Breaking News
Loading...
Wednesday, September 18, 2013

តុលាការ សម្រេច​ ឃុំខ្លួន អ្នកបើក រថយន្ដកុងតឺន័រ ក្រុមហ៊ុន NCT ក្រឡាប់ពេលចុះ ពីលើស្ពាន ព្រះមុនីវង្ស ដាក់ពន្ធនាគារ​


ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលា ដំបូង រាជធានីភ្នំពេញ លោក កោ វណ្ឌី នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ បានសម្រេចឃុំខ្លួន អ្នកបើករថយន្ដកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់ ពេល ចុះពីលើស្ពាន ព្រះមុនីវង្សថ្មីតាមបណ្ដោយ ផ្លូវជាតិលេខ ១ ដាក់ពន្ធនាគារជាបណ្ដោះ អាសន្ន ដោយសារតែគ្រោះថ្នាក់ចរាចរណ៍  នេះបង្កឱ្យអ្នកដទៃរងរបួស និងពិការទៀតផង ។

យោងតាមដីកា បង្គាប់ឱ្យឃុំខ្លួនរបស់ លោកចៅក្រម កោ វណ្ឌី នៅថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៣ បានបញ្ជាទៅសមត្ថកិច្ច ឱ្យនាំខ្លួនឈ្មោះ អ៊ុច តោ ហៅ ធី អាយុ២១ ឆ្នាំ មុខរបរ បើកបររថយន្ដ កើតនៅភូមិ លំទុំពួង ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្ដកំពត ហើយបច្ចុប្បន្ន ស្នាក់នៅការ៉ាស់ ចំការព្រីង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។

លោកចៅក្រម បានបញ្ជាក់នៅក្នុងដីកា ថា ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ បើកបរបង្កឱ្យអ្នកដទៃរបួស បណ្ដាលឱ្យពិការអចិន្ដ្រៃយ៍ ដោយអចេតនា ប្រព្រឹត្ដនៅចំណុចសួនច្បារខាងកើត ស្ពាន ព្រះមុនីវង្សថ្មី ស្ថិតនៅលើផ្លូវជាតិលេខ ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ កាល ពីថ្ងៃទី១៣ ខែកញ្ញា តាមមាត្រា ៨១ នៃ ច្បាប់ស្ដីពីចរាចរផ្លូវគោក ។ ការសម្រេចឃុំខ្លួន របស់ចៅក្រមស៊ើបសួរអមសាលាដំបូង រាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើង ក្រោយពីកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនអ្នកបើករថយន្ដ រូបនេះ ទៅកាន់តុលាការ ក្រោយគ្រោះថ្នាក់ ចរាចរនេះ ។

សូមបញ្ជាក់ថា រថយន្ដកុងតឺន័រមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ក-០៦៤២ ភព៣ ដែលជារបស់ ក្រុមហ៊ុន NCT បានបង្កគ្រោះ ថ្នាក់ដោយសារតែបញ្ហាដាច់ហ្វ្រាំង ហើយ អ្នកបើករថយន្ដបានបួងចង្កូត ទៅបុកខឿន សួនច្បារ នៅត្រើយខាងកើតស្ពានព្រះមុនីវង្សថ្មី ហើយក៏ក្រឡាប់កិនម៉ូតូកង់បីមួយគ្រឿង ដែលកំពុង ធ្វើដំណើរនៅពីមុខ បណ្ដាលឱ្យ បុរសនិងស្ដ្រីជនជាតិចិនពីរនាក់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈ ដែលពួកគេ កំពុងជិះម៉ូតូកង់បីនោះ ។ គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៣ បណ្ដាលឱ្យមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ ស្រាល ហើយរងការខូចខាតម៉ូតូកង់បីមួយ គ្រឿង ម៉ូតូឌុប មួយគ្រឿង និងរថយន្ដវីហ្គោ មួយ គ្រឿងទៀត ។

យោងតាមប្រភព ព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសម្រួល ចរាចរ បាន និយាយថា អ្នកបើករថយន្ដកុងតឺន័រ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមាន ឈ្មោះ អ៊ុច ធី អាយុ២១ ឆ្នាំ ស្នាក់ នៅក្នុង ក្រុមហ៊ុន និងមានស្រុក កំណើត នៅស្រុកទូកមាស ខេត្ដកំពត។

បើតាមសមត្ថកិច្ច ដែលបានសាកសួរអ្នក បើករថយន្ដរូបនេះ បាននិយាយថា រូបគេ បើករថយន្ដកុងតឺន័រ ដឹកអង្ករ ចេញពីម្ដុំបែក ចាន ឆ្ពោះទៅខេត្ដកណ្ដាល ហើយពេលកំពុង ធ្វើដំណើរចុះពីលើស្ពានព្រះមុនីវង្សថ្មី ស្រាប់ តែ ជាន់ហ្វ្រាំងមិនស៊ី ពេលនោះរូបគេបាន សម្រេចចិត្ដបួងចង្កូតទៅខាងឆ្វេងឱ្យបុកខឿន សួនច្បារ ប្រសើរជាងសំដៅ និងបណ្ដោយ ទៅ មុខច្បាស់ជាបុកនិងកិនមនុស្សស្លាប់និង របួសជាច្រើននាក់ជាក់ជា មិនខាន ។ ប៉ុន្ដែ នៅពេល ដែល រូបគេបួងចង្កូតខ្លាំងពេកឱ្យ បុកខឿន សួនច្បារ ក៏រថយន្ដក្រឡាប់ ហើយ កិនទៅលើម៉ូតូកង់បីមួយគ្រឿង នៅក្បែរនោះ បណ្ដាលឱ្យជនជាតិចិនពីរនាក់ រងរបួសពីរនាក់ហើយជ្រុល ទៅប៉ះម៉ូតូឌុបមួយគ្រឿង បណ្ដាល ឱ្យបុរសនិងស្រីពីរនាក់រងរបួសផងដែរ ។

ជាមួយគ្នានេះ រថយន្ដវីហ្គោ មួយគ្រឿង ដែលកំពុងធ្វើដំណើរនៅក្បែរនោះ ក៏រងការ ខូចខាតផងដែរ ដោយ សារតែរថយន្ដកុង តឺន័រ ក្រឡាប់និងប៉ះ ប៉ុន្ដែមិនបណ្ដាលឱ្យអ្នក បើករថយន្ដវីហ្គោរងរបួសនោះទេ ។ ក្រោយកើតហេតុកម្លាំងនគរ បាល ខណ្ឌមានជ័យ និងកម្លាំងនគរបាល ចរាចរណ៍ជើងគោក បានចុះទៅ ជួយអន្ដរាគមន៍ ហើយស្ទូចយក រថយន្ដចេញ ចៀសវាងការកកស្ទះ ចរាចរលើ កំណាត់ផ្លូវជាតិលេខ១ ។ ដោយឡែក អ្នកបើករថយន្ដ ត្រូវ បាននាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការបន្ត ទៀត ៕









































ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved