សាកល្បង​មួយ​ ដើម្បី​ឲ្យ​និស្សិត​អាច​សិក្សា​ស្វែង​យល់​ក្នុង​ការ​ផលិត​ហ្គេម ខណៈ​ដែល​ពួកគេ​កំពុង​សិក្សា​ជំនាញ​ផលិត​ហ្គេម​មួយ​នេះ។ លោក​ថា បើ​សិន​ជា​មាន​ការ​គាំទ្រ និង​មាន​ធនធាន​គ្រប់គ្រាន់​លោក​នឹង​បង្កើន​ហ្គេម​ថ្មី ដែល​ជា​ស្នាដៃ​ផ្ទាល់​សម្រាប់​ដាក់​ឲ្យ​លេង​កម្សាន្ត។

ទេពកុមារ ជាប្រភេទ​ហ្គេម​កម្សាន្ត ដែល​តម្រូវ​ឲ្យ​អ្នក​កម្សាន្ត​រត់​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន ដោយ​មាន​វគ្គ​កម្សាន្ត​ជា​ច្រើន​ដូចជា​ក្នុង​ព្រៃ, តាម​វាលស្រែ និង​ក្នុង​ប្រាសាទ​ជា​ដើម ដោយ​អ្នក​កម្សាន្ត​អាច​ជ្រើសរើស​តួ​អង្គ​ពីរ​មាន​តួ​ទេព​កុមារ​ស្រី និង​តួ​ទេព​កុមារ​ប្រុស។

យ៉ាង​ណា លោក សូហៀង បាន​បញ្ជាក់​ថា ទេពកុមារ​នៅ​មិន​ទាន់​ធ្វើ​បាន​ល្អ​មួយ​រយ​ភាគរយ​នោះ​ទេ។ យ៉ាង​ណា លោក​នឹង​ខិតខំ​កែ​ប្រែ​ចំណុច​ខ្វះខាត​បន្ថែម​ទៀត​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខ។

អត្ថបទ៖ ប៊ុណ្ណារ៉ា