ភាព​មិន​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ចុង​ក្រោយ​នេះ គឺ​ជា​កំណត់ត្រា​​នៃ​ការ​ចាប់​ផ្ដើម​ដ៏​អាក្រក់​បំផុត​មួយ​​របស់​ក្រុម​តោ​ខៀវ​ Chelsea ក្នុង​សម័យ​កាន់កាប់​របស់​មហា​សេដ្ឋី​ Roman Abramovich។

ការ​ចាញ់​ Basel ២-១ នៅ​លើ​ដី​ខ្លួនឯង​ក្នុង​ថ្ងៃ​បើក​ឆាក​ Champions League, ការ​ចាញ់ Everton ១-០ នៅ Premier League (BPL), ការ​ចាញ់ Bayern Munich នៅ​ UEFA Super Cup និង​ការ​ស្មើ​ Manchester United ០-០ នៅ BPL កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា​កន្លង​មក គឺ​ជា​លទ្ធផល​៤ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​លោក Jose Mourinho។ លទ្ធផល​ឈ្នះ​ចុង​ក្រោយ​របស់​ក្រុម​នេះ គឺ​ទល់​នឹង Aston Villa ២-១ នៅ BPL កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ២០១៣។

Mourinho ស្រែក​បញ្ជា​កូន​ក្រុម​ទាំង​តឹង​ចិត្ត

ការ​លេង​៤ប្រកួត​ដោយ​មិន​ឈ្នះ​សោះ​នេះ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​រំពឹង​ថា​ដូច្នេះ​នោះ​ទេ សម្រាប់​ការ​វិល​ត្រលប់​មក​វិញ​អ្នក​អ្នក​ចាត់ការ​ដែល​គេ​ហៅ​ថា​ជា Special One នោះ។ តើ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​​តោ​ខៀវ​ដុនដាប​បែប​នេះ?

អតីត​កីឡាករ​អង់គ្លេស Jamie Redknapp ដែល​ជា​អ្នក​វិភាគបាល់ទាត់​​នៅ​ប៉ុស្តិ៍ Sky Sports ធ្លាប់​លើក​ឡើង​ថា​បញ្ហា​របស់ Chelsea គឺ​ដោយ​សារ​ការ​ទិញ​កីឡាករ​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​​មិន​មាន​តុល្យភាព​កីឡាករ។

លោក Rafael Benitez ធ្លាប់​កត់​សម្គាល់​ឃើញ​បែប​នេះ​ដែរ ​ប៉ុន្តែ​កាល​នោះ​លោក​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ដែល​គ្មាន​ទឹក​មាត់​ប្រៃ ដូច្នេះ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។ ចំណែក​ការ​មក​ដល់​របស់ Mourinho ​ត្រូវ​បាន​គេ​​សង្កេត​ឃើញ​ថា​លោក​បរាជ័យ​ក្នុង​ការ​រក​ចំណុច​ខ្សោយ​ពិត​ប្រាកដ​របស់​ក្រុម។ អ្នក​មើល​បាល់​ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា​ក្រុម​នេះ​ហូរហៀ​ទៅ​ដោយ​ខ្សែ​បម្រើ​​កណ្ដាល ប៉ុន្តែ​អ្នក​វិភាគ​បាន​អះអាង​ថា Chelsea មិន​បាន​ពង្រឹង​នៅ​តំបន់​កណ្ដាល​​ឲ្យ​ខ្លាំង​នោះ​ទេ និយាយ​ឲ្យ​ចំ​គឺ​​មិន​បាន​ទិញ​កីឡាករ​បម្រើ​កណ្ដាល​ដែល​អ្នក​ចាត់ការ​ប្រើ​ប្រាស់​ត្រូវ​ បើ​ទោះ​បី​ជា​ទិញ Marco van Gingel មួយ​ហើយ​ក៏​ពិត​មែន។

Marco van Gingel

ត្រលប់​ទៅ​ស្ដាប់​ការ​វិភាគ​របស់ Jamie Carragher នៅ​ Sky Sports វិញ​ក៏​ស្រដៀង​គ្នា​នេះ​ដែរ។ អតីត​កីឡាករ​ Liverpool រូប​នេះ​បាន​និយាយ​ថា៖ “ទោះ​បី​ជា​អ្នក​មាន​កីឡាករ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​មិន​មាន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​​កំពូល​ម្នាក់​នោះ​ទេ ​ក្រុម​នឹង​បរាជ័យ។ នៅ​ខណៈ​នេះ គឺ​ប្រៀប​ដូច​ជា​ក្រុម​បាត់បង់​កីឡាករ​ម្នាក់​ទាំង​មិន​ទាន់​ចាប់​ផ្ដើម​ប្រកួត​អញ្ចឹង”។

