កីឡាករ​​បារាំង ដើម​កំណើត​ឡាវ​ Billy Ketkeophomphone ដែល​កំពុង​លេង​នៅ​ក្លិប​ក្នុង​លីក​លំដាប់​ទី​២​របស់​បារាំង (Ligue 2) Tours FC បាន​​បង្ហាញ​ចេតនា​ចង់​ជួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ​របស់​ខ្លួន​នៅ​​​ស៊ីហ្គេម​ នា​ប្រទេស​មីយ៉ាន់ម៉ា​​​ចុង​ឆ្នាំ​នេះ។

Billy Ketkeophomphone

​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​ចំនួន​៥ផ្សេង​គ្នា​​តាំង​ពី​ក្នុង​ឈុត​យុវជន​រហូត​ដល់​ឈុត​ធំ​រូប​នេះ ទើប​តែ​មាន​វ័យ​២៣ឆ្នាំ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​មិន​ទាន់​ហួស​អាយុ​កំណត់​នៅ​ស៊ីហ្គេម​នៅ​ឡើយ​ទេ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប Billy បាន​ចេញ​មក​ប្រកាស​ថា​ចង់​​វិល​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​ដើម​កំណើត​របស់​ខ្លួន​​វិញ​ នៅ​ក្នុង​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ប្រសិន​បើ​ត្រូវ​បាន​គ្រូ​បង្វឹក​កោះ​ហៅ​មែន​នោះ។

Billy បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឡាវ​ណាស់ ជា​ពិសេស​គឺ​នៅ​ SEA Games ​ចុង​ឆ្នាំ​នេះ។ វា​នឹង​ល្អ​​ប្រសិន​បើ​ខ្ញុំ​អាច​បង្ហាញ​សមត្ថភាព​សម្រាប់​ប្រជាជន​ឡាវ​ និង​គ្រួសារ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​រីករាយ”។

អតីត​យុវជន​ក្លិប​ Racing Paris, INF Clairefontaine និង Strasbourg រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្លិប​ Tours FC ក្នុង​រដូវ​កាល​ថ្មី​នេះ ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​៤គ្រាប់​ក្នុង​៥ប្រកួត ដែល​ធ្វើ​ឲ្យ​រូប​គេ​កំពុង​ឈរ​នៅ​លើ​គេ​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​សម្រាប់​ក្លិប ហើយ​ក៏​បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឡើង​ឈរ​លេខ​៣​ក្នុង​តារាង​ Ligue 2 ថែម​ទៀត​ផង។ អ្វី​ជា​ពិសេស​គឺ​ថ្មីៗ​នេះ មាន​ព័ត៌មាន​បញ្ជាក់​ថា Billy ទទួល​បាន​ប្រាក់​​ដល់​ទៅ​២លាន​អឺរ៉ូ ឬ​ប្រហែល​៨០លាន​បាត​ ក្នុង​កិច្ច​សន្យា​២ឆ្នាំ​នៅ​ក្លិប​នេះ។

Billy (ខៀវ)

Billy Ketkeophomphone បាន​ចាប់​ផ្ដើម​លេង​បាល់​ក្នុង​ឈុត​យុវជន​នៃ​ក្លិប Racing Club de France ឬ Racing Paris មុន​ចូល​លេង​ឲ្យ​​សាលា​បាល់ទាត់ INF Clairefontaine នៅ​ឆ្នាំ​២០០៦។ មួយ​ឆ្នាំ​បន្ទាប់ ពោល​គឺ​​ឆ្នាំ​២០០៧ រូប​គេ​បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លិប Strasbourg ទាំង​ឈុត​យុវជន​ និង​ឈុត​ធំ (២០០៩) មុន​ផ្លាស់​ទៅ​ក្លិប FC Sion របស់​ស្វីស នៅ​​ឆ្នាំ​២០១១ មុន​ផ្លាស់​មក​បារាំង​វិញ​នៅ​ឆ្នាំ​២០១២ ក្នុង​ក្លិប Tours FC រហូត​ដល់​ពេល​នេះ​តែ​ម្ដង។

ចាំ​មើល​មើល៍ ថា​តើ​កីឡាករ​លេង​នៅ​បារាំង​តែ​មាន​ចិត្ត​ចង់​ជួយ​ជម្រើស​ជាតិ​​​ដើម​កំណើត​ខ្លួន​​រូប​នេះ អាច​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ដូច​ការ​ប្រាថ្នា​បាន​ដែរ​ឬ​ទេ? បើ​បាន​មែន តើ​រូប​គេ​នឹង​ជួយ​ឡាវ​បាន​កម្រិត​ណា​ដែរ?

ចង់​ដឹង​ Billy មាន​សមត្ថភាព​ និង​ជំនាញ​យ៉ាង​ណា​នោះ សូម​​ចុចទី​នេះ​ដើម្បី​មើល​វីដេអូ

ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ goal thailand