Breaking News
Loading...
Friday, September 27, 2013

គ្រោះ​ថ្នាក់​ចរា​ចរណ៍ ២​​លើក ​ក្នុង​យប់​តែ​មួយ​នៅ​ក្នុង​ខណ្ឌ​ដង្កោ ​របួស​ធ្ងន់​ស្រាល ​៥​នាក់ ​


រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានរងរបួសជើង ឆ្វេងដាច់រយះសាច់ចេញឆ្អឹងសឆ្ញាច គួរឲ្យញាក់សាច់ ត្រូវគេបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ និងមនុស្ស ៥នាក់ទៀត រងរបួសស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤៥នាទី ល្ងាចថ្ងៃទី២៦ កញ្ញា ២០១៣ នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានឲ្យដឹងថា ម៉ូតូម៉ាកគុបជ្រុង ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព.4560 ភព1 ជិះគ្នា ៣នាក់ បើកបរដោយបុរសម្នាក់ឈ្មោះ តូនី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកបរក្នុងស្ថានភាពស្រវឹងស្រា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូគុបជ្រុង ១គ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AT-5851 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយយុវជនឈ្មោះ រ័ត្ន ប៉ូឡែន អាយុ ១៨ឆ្នាំ និងមានឌុបក្មេងប្រុសរងគ្រោះឈ្មោះ នាក់ ដារ៉ាវុធចន អាយុ ១៥ឆ្នាំ ពួកគេមានទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ បណ្ដាលឲ្យម៉ូតូទាំង ២គ្រឿង ដួលគរលើគ្នា ហើយក្មេងប្រុសម្នាក់រងរបួសធ្ងន់ធ្ងរ ចំណែក ៥នាក់ទៀត របួសស្រាល ។

ដោយឡែក កាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃដដែលនេះ មានបុរសម្នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១០០ ស៊េរីចាស់គ្មានស្លាកលេខ ១គ្រឿង បើកដួលខ្លួនឯងនៅត្រង់ចំណុចមុខសាលាបឋមសិក្សាព្រៃវែង លើកំណាត់ផ្លូវព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ បណ្តាលឲ្យរបួសសន្លប់ឈឹង ដែលគេសង្ស័យថា បុរសនោះ ស្រវឹងស្រា ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បុរសនោះឈ្មោះ ពេជ្រ សំបឿន អាយុជាង ៣០ឆ្នាំ មានទីលំនៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ក្រោយពេលគេលើកបុរសរងគ្រោះដាក់រថយន្តយកទៅកាន់មន្ទីរពេទ្យ ស្រាប់តែបុរសនោះ ដឹងខ្លួនឡើងវិញ ហើយបានបម្រុងចុះចេញលើពីរថយន្តសង្គ្រោះ តែត្រូវក្រុមសង្គ្រោះមិនព្រមឲ្យចុះ និងបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។ ពេលទៅដល់មន្ទីរពេទ្យបង្អែក បុរសរូបនេះ បានស្រែកឡូឡារករឿងក្រុមគ្រូពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជំងឺពេញពេទ្យ លុះក្រោយមកទើបក្រុមគ្រួសាររបស់គាត់ មកទទួលយកទៅផ្ទះវិញ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved