ថ្មីៗនេះ​លេច​មុខ​អ្នក​ប្រដាល់​អតីតជើង​ខ្លាំង​​មួយ​រូប​កាល​ពី​ជាង​ ១០ ឆ្នាំ​មុន​គឺ ធន់ សុភា ​ក្នុង​ឯកសណ្ឋាន​​​ជា​​សន្តិសុខ​ នៅ​ក្លិប​កម្សាន្ត​រាត្រី​​ មួយ​កន្លែង​ក្បែ​រ​ក្រសួង​ទេសចរណ៍​ចាស់ ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​​ក្រុម​អ្នក​តាម​​ដាន​ប្រដាល់​ភ្ញាក់​ផ្អើល​ ហើយ​គិតថា​​​ក្រែង​​ ធន់ សុភា មាន​អាជីព​​បន្ថែម​ថ្មី ឬ​យ៉ាង​ណា​?

ធន់ សុភា កាល​ធ្វើ​ជា​សន្ដិសុខ​នៅ​ក្លិប​កម្សាន្ត

ទាក់ទិន​នឹង​បញ្ហា​នេះ សាមី ខ្លួន​បាន​ប្រាប់យើងខ្ញុំ​ថា​ គាត់​​​មិន​បាន​​​ប្រកប​អាជីព​ជា សន្តិសុខ នៅ​ក្លិប​នោះ​ទេ។ ប៉ុន្ដែ​យូៗ ម្ដងៗ បុរស​វ័យ ៣២ ឆ្នាំ​រូប​នេះ​តែង​តែ​​​ឆ្លៀត​ទៅ​ជួយ​ការងារ​ មិត្ត​ដែល​ជា​មេ​សន្តិសុខ​នៅ​ក្លិប​កម្សាន្ត​មួយ​នោះ។ ធន់ សុភា បន្ថែម​ថា៖ “ខ្ញុំ​មិន​សូវ​មាន​ពេល​ធ្វើការ​ការងារ​នៅ​ទីនោះ​ទេ (ក្លិប​កម្សាន្ត​រាត្រី) ព្រោះ​ខ្ញុំ​ជាប់​បង្ហាត់​សិស្ស​ផង និង ធ្វើ​ជា​​អាជ្ញាកណ្ដាល​​នៅ​សង្វៀន​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​មួយ​ចំនួនផង​”។

សព្វ​ថ្ងៃ បុរស​ដែល​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​ជាង ១០០ ដង​រូប​នេះ​ ជា​​ជំនួយ​ការ​​គ្រូ​​​បង្ហាត់​​ប្រដាល់ ឈិត សារឹម ​គ្រូ​បង្វឹក​ប្រចាំ​ក្លិប​​ប្រដាល់​ក្រសួងការពារជាតិ ដែល​មាន​កូន​សិស្ស​ហ្វឹកហាត់​រួម​គ្នា​ប្រមាណ​ជា ៣០ ទៅ ៤០ នាក់។

ធន់ សុភា ចំណាយ​ពេល​ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់ ព្រហស្បតិ៍ រៀង​រាល់​សប្ដាហ៍​ ពេល​ព្រឹក​ម៉ោង ៦ ដល់ ៨ ព្រឹក និង ម៉ោង ២ : ៣០ នាទី​ថ្ងៃ​ត្រង់ ដល់ ៥ ល្ងាច ដើម្បី​បង្ហាត់​ក្មេង​ជំនាន់​ក្រោយ ក្រោម​បង្គាប់។ ចំណែក​​ថ្ងៃ​សុក្រ ដល់ អាទិត្យ វិញ ធន់ សុភា ធ្វើ​ជា​អាជ្ញាកណ្ដាល​ប្រចាំ​​សង្វៀន​ប្រដាល់​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ដូចជា My TV, បាយ័ន និង ប៉ុស្តិ៍​លេខ ៥ ជាដើម។

ត្រួសៗ អតីត​អ្នក​ប្រដាល់​មាន​កំណើត​នៅ អ្នកលឿង ធ្លាប់​ដណ្ដើម​បាន​​ខ្សែ​ក្រវាត់​ធំ​ក្នុង​ស្រុក​មួយ​ចំនួន​ដូចជា ​​​ខ្សែ​ក្រវាត់​ភេសជ្ជៈ​ ឡូ​ម៉ា ​នៅ​ប៉ុស្តិ៍​លេខ​៣​ ​នា​ឆ្នាំ​​២០០០ ឆ្នាំ​ ហើយ​នេះ​ជា​ខ្សែ​ក្រវាត់​ដំបូង​ដែល​គេ​ទទួល​បាន។ ក្រោយ​មក​ទៀត​នៅ​ឆ្នាំ ២០០៣ ដណ្ដើម​បាន​ឈ្នះ​​​ខ្សែ​ក្រវាត់​ស៊ីម៉ង់​ដំរី នៅ​ប៉ុស្តិ៍​លេខ​៥​ និង ខ្សែ​ក្រវាត់​​​នៅ​​ប៉ុស្តិ៍​ស៊ីធីអិន ក្រោយ​​យក​ឈ្នះ​ជើង​ខ្លាំង​ជា​ច្រើន​នាក់​រួម​មាន​​ វ៉ន វីវ៉ា និង​មាស ចន្ថា ជា​ដើម។

ព័ត៌មាន​លំអិត​បន្ថែម​ពី ធន់ សុភា សូម​ចុចទីនេះ…

អត្ថបទ៖ ម៉ឺន រស្មី