អ្វី​គួរ​ឲ្យ​កត់​សម្គាល់ គឺ​លោក Mourinho បរាជ័យ​ក្នុង​ការ​ទិញ Wayne Rooney ដោយ​ជំនួស​វិញ​នូវ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Samuel Eto’o។ សំនួរ​មួយ​បាន​លើក​ឡើង​ថា​តើ Chelsea ពិត​ជា​ចាំ​បាច់​ត្រូវ​ការ​ Willian ដែរ​ឬ​ទេ? អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ដណ្ដើម​ទិញ Willian រហូត​ទាល់​តែ​ឈ្នះ​ Spurs ប៉ុន្តែ​ក្រោយ​ទិញ​បាន​ហើយ ​ក្លិប​នេះ​បាន​បាត់បង់ Victor Moses និង Romelu Lukaku ទៅ​ឲ្យ​ក្លិប​ដទៃ​ខ្ចី​ជើង​ទៅ​វិញ។ ការ​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​បាន Eto’s និង Willian ពី Anzhi Makhachkala គួរ​តែ​ត្រូវ​ប្រើ​ដើម្បី​ទិញ​កីឡាករ​មក​ពង្រឹង​ចំណុច​ខ្សោយ។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី Willian ក្រោយ​ចាញ់ Basel លោក Mourinho បាន​និយាយ​យ៉ាង​ខ្លី​​ថា៖ “ខ្ញុំ​គិត​ថា​នេះ​មិន​មែន​ជា​ពេល​ត្រូវ​និយាយ​ពី​ទម្រង់​លេង​របស់​កីឡាករ​ម្នាក់ៗ​នោះ​ទេ”។ ចំណែក​រឿង Eto’o វិញ លោក​និយាយ​ដែរ​ថា៖ “ប្រហែល​គាត់​ខ្វះ​​ភាព​មុតស្រួច ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​នៅ​កន្លែង​ដែល​គ្មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ទៅ​២ឆ្នាំ​កន្លះ ប្រហែល​អ្នក​អាច​បាត់បង់​ភាព​ដើម​របស់​អ្នក (សំដៅ​លើ​ពេល Eto’o លេង​នៅ​រុស្សី)។ ភាព​មុត​ស្រួច និង​បច្ចេកទេស​ស៊ុត​បញ្ចូល​ទី ប្រហែល​ជា​ត្រូវ​ការ​ពេល​បន្ថែម​ទៀត ប៉ុន្តែ​គាត់​​គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់”។

Willian

ដោយ​សារ​តែ​ប្រឹង​ធ្វើ​ឲ្យ Eto’o មុត​ស្រួច​ឡើង​វិញ​នេះ​ហើយ ទើប Mourinho បាន​ដាក់ Eto’o ឲ្យ​លេង​ពេញ​ ១៨០នាទី​ក្នុង​២​ប្រកួត​ ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​២នាក់​ទៀត​មិន​សូវ​បាន​លេង (Ba លេង​បាន​តែ​១៤នាទី ឯ Torres លេង​បាន​​តែ​២១នាទី)។

​​​​សរុប​មក​វិញ ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ក្រុម​នេះ​សុទ្ធ​តែ​មិន​ទាន់​រក​គ្រាប់​ទី​១របស់​ខ្លួន​បាន ​ទាំង Eto’o, Torres និង Ba។ ទាំង​៣នាក់​អាច​ស៊ុត​ចំ​គោលដៅ​នៅ BPL តែ​៤ដង​ប៉ុណ្ណោះ ខណៈ Torres មិន​ទាន់​ស៊ុត​ចំ​គោលដៅ​នោះ​ឡើយ​ក្នុង ​១២៦នាទី​ចុង​ក្រោយ។

Eto’o

អ្វី​ដែល​គ្រប់​គ្នា​ឆ្ងល់​មួយ​ទៀត គឺ​ការ​មិន​សូវ​បាន​លេង​របស់ Juan Mata។ កីឡាករ​អេស្ប៉ាញ​ដែល​ស៊ុត​បាន​២១គ្រាប់​រដូវ​កាល​មុន​នេះ អាច​ប្ដូរ​ចូល​លេង​បាន​៣ប្រកួត ដែល​ចុង​ក្រោយ​លេង​បាន​២៣នាទី​ពេល​ប៉ះ Basel។ ក្រុម​អ្នក​វិភាគ​កីឡាករ និង​ក្រុម​អ្នក​គាំទ្រ សុទ្ធ​តែ​បង្ហាញ​ចម្ងល់​ថា​ហេតុអ្វី​ Mourinho មិន​ដាក់ Mata ឲ្យ​លេង។ កីឡាករ​នាំ​លេង (playmaker) ដែល​អ្នក​ចាត់ការ​វ័យ​៥០ឆ្នាំ​នេះ​ទុក​ចិត្ត គឺ Oscar។

Mata

ខាង​ក្រោម​នេះ​ជា​លទ្ធផល​៤ប្រកួត​ចុង​ក្រោយ​របស់ Chelsea  ដែល​ត្រូវ​បាន​គេ​ចា​ត់​ទុក​ថា​ជា​​កំណត់ត្រា​នៃ​​ការ​ចាប់​ផ្ដើម​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​សម័យ​របស់​មហា​សេដ្ឋី​រុស្សី Roman Abramovich ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០០៣​ មក។

នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ខ្លះៗ​ថា​តើ​​ហេតុអ្វី​បាន​ជា​ Chelsea ធ្លាក់​ទម្រង់​លេង​ដល់​ថ្នាក់​នេះ។ ចុះ​ចំណែក​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ? ចូល​រួម​ចែក​រំលែក​ការ​យល់​ឃើញ​របស់​ប្រិយមិត្ត​ក្នុង​ប្រអប់ comment ខាង​ក្រោម៕

សេដ្ឋី​ប្រេង Abramovich ដើរ​ចេញ​ទាំង​មិន​សប្បាយ​ចិត្ត