​អ្នក​បុរាណវិទ្យា​​មក​ពី​​​ប្រទេស​អូស្ត្រាលី​បាន​រក​ឃើញ​របក​គំហើញ​ថ្មី​មួយ​ គួរឲ្យ​ភ្ញាក់ផ្អើល​​នៅ​​ទីតាំង​​​អតីត​រាជធានី​អង្គរ​ ​មាន​ទំហំ​ធំជាង​អ្វី​ដែល​អ្នក​​ប្រវត្តិសាស្ត្រ​ជាច្រើន​ធ្លាប់​គិត​ទៅទៀត។ ​​

ប្រាសាទ​អង្គរវត្ត​ថត​ពី​លើ​អាកាស​

តាម​រយៈ​ការ​​ប្រើប្រាស់​​បច្ចេកវិទ្យា​ឡាស៊ែរ​ដែល​​​ជា​បច្ចេកវិទ្យា​​ទំនើប​ក្នុង​ការ​ស្រាវជ្រាវ​​​លើ​ទីតាំង​ប្រាសាទ​អង្គរវត្ត​ដែល​ជា​រាជធានី​​​ដ៏​ល្បីល្បាញ​​បំផុត​​​របស់​កម្ពុជា​កាល​ពី​សតវត្ស​ទី​១៣​​ អ្នក​បុរាណវិទ្យា​ខាងលើ​បាន​បញ្ជាក់​ថា អតីត​រាជធានី​​មួយ​នេះ មាន​ភាព​អាថ៌កំបាំង​​គួរឲ្យ​ភ្ញាក់ផ្អើល​ ដែល​វា​ផ្ទុយ​ទៅ​នឹង​​ការ​អះអាង​​របស់​អ្នក​​បុរាណវិទ្យា​មួយ​ចំនួន​ដែល​ធ្លាប់​បាន​សិក្សា​លើ​រាជធានី​នេះ​អស់​រយៈ ពេល​ជា​ច្រើន​ទសវត្ស​កន្លងមក។

​បេសកកម្ម​ស្រាវជ្រាវ​នេះ​​ ដឹកនាំ​ដោយ​​អ្នក​បុរាណវិទ្យា​លោក​​ Damian Evans មក​ពី​សាកលវិទ្យាល័យ ស៊ីដនី ប្រទេស​អូស្ត្រាលី ក្រុមការងារ​របស់​លោក​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កាំរស្មីឡាស៊ែរ​ដ៏​ទំនើប​​ (LiDAR) តាម​រយៈ​ឧទ្ធម្ភាគចក្រ​សម្រាប់​​​ស្កេន​ចាប់​យក​​ទីតាំង​​នៅ​ខាង​ក្រោម​ព្រៃឈើ​ក្រាស់ៗ​​ព័ទ្ធជុំវិញ​ប្រាសាទ​អង្គរវត្ត ហើយ​វា​​បាន​បង្ហាញ​ពី​របកគំហើញ​ថ្មី​គួរឲ្យ​កត់​សម្គាល់​​លើ​អតីត​រាជធានី​នេះ។

តាម​ការ​អះអាង​របស់​អ្នក​បុរាណវិទ្យា​ខាងលើ​ ក្រុម​របស់​លោក​បាន​រក​ឃើញ​​ថា ​​ទីក្រុង​មួយ​នេះ​មាន​ទំហំ​រហូត​ដល់​​ ៣៥​គីឡូ​ម៉ែត្រការ៉េ​ឯណោះ ពោល​គឺ​មិន​មែន​មាន​ទំហំ​ត្រឹមតែ ​៩​គីឡូ​ម៉ែត្រការ៉េ​ដូច​​ផែនទី​ដែល​បាន​ធ្វើឡើង​​ដោយ​អ្នក​ស្រាវជ្រាវ​ពី​មុន​មក​​​នោះ​ឡើយ។

លោក​បាន​បន្ត​ថា អតីត​រាជធានី​អង្គរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា  ជា​ទីក្រុង​ដ៏​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ទីក្រុង​បុរាណ​ផ្សេងៗ​ទៀត​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ គូរ​ទឹក​ ឬ ជញ្ជាំង​ថ្ម។  ប៉ុន្តែ​​ តាម​ការ​រក​ឃើញ​របស់​លោក​ ​ទីក្រុង​មួយ​នេះ​​មាន​ទំហំ​ហួស​ពី​ទីតាំង​គូរ​ទឹក​ទៅ​ទៀត

តាម​រយៈ​លទ្ធផល​ស្រាវជ្រាវ​​ទាំងនេះ​ បាន​បង្ហាញ​ថា ទីក្រុង​​បុរាណ​មួយ​នេះ​​អាច​​មាន​សមត្ថភាព​ចំណុះ​ប្រជាជន​រហូត​ដល់ ៧៥០,០០០​នាក់​ទៅ​ ១លាន​នាក់ ​លើ​ផ្ទៃដី​ ៣៥​គីឡូ​ម៉ែត្រការ៉េ​​​ ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​ទៅ​នឹង​ទីក្រុង​ញីវយ៉ក​កាល​ពី​សតវត្ស​ទី​៩។​

ប្រាសាទ​អង្គរវត្ត​ថត​ពី​លើ​អាកាស​

ចំណុច​ដែល​គួរឲ្យ​កត់​សម្គាល់​មួយ​ទៀត​​ដែល​ទទួល​បាន​ពី​លទ្ធផល​ស្រាវជ្រាវ​ខាងលើ​នោះ​គឺ​ថា ទីក្រុង​អង្គរ ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​មាន​របៀបរៀបរយ​បំផុត។ផ្លូវ​នីមួយៗ​ត្រូវ​បាន​សាងសង់​​ឡើង​ដូច​ក្រឡាចត្រង្គ​ ដោយ​ខណ្ឌ​ចែក​លំនៅឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​​​ប្លុក ហើយ​ប្លុក​នីមួយៗ​មាន​ប្រវែង​១០០​ម៉ែត្រ​ការ៉េ។ ក្នុង​មួយ​ប្លុកៗ​មាន​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​​៤​គ្រួសារ និង​មាន​ស្រះទឹក​ចំនួន​៤ ស្ថិត​នៅ​​ជ្រុង​ឦសាន​នៃ​លំនៅឋាន​របស់​ពួកគេ។ លំនៅ​ឋាន​ រួម​ទាំង​ផ្លូវថ្នល់​ត្រូវ​បាន​សង់​ឡើង​​ក្នុង​កម្ពស់​ដ៏​ខ្ពស់​មួយ ដែល​ជា​ប្រការ​ដ៏​ល្អ​បំផុត​​ដើម្បី​គេច​ផុត​ពី​ទឹក​ជំនន់​នៅ​រដូវវស្សា។​​​​​​​​​

​ការ​ស្រាវជ្រាវ​​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ អ្នក​បុរាណវិទ្យា​ខាងលើ​បាន​យល់​ឃើញ​ថា វា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក​ឃើញ​ឲ្យ​​កាន់តែ​ច្បាស់​ពី​​ភាព​អាថ៌កំបាំង​ជាច្រើន​ជុំវិញ​អតីត​ទីក្រុង​ដ៏​ល្បីល្បាញ​មួយ​នេះ ថា​តើ​វា​​បាន​បាត់​ខ្លួន​ទៅ​វិញ​ដោយ​របៀប​ណា?

បើ​ផ្អែក​តាម​​សៀវភៅ​ស្ដីពី​ប្រាសាទ​អង្គរវត្ត ​ដែល​និពន្ធ​ដោយ​លោក​Michael Coe អ្នក​បុរាណវិទ្យា​អាមេរិក​​វិញ បាន​​សរសេរ​ថា ចំនួន​ប្រជាជន​ដ៏ច្រើន​ អាច​ជា​មូលហេតុ​​មួយ​ធ្វើ​ឲ្យ​រាជធានី​ខ្មែរ​ផ្លាស់​ទៅ​ទីកន្លែង​ផ្សេង​ទៀត​ក្នុង​កំឡុង​សតវត្ស​ទី​១៤។ ​​​​លោក​បាន​អះអាង​ទៀត​ថា  ការ​ប្រើប្រាស់​ដី​ហួស​កំណត់ ឬ​ប្រហែល​ជា​ការ​សឹករិចរិល​នៃ​ផ្ទៃដី​ដាំដុះ និង​​ការ​ខូចខាត​ប្រព័ន្ធ​ធារាសាស្ត្រ គឺ​ជា​លទ្ធផល​​​​កើត​ចេញ​ពី​ចំនួន​ប្រជាជន​ដ៏​ច្រើន​លើសលប់​នៅ​ក្នុង​រាជធានី​មួយ​​នេះ។

ជុំវិញ​ករណី​នេះ​លោក Damian Evans បាន​មាន​ប្រសាសន៍​ដែរ​ថា ទីក្រុង​អង្គរ​មាន​ចំនួន​ប្រជាជន​ច្រើន ដូច្នេះ​វា​ច្បាស់​ណាស់​ថា ផ្ទៃដី​កសិកម្ម​គឺ​មិន​អាច​ផ្គត់ផ្គង់​ដល់​​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់​នេះ​បាន​ទេ។ ដូច្នេះ ​ការ​លើកឡើង​របស់​​អ្នក​បុរាណវិទ្យា​រួប​នេះ​ហាក់​បីដូច​ជា​ស៊ីគ្នា​ទៅ​នឹង​ការ​អះអាង​របស់​អ្នក​បុរាណវិទ្យា​អាមេរិក ខាងលើ​ដែរ៕